តើសីតុណ្ហភាពប៉ុន្មានទើបធម្មតា?
សីតុណ្ហភាពធម្មតាគឺប្រហែលជា ៣៧oC នៅពេលយកកំដៅតាមមាត់ និង ៣៧.៥oC នៅពេលយកកំដៅតាមរន្ធគូថ ។ គ្រូពេទ្យជាច្រើនចាត់ទុកការក្តៅខ្លួននៅពេលដែលកំដៅនៅមាត់លើសពី ៣៧.៥oC ឬកំដៅតាមរន្ធគូថលើសពី ៣៨oC ។
តើខ្ញុំគួតែយកកំដៅកូនរបស់ខ្ញុំដោយវិធីណាទៅ?
អ្នកអាចយកកំដៅដោយសុក្រិតបំផុតតាមរយៈរន្ធគូថ ។ ប៉ុន្តែចំពោះក្មេងដែលធំ អាយុលើសពី ៣ខែ វាជាការល្អទៅវិញទេក្នុងការយកកំដៅតាមមាត់ តែអ្នកអាចយកកំដៅតាមរន្ធគូថបានលុះត្រាតែមានវេជ្ជបញ្ជាពីគ្រូពេទ្យ ។ ចូរប្រើ Digital Thermometer ហើយមិនត្រូវប្រើ Mercury Thermometer ។ បារ៉ត (Mercury) គឺជាជាតិពុលហើយអ្នកក៏មិនចង់ធ្វើអោយគ្រួសាររបស់អ្នកប្រឈមមុខនឹងវាដែរ ។
• ត្រូវប្រាកដថា អ្នកបានបិតសញ្ញាទៅលើប្រដាប់វាស់កំដៅថាសំរាប់វាស់នៅរុន្ធគូថ ដូច្នេះវាមិនអាចធ្វើអោយអ្នកច្រឡំទៅប្រើក្នុងមាត់នោះទេ ។
• មុនពេលយកកំដៅកូនរបស់អ្នក ចូរសំអាតប្រដាប់វាស់កំដៅនោះនៅក្នុងទឹកក្តៅអុនៗ និងលាងសំអាតវាអោយបានស្អាតល្អជាមួយនឹងទឹកត្រជាក់ ។
• ប្រសិនបើអ្នកកំពុងតែយកកំដៅកូនរបស់អ្នកតាមមាត់ ចូររងចាំយ៉ាងហោចណាស់ ២០នាទីក្រោយពីកូនរបស់អ្នកបញ្ចប់នូវការញុំាអាហារ ឬផឹកទឹកក្តៅ ឬត្រជាក់ហើយ មុននឹងយកកំដៅ ។
• មិនត្រូវធ្វើអោយកូនរបស់អ្នកសើមខ្លួន ឬស្លៀកសំលៀកបំពាក់អោយវាតឹងពេកទេមុននឹងយកកំដៅ
• មិនត្រូវយកកំដៅភ្លាមទេក្រោយពេលដែលកូនរបស់អ្នកងូតទឹករួច
• មិនត្រូវទុកកូនរបស់អ្នកចោលទេនៅពេលដែលកំពុងវាស់កំដៅ
• ក្រោយពីអ្នកបានបញ្ចប់ការយកកំដៅហើយ ចូរសំអាតវាជាមួយនឹងអាលកុល ឬទឹកត្រជាក់ ឬទឹកសាប៊ូ ។
ការយកកំដៅក្មេងតាមរន្ធគូថ
ប្រសិនបើអ្នកកំពុងតែយកកំដៅកូនរបស់អ្នកតាមរន្ធគូថ ចូរផ្កាប់កូនរបស់អ្នកនៅលើភ្លៅ ។ ចូរលាប Vaseline នៅខាងចុងប្រដាប់វាស់កំដៅ ហើយញាត់វាចូលក្នុងរន្ធគូថពាក់កណ្តាល ។ ត្រូវបញ្ឈប់វាប្រសិនបើកអ្នកមានអារម្មណ៍ថារុញមិនរួច ។ ចូរកាន់ប្រដាប់វាស់កំដៅអោយជាប់ ហើយមិនត្រូវចេញទៅណាទេ ។ នៅពេលដែលសំលេងប្រាប់ថាការវាស់កំដៅត្រូវបានបញ្ចប់ ចូរដកវាចេញ ហើយពិនិត្យមើល ។
ការយកកំដៅក្មេងតាមាត់
ប្រសិនបើអ្នកកំពុងតែយកកំដៅកូនតាមមាត់ ចូរយកចុងរបស់ប្រដាប់វាស់កំដៅដាក់ក្រោមអណ្តាត ។ ចូរអោយកូនរបស់អ្នកបិទមាត់ព្រមទាំងបៀមប្រដាប់វាស់កំដៅនោះផង ។ ប្រាប់កូនរបស់អ្នកថាកុំអោយ ទំពាររ ឬនិយាយ ។ នៅពេលដែលសំលេងប្រាប់ថាការវាស់កំដៅត្រូវបានបញ្ចប់ ចូរដកវាចេញ ហើយពិនិត្យមើល ។
តើខ្ញុំគួរតែព្យាយាមបញ្ចុះកំដៅកូនរបស់ខ្ញុំដែរទេ?
ការក្តៅខ្លួនគឺជាសញ្ញាមួយដែលរាងកាយរបស់យើងកំពុងតែប្រយុទ្ធប្រឆាំងនឹងមេរោគដែលបង្កជំងឺ ។ ប្រសិនបើកូនរបស់អ្នកមានអាយុពី ៣ខែ ទៅ ៣ឆ្នាំ ហើយមានការក្តៅខ្លួនតិចតួច (៣៧.៨oC) អ្នកប្រហែលជាមិនចាំបាច់អោយកូនរបស់អ្នកប្រើថ្នាំទេ ។ ប្រសិនបើកូនរបស់អ្នកឈឺ និងមិនស្រួលអ្វីមួយ ហើយកំដៅរបស់គេលើពី ៣៧.៨oC ទៀត អ្នកប្រហែលជាត្រូវអោយគេប្រើថ្នាំខ្លះហើយ ។
ប្រសិនបើកូនរបស់អ្នកក្មេងជាង ៣ខែ ហើយកំដៅតាមរន្ធគូថ ៣៨oC ឬខ្ពស់ជាងនេះចូរទូរស័ព្ទប្រាប់គ្រូពេទ្យ ឬបញ្ជូនទៅមន្ទីរពេទ្យ។ ការក្តៅខ្លួនអាចជាសញ្ញារបស់ជំងឺដ៏សាហាវមួយដែលកើតឡើងទៅលើកូនក្មេងតូចៗ ។
តើថ្នាំប្រភេទណាខ្លះដែលខ្ញុំគួរតែអោយកូនរបស់ខ្ញុំប្រើ ហើយប្រើប៉ុន្មាន?
មិនត្រូវអោយថ្នាំអ្វីទាំងអស់ទៅកូនរបស់អ្នកនៅពេលដែលគេអាយុបានតិចជាង ២ខែដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យនោះទេ ។
ថ្នាំ Acetaminophen (សំរាប់កូនក្មេងឈ្មោះថា Tylenol) សំរាប់បំបាត់ការឈឺចាប់ និងបញ្ចុះកំដៅ ។ ចូរពិនិត្យនូវវេជ្ជបញ្ជាក្នុងកញ្ចប់ ឬសួរគ្រូពេទ្យអំពីកំរិតថ្នាំដែលត្រូវប្រើប្រាស់សំរាប់កូនរបស់អ្នក ។ កំរិតថ្នាំដែលត្រឹមត្រូវគឺយោងទៅតាមអាយុរបស់ក្មេង និងទំងន់ ។
ថ្នាំ Ibuprofen គឺជាថ្នាំមួយប្រភេទទៀតដែលអាចប្រើសំរាប់បញ្ចុះកំដៅចំពោះក្មេងដែលអាយុលើសពី ៦ខែ ។ ចូរពិគ្រោះជាមួយគ្រូពេទ្យមុននឹងសំរេចអោយប្រើថ្នាំនេះ (ថ្នាំសំរាប់ក្មេងឈ្មោះថា Advil ឬ Motrin) ។ គ្រូពេទ្យនឹងនិយាយប្រាប់អ្នកអំពីកំរិតថ្នាំដែលត្រឹមត្រូវសំរាប់ប្រើ ។
តើខ្ញុំអាចអោយកូនរបស់ខ្ញុំប្រើថ្នាំ Aspirin សំរាប់បញ្ចុះកំដៅបានទេ?
មិនបានទេ ។ ថ្នាំ Aspirin អាចធ្វើអោយមានជំងឺ Reye’s Syndrome ទៅលើកុមារ ។ ជំងឺ Reye’s Syndrome គឺជាជំងឺដ៏កាចសាហាវមួយដែលអាចធ្វើអោយកុមារស្លាប់បាន ។ គ្រូពេទ្យបានប្រាប់ទៅដល់ឪពុកម្តាយថា មិនគួរអោយកូនរបស់ពួកគេប្រើថ្នាំ Aspirin ទេ បើសិនពួកគេអាយុក្រោម ១៨ឆ្នាំ ។
តើខ្ញុំអាចធ្វើអ្វីបានទៀតដើម្បីជួយអោយកូនរបស់ខ្ញុំស្រួលបួលឡើងវិញ?
• អោយកូនរបស់អ្នកផឹកទឹកអោយច្រើន ដើម្បីបង្ការការខ្សោះជាតិទឹក (ករណីដែលមិនមានជាតិទឹកគ្រប់គ្រាន់ក្នុងខ្លួន) និងជួយអោយរាងកាយរបស់គេត្រជាក់ផង ។ ទឹក ទឹកស៊ុប និងទឹកអ្វីដែលគេចូលចិត្តគឺជាជំរើសដ៏ល្អ ។
• ប្រសិនបើកូនរបស់អ្នកផឹកទឹកបានគ្រប់គ្រាន់ហើយ មិនត្រូវបង្ខំអោយគេញុំអាហារទៀតទេ ប្រសិនបើគេមិនចង់
• ត្រូវប្រាកដថាអោយកូនរបស់អ្នកដេកអោយបានច្រើន
• ត្រូវធ្វើអោយបន្ទប់ស្ថិតក្នុងសីតុណ្ហភាពល្មម
• ត្រូវស្លៀកសំលៀកបំពាក់ស្តើងអោយកូនរបស់អ្នក ។ ការដែលអោយកូនរបស់អ្នកស្លៀកសំលៀកបំពាក់ក្រាស់ពេកអាចធ្វើអោយខ្លួនរបស់គេក្តៅ និងអាចអោយកំដៅឡើងទៀតផង ។
• ប្រសិនបើកូនរបស់អ្នកមានគ្រុនញាក់ ត្រូវដណ្តប់ភូយអោយគេថែម ។ ត្រូវតែយកភួយនោះចេញប្រសិនបើគ្រុនញាក់លែងមាន ។
មធ្យោបាយក្នុងការអោយថ្នាំ
• មិនត្រូវអោយថ្នាំលើសពី ៥ដងក្នុងមួយថ្ងៃនោះទេ
• មិនត្រូវអោយថ្នាំនៅពេលដែលក្មេងអាយុតិចជាង ២ខែនោះទេ លុះត្រាតែមានវេជ្ជបញ្ជាពីគ្រូពេទ្យ ។
• ត្រូវអានវេជ្ជបញ្ជាក្នុងកញ្ចប់ថ្នាំដោយប្រុងប្រយ័ត្ន ។ ត្រូវប្រាកដថា អ្នកកំពុងអោយថ្នាំកូនរបស់អ្នកត្រឹមត្រូវហើយ ។
• សំរាប់ថ្នាំជាទឹក ត្រូវតែប្រើប្រដាប់វាស់នូវចំនួននៃការប្រើណាដែលពិសេសទើបអាចផ្តល់នូវប្រសិទ្ធភាពនៃការប្រើថ្នាំនេះ ។ សំរាប់ស្លាបព្រាកាហ្វេក្នុងផ្ទះបាយប្រហែលជាមិនអាចប្រើសំរាប់វាស់កំរិតថ្នាំនេះបានទេ ។
ការងូតទឹកអាចបញ្ចុះកំដៅកូនខ្ញុំបានទេ?
ការអោយកូនរបស់អ្នកប្រើថ្នាំ Acetaminophen និងការងូតទឹកក្តៅអុនៗ ប្រហែលជាអាចជួយបញ្ចុះកំដៅគេបាន ។ ចូរអោយថ្នាំ Acetaminophen គេប្រើសិនមុនពេលអោយគេងូតទឹក ។ ប្រសិនបើអ្នកអោយគេងូតទឹកដោយមិនប្រើថ្នាំ កូនរបស់អ្នកស្រៀវខ្លួន ហើយអាចនឹងឡើងកំដៅម្តងទៀត ។ ការធ្វើដូចនេះប្រហែលជាធ្វើអោយកូនរបស់អ្នកកាន់តែពិបាកទៅៗហើយ ។ មិនត្រូវងូតទឹកត្រជាក់ទេ។
តើពេលណាដែលខ្ញុំត្រូវប្រាប់គ្រូពេទ្យ?
ប្រសិនបើកូនរបស់អ្នកមានសញ្ញាប្រកាសអាសន្នដូចខាងក្រោម ចូរប្រាប់គ្រូពេទ្យជាបន្ទាន់ :
• ក្មេងតិចជាង ៣ខែ៖ កំដៅ ៣៨oC ឬខ្លាំងជាងនឹង ទោះបីជាមិនមានអ្វីដូចជាមានជំងឺក៏ដោយ ព្រោះវាអាចធ្វើអោយក្មេងឈឺវិញយ៉ាងលឿន ។
• ក្មេងពីអាយុ ៣ខែ ទៅ ៦ខែ៖ កំដៅ ៣៨.៣oC ឬខ្លាំងជាងនឹង ទោះបីជាមិនមានអ្វីដូចជាមានជំងឺក៏ដោយ។
• ក្មេងពីអាយុ ៦ខែឡើងទៅ៖ ក្តៅខ្លួន ៣៨.៨oC ទៅ ៣៩.៤oC ត្រូវទូរស័ព្ទទៅគ្រូពេទ្យប្រសិនបើឡើងយ៉ាងហោចណាស់លើសពីពីរថ្ងៃ ។
• ក្មេងពីអាយុ ៦ខែឡើងទៅ៖ ក្តៅខ្លួន ៣៩.៤oCឡើងទៅ ក៏ត្រូវទូរស័ព្ទទៅគ្រូពេទ្យដែរទោះបីជាកូនរបស់អ្នកហាក់បីដូចជាល្អហើយក៏ដោយ ។
ចូរទូរស័ព្ទទៅគ្រូពេទ្យប្រសិនបើកូនរបស់អ្នកមានសញ្ញាប្រកាសអាសន្នទាំងនេះ
• រាគ ឬក្អួតជាប់រហូត
• ស្ងួតមាត់
• ឈឺត្រជាក់
• ក្តៅខ្លួនលើសច្រើនថ្ងៃ
• យំខ្លាំង
• មិនបៅ
• ស្លេកស្លាំង
• ប្រកាច់
• ឈឺក្បាលខ្លាំង
• កន្ទួលលើស្បែក
• ឈឺ ឬហើមសន្លាក់
• ឈឺបំពង់ក
• រឹងក
• ឈឺពោះ
• ហើមនៅក្បាលហើយស្ទាបទៅទុនៗ
• មិនសូវមានកំរើកកាយវិការ
• ដកដង្ហើមលឺដូចហួច
• យំខ្សឹបខ្សួល