តើជំងឺក្រិនសរសៃឈាមគឺជាអ្វី
ជំងឺក្រិនសរសៃឈាមមានន័យថាជាជំងឺមួយដែលធ្វើអោយសរសៃឈាមអារទែរបស់អ្នកទៅជារឹង និងរួមតូច ។ លក្ខណៈរបស់វាអាចធ្វើអោយសរសៃរឈាមអារទែនោះស្ទះជិតតែម្តង។ សរសៃឈាមអារទែរបស់អ្នកគឺជាសរសៃសំរាប់ដឹកនាំឈាមចេញពីបេះដូងសំរាប់ស្រោចស្រពគ្រប់រាងកាយ ។
តើជំងឺក្រិនសរសៃឈាមបង្កឡើងដោយសារអ្វី?
គ្រូពេទ្យមិនទាន់ដឹងច្បាស់នៅឡើយថាតើជំងឺក្រិនសរសៃឈាមនេះបង្កឡើងដោយសារអ្វីនៅឡើយទេ ។ វាប្រហែលជាកើតឡើងដំបូងនៅពេលដែលស្រទាប់ខាងក្នុងរបស់សរសៃឈាមអារទែមានការខូចខាត ។ មានរឿងជាច្រើនអាចធ្វើអោយការខូចខាតនេះកើតមាន រួមទាំង៖
- សម្ពាធឈាមឡើងខ្ពស់
- ជាតិខ្លាញ់ Cholesterol ខ្ពស់
- ជំងឺទឹកនោមផ្អែម
- ធាត់ពេក
- ជក់បារី
- អាហារដែលគ្មានសុខភាព
- ខ្វះលំហាត់ប្រាណ
- គ្រួសារមានប្រវត្តិជំងឺបេះដូង
នៅពេលដែលការខូចខាតកើតមាន រាងកាយរបស់អ្នកព្យាយាមជួសជុលនូវសរសៃឈាមដែលខូចខាតនោះ ។ ដំនើរការនៃការជួសជុលអាចបង្កើតអោយមានបន្ទះជាតិខ្លាញ់( Plaque )នៅក្នុងជញ្ជាំងរបស់សរសៃឈាមអារទែ ។ បន្ទះនោះ ត្រូវបានបង្កើតឡើងដោយសារ ខ្លាញ់ Cholesterol កាលស្យូម និងរូបធាតុផ្សេងៗទៀត។ គ្រប់ពេលដែល Plaque នេះត្រូវបានបង្កើតឡើងនៅក្នុងសរសៃឈាមអារទែ វានឹងទៅជារឹង និងធ្វើអោយសរសៃឈាមអារទែរបស់អ្នករួមតូច ។
តើកំរិតជាតិខ្លាញ់ Cholesterol របស់ខ្ញុំបង្កទៅជាក្រិនសរសៃឈាមបានយ៉ាងដូចម្តេច?
ជាតិខ្លាញ់កូឡេស្តេរ៉ុល( Cholesterol )ខ្ពស់អាចធ្វើអោយការប្រឈមមុខនឹងជំងឺក្រិនសរសៃឈាមកើនឡើង ។ Cholesterol គឺជាសារធាតុខ្លាញ់ដែលប្រើសំរាប់ការពារសរសៃប្រសាទ បង្កើតកោសិការ ជាលិការ និងអ័រម៉ូន ។ Cholesterol មួយចំនួនគឺមានសារៈសំខាន់សំរាប់សុខភាព ។
ថ្លើមរបស់អ្នកអាចបង្កើតជាតិខ្លាញ់ Cholesterol ច្រើនប្រភេទទៅតាមតម្រូវការរបស់រាងកាយ ។ រាងកាយរបស់អ្នកក៏ទទួលជាតិខ្លាញ់ Cholesterol ផ្ទាល់ពីអាហារដែលអ្នកបរិភោគដែរដូចជា ស៊ុត សាច់ និងអាហារដែលធ្វើអំពីទឹកដោះគោ ។
Cholesterol មានពីរប្រភេទសំខាន់ៗដែលអ្នកត្រូវដឹងនោះគឺ Low-density Lipoprotein (LDL) ឬជាខ្លាញ់ដែលអាក្រក់ និងមួយទៀតគឺ High-density Lipoprotein (HDL) ឬជាខ្លាញ់ដែលល្អ ។ ខ្លាញ់ LDL គឺជាប្រភេទរបស់ Cholesterol សំរាប់បង្កើតអោយទៅជា Plaque បាន ។ កំរិតខ្ពស់នៃខ្លាញ់ LDL អាចធ្វើអោខូចខាតទៅដល់សរសៃឈាមអាក់ទែ និងបង្កអោយទៅជាក្រិនសរសៃឈាមបាន ។ ទោះបី ជាយ៉ាងណាក៏ដោយ កំរិតខ្ពស់របស់ខ្លាញ់ HDL ពិតជាអាចជួយការពារសរសៃឈាមអារទែរបស់អ្នកបានពីជំងឺក្រិនសរសៃឈាម ។
តើជំងឺក្រិនសរសៃឈាមមានការប៉ះពាល់ទៅដល់រាងកាយរបស់ខ្ញុំដូចម្តេចទៅ?
ជំងឺក្រិនសរសៃឈាមគឺជាជំងឺដំបូងដែលបង្កអោយទៅជាជំងឺបេះដូង-សរសៃឈាមបាន ។ ជំងឺបេះដូង-សរសៃឈាមនឹងបង្កអោយស្លាប់បាន។ ប្រភេទនៃជំងឺបេះដូង-សរសៃឈាមមានដូចជា៖
- ជំងឺសរសៃឈាមបេះដូង Coronary៖ ជំងឺនេះកើតឡើងនៅពេលដែលមានកើតជា Plaque នៅក្នុងសរសៃឈាមអារទែសំរាប់ផ្តល់ឈាមទៅបេះដូង ។ នៅពេលដែលចរន្តឈាមទៅក្នុងបេះដូងមានការយឺតយ៉ាវ ឬមានការស្ទះ វាអាចនឹងធ្វើអោយឈឺក្នុងទ្រូង និងគាំងបេះដូងបាន ។
- ជំងឺសរសៃឈាមតូចៗ៖ ជំងឺនេះកើតឡើងបាននៅពេលដែលមានកើតនូវ Plaque ក្នុងសរសៃឈាមតូចៗនៃបេះដូងរបស់អ្នក ។ ប្រការនេះអាចធ្វើអោយបេះដូងរបស់អ្នកខ្សោយ និងឈឺទ្រូង ជាពិសេសនៅពេលហាត់ប្រាណ ។
- ជំងឺដាច់សរសៃឈាមខួរក្បាល៖ វាកើតឡើងនៅពេលដែលសរសៃឈាមអារទែមួយសំរាប់នាំឈាមទៅក្នុងខួរក្បាលមាការស្ទះ ។ បញ្ហានេះអាចធ្វើអៅយខួរក្បាលខូចជាបណ្តោះអាសន្នឬជារៀងរហូត ហើយប្រហែលជាប៉ះពាល់ដល់ការមើលឃើញ និយាយ ឬធ្វើចលនារាងកាយទៀតផង ។
- ជំងឺសរសៃឈាមនៅចុងដៃចុងជើង៖ ជំងឺនេះកើតឡើងនៅពេលដែលសរសៃឈាមអារទែរសំរាប់ទៅចិញ្ចឹមដៃ និងជើងមាន Plaque ។ បញ្ហានេះអាចធ្វើអោយមានការស្ពឹក ឈឺ និងមានជំងឺឆ្លងក្នុងអាវៈយីវៈដែលប៉ះពាល់ ។
តើខ្ញុំអាចការពារជំងឺក្រិនសរសៃឈាមបានយ៉ាងដូចម្តេច?
- អ្នកអាចការពារជំងឺក្រិនសរសៃឈាមបានតាមរយៈការផ្លាស់ប្តូររបៀបរស់នៅ ។ របៀបរស់នៅខាងក្រោមនេះនឹងកាត់បន្ថយនូវការប្រឈមមុខនឹងជំងឺក្រិនសរសៃឈាមបាន តាមរយៈការសម្រកទំងន់ បន្ថយជាតិខ្លាញ់ LDL និងបង្កើតជាតិខ្លាញ់ HDL បញ្ចុះសម្ពាធឈាម និងគ្រប់គ្រងជាតិស្ករក្នុងឈាម (ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម) ។
- ហាត់ប្រាណ៖ ការហាត់ប្រាណអាចជួយអោយអ្នកស្រកទំងន់ ប្រសិនបើអ្នកធាត់ពេក និងអាចជួយអោយជាតិខ្លាញ់ HDL កើនឡើង និង LDL ថយចុះដែរ ។ ចូរព្យាយាមហាត់អោយបាន ៣០នាទី និង ៤ ទៅ ៦ដងក្នុងមួយសប្តាហ៍ ។ ចូរប្រាកដថា អ្នកទៅពិគ្រោះជាមួយគ្រូពេទ្យមុននឹងចាប់ផ្តើមហាត់ប្រាណ ។
- ឈប់ជក់បារី៖ ការជក់បារីអាចធ្វើអោយសរសៃឈាមរបស់អ្នកខូចខាត កាត់បន្ថយចរន្តឈាម និងធ្វើអោយខ្លាញ់ HDL ថយចុះ ។ ទោះបីជាអ្នកជាមនុស្សស្រូបផ្សែងបារីពីគេក៏ដោយ ក៏អាចមានការប៉ះពាល់ទៅដល់សរសៃឈាម និងជាតិខ្លាញ់របស់អ្នកដែរ ។ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីវិធីនៃការផ្តាច់បារី ។
- បរិភោគអាហារដែលផ្តល់សុខភាពដល់បេះដូង៖ អាហារទាំងនេះមាន ផ្លែឈើស្រស់គ្រប់ប្រភេទ និងបន្លែ គ្រាប់ធុញ្ញជាតិ សាច់ និងខ្លាញ់ដែលល្អ ។
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការបន្ថែមនូវអាហារបំប៉នទៅក្នុងរបបអាហាររបស់អ្នក៖ អាហារបំប៉នប្រហែលជាជួយធ្វើអោយកំរិតជាតិខ្លាញ់របស់អ្នកមានការរីកចំរើន ប្រសិនបើការផ្លាស់ប្តូររបបអាហាររបស់អ្នកមិនគ្រប់គ្រាន់ ។ ប្រសិនបើអ្នកមានជំងឺបេះដូង ឬមានជាតិខ្លាញ់ Cholesterol ខ្ពស់ ចូរធ្វើការពិចារណា និងបន្ថែមជាតិ Omega-3 បន្ថែម ។ ជាតិ Omega-3 មានច្រើនប្រភេទ ប៉ុន្តែមានតែបីប្រភេទទេ ដែលសំខាន់នោះគឺ EPA, DHA និង ALA ។ អាហារដែលសំបូរទៅដោយ Omega-3 ជាងគេគឺខ្លាញ់ត្រី ។ ជាតិខ្លាញ់ត្រីគួរតែមានយ៉ាងហោចណាស់ EPA និង DHA ១០០០មីលីក្រាមដែរ ។សំរាប់អ្នកបរិភោគអាហារបួសគួរតែបរិភោគអាហារដែលមានជាតិ Omega-3 អោយបានច្រើនពីអហាររុក្ខជាតិ ក្នុងនោះប្រេង Flaxseed ជាធនធានដ៏ចំបងរបស់ ALA ដូច្នេះ ALA ប្រហែលជាមិនមានផលប្រយោជន៍សំរាប់សុខភាពបេះដូង ដូចជា EPA និង DHA នោះទេ ។
- គ្រប់គ្រងការ Stress៖ ចូរព្យាយាមបន្ថយនូវកំរិត Stress របស់អ្នក ។ មធ្យោបាយសំរាប់ដោះស្រាយនឹងបញ្ហា Stress មានដូចជា ដកដង្ហើមអោយបានជ្រៅៗ និងប្រើវិធីសំរាក់ដូចជា សមាធិ ហាត់ប្រាណថ្នមៗដូចជាការដើរ និងនិយាយជាមួយមិត្តភក្តិ គ្រួសារ ឬអ្នកផ្តល់សេវាសុខភាព ។
តើមានអ្វីកើតឡើងប្រសិនបើការផ្លាស់ប្តូររបៀបរស់នៅមិនបានគ្រប់គ្រាន់?
គ្រូពេទ្យប្រហែលជាចេញថ្នាំសំរាប់បន្ថយសម្ពាធឈាម ឬជាតិខ្លាញ់ និងការពារកំនកឈាម ។ ប្រសិនបើអ្នកមានជំងឺក្រិនសរសៃឈាមធ្ងន់ធ្ងរ ឬដឹងថាមានជំងឺបេះដូង-សរសៃឈាម គ្រូពេទ្យប្រហែលជាអោយអ្នកធ្វើកាវះកាត់ ឬប្រើឧបករណ៍សំរាប់ទំលាយសរសៃឈាមអារទែដែលស្ទះចេញ ។