ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថា របបអាហារមានឥទ្ធិពលលើសុខភាពរាងកាយគួរឱ្យកត់សម្គាល់។ ប្រសិនបើអ្នកចាប់ផ្ដើមតមអាហារដើម្បីសម្រកទម្ងន់ ប៉ុន្តែអាការៈមួយចំនួនលេចឡើងចំពោះរាងកាយចូរបញ្ឈប់ទង្វើនេះភ្លាមដោយវាអាចបង្កគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈមួយចំនួនដែលលេចឡើងនៅពេលរបបអាហារកំពុងបង្កគ្រោះថ្នាក់ដល់សុខភាព ៖
១. បញ្ហាមាត់ធ្មេញ
ឈឺមាត់, ឈាមអញ្ចាញ, រង្គើជ្រុះធ្មេញ និងរលាកអញ្ចាញធ្មេញ គឺជាអាការៈគួរឱ្យកត់សម្គាល់ដែលបញ្ចាក់ថាអ្នកចាំបាច់គួរដល់ពេលផ្លាស់ប្ដូររបបអាហារហើយ។ របបអាហារមានជាតិស្ករខ្ពស់អាចបង្កផលប៉ះពាល់ដល់សុខភាពមាត់ធ្មេញគួរឱ្យបារម្ភ។ ដូច្នេះដើម្បីជាការប្រសើរ ចូរកម្រិតការទទួលទានអាហារនិងភេសជ្ជៈដែលមានផ្ទុកជាតិស្ករខ្ពស់។ កុំភ្លេចរួមបញ្ចូលអាហារសម្បូរវីតាមីន C ក្នុងរបបអាហារប្រចាំថ្ងៃផង ដើម្បីកាត់បន្ថយការរលាកក្នុងអញ្ចាញនិងទប់ស្កាត់បញ្ហាហូរឈាមអញ្ចាញ។
២. បញ្ហាពាក់ព័ន្ធនឹងពោះវៀន
ប្រសិនបើអ្នកមានរបបអាហារគ្មានសុខភាពល្អ ពោះវៀននឹងបញ្ចេញអាការៈឱ្យដឹងភ្លាម។ អ្នកចាំបាច់ត្រូវដឹងផងដែរថា ពោះវៀន គឺជាសរីរាង្គសំខាន់បំផុតមួយដែលអ័រម៉ូនជាច្រើនត្រូវបានផលិត។ ជាឧទាហរណ៍ សេរ៉ូតូនីន គឺជាអ័រម៉ូនរីករាយ គឺត្រូវបានផលិតឡើងនៅក្នុងពោះវៀនតូច។ ប្រសិនបើមានអារម្មណ៍បាក់ទឹកចិត្តនិងជួបប្រទះបញ្ហាពោះវៀន ចូរព្យាយាមគ្រប់គ្រងបរិមាណនៃជាតិស័ង្កសីដែលអ្នកទទួលទាន (វាក៏ទទួលខុសត្រូវសម្រាប់ការរំលាយអាហារបានប្រសើរផងដែរ)។ ប្រភពដ៏ប្រសើរនៃអាហារសម្បូរជាតិស័ង្កសីរួមមានគ្រឿងសមុទ្រ (ពិសេសអយស្ទ័រ) សាច់(ថ្លើមនិងសាច់គោ) ផ្សិត និងស៊ុតជាដើម។
៣. សក់ប្រែជាស្ដើង
កង្វះអាហាររូបត្ថម្ភ គឺងាយនឹងបញ្ចេញរោគសញ្ញា ឬអាការៈតាមរយៈស្ថានភាពនៃសក់និងក្រចកណាស់។ ការទទួលទានរបបអាហារមានផ្ទុកកាឡូរីទាបពេកអាចបណ្ដាលឱ្យសក់ប្រែជាផុយស្រួយ, ជ្រុះខ្លះ និងស្ដើងទៅៗ។ នៅពេលអ្នកចាប់ផ្ដើមសម្គាល់ឃើញសក់ចាប់ផ្ដើមជ្រុះ ចូរបង្កើនការទទួលទានអាហារមានផ្ទុកអាស៊ីតខ្លាញ់សុខភាពល្អ, ប្រូតេអ៊ីន, វីតាមីន C, ជាតិដែក និងស័ង្កសី។ សារធាតុចិញ្ចឹមទាំងនេះនឹងធ្វើឱ្យសក់កាន់តែរឹងមាំឡើង ព្រមទាំងទប់ស្កាត់បញ្ហាសក់ស្កូវមុនវ័យផងដែរ។
៤. កើន ឬស្រកទម្ងន់ខ្លាំងពេក
ការស្រក ឬកើនទម្ងន់ដែលមិនចង់បាន គឺជាអាការៈទូទៅបំផុតមួយនៃរបបអាហារមិនល្អ។ ការស្រកទម្ងន់អាចជាអាការៈនៃកង្វះអាហាររូបត្ថម្ភ ហើយអាការៈកើនទម្ងន់ គឺជាអាការៈដែលបណ្ដាលមកពីការញ៊ាំអាហារច្រើនលើសកម្រិតពេក ជាពិសេសអាហារគ្មានសុខភាពល្អ។ ចូរពិនិត្យរបបអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីងាយស្រួលក្នុងការកំណត់បញ្ហា ឬទៅជួបអ្នកជំនាញផ្អែកអាហាររូបត្ថម្ភដើម្បីជួយបែងចែកឫសគល់នៃបញ្ហា។ ទោះជាយ៉ាងណាការកើន ឬស្រកទម្ងន់អាចជារោគសញ្ញានៃបញ្ហាសុខភាពមួយចំនួនផងដែរ។
៥. បញ្ហាពាក់ព័ន្ធនឹងការចងចាំ
ពិបាកផ្ដោតអារម្មណ៍ ឬឆាប់ភ្លេច គឺជាអាការៈព្រមានមួយនៃរបបអាហារគ្មានអាហាររូបត្ថម្ភល្អ។ មុខងារខួរក្បាលត្រូវការអាហាររូបត្ថម្ភល្អនិងការសម្រាកគ្រប់គ្រាន់ដើម្បីដំណើរការបានប្រសើរ។ អូមេហ្កា ៣ គឺជាអាស៊ីតខ្លាញ់ដែលជួយខួរក្បាលឱ្យដំណើរការប្រក្រតីអាចប្រមូលផ្ដុំអារម្មណ៍ និងចងចាំរឿងសំខាន់ៗបានយ៉ាងប្រសើរ។ ប្រសិនបើរាងកាយជួបប្រទះកង្វះអាស៊ីតខ្លាញ់អូមេហ្កា ៣ វាចាប់ផ្ដើមស្រូបយកជាតិខ្លាញ់ trans fats កាន់តែច្រើន។ អ្នកជំនាញបានឱ្យដឹងថាខ្លាញ់ប្រភេទនេះអាចបង្កជាជំងឺបាក់ទឹកចិត្ត (Depression)។ ប្រសិនបើការបាក់ទឹកចិត្តរបស់អ្នកមានអមមកជាមួយនូវបញ្ហាពាក់ព័ន្ធនឹងការចងចាំទៀតនោះ ចូរព្យាយាមបង្កើនការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ រួមមានត្រីសម្បូរខ្លាញ់ គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជជាដើម។
ប្រសិនបើអ្នកសម្គាល់ឃើញអាការៈខាងលើលេចឡើងច្រើនជាង ២, វាដល់ពេលដែលអ្នកចាំបាច់គួរផ្លាស់ប្ដូររបបអាហារប្រចាំថ្ងៃចេញហើយ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕