របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពរាងកាយ ព្រមទាំងសម្រស់ ជាពិសេសបញ្ហាមុន។ ប្រសិនបើចង់កម្ចាត់មុនឱ្យអស់ពីស្បែកគួរធ្វើបែបណា? មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបបអាហារដែលអ្នកគួរប្រកាន់ខ្ជាប់បើចង់កម្ចាត់មុន ៖
១. តែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម epigallocatechin gallate (EGCG) ដែលមានអត្ថប្រយោជន៍ណាស់ក្នុងការកាត់បន្ថយការផលិតជាតិប្រេងលើសរបស់ស្បែក។ ជាលទ្ធផលទប់ស្កាត់កាត់បន្ថយបញ្ហាឡើងមុន។ ដើម្បីទទួលបានប្រសិទ្ធិភាពកាន់តែប្រសើរ ចូរទទួលទានតែបៃតងជាប្រចាំ និងប្រើប្រាស់វាជារូបមន្តធម្មជាតិកម្ចាត់មុន។ អ្វីដែលអ្នកត្រូវធ្វើ គឺឆុងតែបៃតង ១ កញ្ចប់តូចក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣ នាទី។ យកកញ្ចប់តែចេញនិងទុកឱ្យចុះត្រជាក់។ កាត់កញ្ចប់តែ ដើម្បីស្រងយកស្លឹកតែចេញ។ លាយស្លឹកតែជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ។ លាងសម្អាតមុខជាមួយហ្វូម រួចជូតផ្ដិតថ្នមៗដល់ស្ងួត។ លាបស្លឹកតែបៃតងទឹកឃ្មុំលើមុខ រួចទុកចោលសម្រាប់រយៈពេល ២០ នាទីសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានយ៉ាងហោចណាស់ពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍។ អ្នកក៏អាចគ្រាន់តែប្រើប្រាស់ក្រណាត់ស្អាតជ្រលក់ក្នុងតែបៃតង រួចលាបផ្ទាល់លើតំបន់ស្បែកដែលងាយកើតមុន និងទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ១០នាទី។
២. បន្លែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មអាចប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីដែលបង្កការបំផ្លាញដល់ស្បែកនិងនាំឱ្យកើតមុន។ អ្នកក៏គួរព្យាយាមរួមបញ្ចូលបន្លែប្រភេទ cruciferous រួមមានផ្កាខាត់ណា, ប្រូខូលី ឬផ្កាខាត់ណាខៀវ និងស្ពៃក្ដោបជាដើមក្នុងរបបអាហារប្រចាំថ្ងៃផង ខណៈដែលវាមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងសារធាតុចិញ្ចឹមដែលរាងកាយត្រូវការចាំបាច់សម្រាប់រក្សាបាននូវស្បែកភ្លឺរលោងមានសុខភាពល្អ។
៣. ខ្ទឹមស
ពេលខ្លះរោគមុនក៏អាចកើតឡើងដោយសារប្រតិកម្មឆ្លើយតបរបស់រាងកាយប្រឆាំងនឹងមេរោគបាក់តេរី។ ខ្ទឹមសមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរាងកាយរួមបញ្ចូលទាំងសារធាតុ allicin។ អ្នកអាចគ្រាន់តែដុសចំនិតខ្ទឹមសស្រស់ៗលើមុន ឬបុកខ្ទឹមសឱ្យម៉ដ្ឋយកទឹកខ្ទឹមសស្រស់លាបម៉ាស្សាលើមុន រួចលាងសម្អាតចេញជាមួយទឹកសម្អាតនិងសាប៊ូកម្រិតស្រាល។
៤. ត្រីសម្បូរខ្លាញ់
ដូចជាត្រីសាលម៉ុន និងត្រីសាឌីនជាដើមមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់សុខភាពល្អដូចជាអូមេហ្កា ៣ និងអូមេហ្កា ៦ ដែលទទួលខុសត្រូវសម្រាប់បន្ថយការរលាកដែលបណ្ដាលឱ្យកើតមុន។
៥. អយស្ទ័រ
អាហារមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមស័ង្កសីដែលកាត់បន្ថយការរលាក និងគ្រប់គ្រងបាក់តេរីដែលបង្កមុន។ វាក៏គ្រប់គ្រងសារធាតុ keratin និងកម្រិតនៃអ័រម៉ូនស្ត្រេសក្នុងរាងកាយផងដែរ។ កម្រិតនៃជាតិស័ង្កសីខ្ពស់ក្នុងអយស្ទ័រក៏ជួយពន្លឿនភាពជាសះស្បើយនៃរបួសផ្សេងៗគួរឱ្យកត់សម្គាល់។
៦. គ្រាប់ធញ្ញជាតិ
ក្នុងករណីខ្លះ មុនបណ្ដាលមកពីការទទួលទានអាហារសម្បូរជាតិស័ង្កសី, វីតាមីន E, ម៉ង់កាណែស និងសេលេញ៉ូម។ គ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមទាំងនេះរួមបញ្ចូលទាំងជាតិដែក, កាល់ស្យូម, ម៉ាញ៉េស្យូម, ទង់ដែង និងប៉ូតាស្យូមទៀតផង។ វាក៏ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ និងអូមេហ្កា ៦ ផងដែរ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានគ្រាប់ធញ្ញជាតិច្រើនជាងមួយក្ដាប់ដៃក្នុងមួយថ្ងៃ និងគ្រាប់ធញ្ញជាតិដែលចម្អិនជាមួយប្រេង ឬខ្លាញ់ឡើយ។
ផ្លែបឺរ
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ monounsaturated ដែលជួយរក្សាជាតិសំណើមនៃស្បែកបានយ៉ាងប្រសើរ ខណៈដែលស្នាមជ្រីវជ្រួញ ក៏ដូចជាមុនងាយនឹងលេចឡើងចំពោះស្បែកស្ងួតពេកដូចគ្នា។ លើសពីនេះទៅទៀតជាតិខ្លាញ់ monounsaturated ក៏ជួយអោយរាងកាយអាចស្រូបសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗដែលស្បែកត្រូវការបានពេញលេញផងដែរ។ វីតាមីន B នៃផ្លែបឺរក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលទប់ស្កាត់បញ្ហាមុនគួរឱ្យកត់សម្គាល់។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕