បញ្ហាស្បែក-កឡើងខ្មៅមិនពិបាកនឹងដោះស្រាយឡើយ! គួរធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗជួយដោះស្រាយបញ្ហស្បែកកខ្មៅ ៖
១. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ជែលប្រទាលកន្ទុយក្រពើស្រស់ៗលាបម៉ាស្សាលើស្បែក-កសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញ។ អនុវត្តរាល់ថ្ងៃដើម្បីទទួលបានលទ្ធផលឆាប់រហ័ស។
២. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ២ស្លាបព្រាបាយជាមួយទឹកធម្មតា ៤ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកល្បាយ រួចយកមកលាបលើ-ក។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា ហើយកុំភ្លេចលាបផលិតផលផ្ដល់សំណើមលើស្បែក ខណៈដែរទឹកខ្មេះផ្លែប៉ោមអាចបណ្ដាលឱ្យស្បែករាងស្ងួត។ អនុវត្តសារឡើងវិញឆ្លាស់ថ្ងៃគ្នា។
៣. ម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ពី ២ ទៅ ៣ស្លាបព្រាបាយជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកលាបម៉ាស្សាល្បាយលើស្បែក-ក និងរងចាំរហូតដល់ស្ងួត សឹមប្រើម្រាមដៃរាងសើមៗដុសចេញម្ដងសិន មុនលាងសម្អាតស្បែក-កម្ដងទៀតជាមួយទឹកធម្មតា។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកតាមក្រោយផង។ អនុវត្តរាល់ថ្ងៃពេញមួយសប្តាហ៍ ហើយអ្នកនឹងសម្គាល់ឃើញនូវភាពប្រសើរឡើង។
៤. ប្រេងអូលីវ និងក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងអូលីវជាមួយទឹកក្រូចឆ្មារស្រស់ក្នុងបរិមាណស្មើគ្នា រួចកូរឱ្យសព្វ សឹមលាបល្បាយលើ-ក មុនពេលចូលគេង។ អនុវត្តជាប្រចាំសម្រាប់រយៈពេល ១ខែ ហើយអ្នកនឹងសម្គាល់ឃើញភាពប្រែប្រួល។
៥. យ៉ាអួរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរពី ១ ទៅ ២ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបល្បាយលើស្បែក-ក និងរងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តម្ដងរាល់ថ្ងៃ។
៦. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយរមៀតម៉ដ្ឋ ឬម្សៅរមៀត ១ចុងស្លាបព្រាកាហ្វេជាមួយយ៉ាអួរសុទ្ធ ១ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែក-ក និងរងចាំសម្រាប់រយៈពេល ១៥នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តរាល់ថ្ងៃដើម្បីទទួលបានលទ្ធផលឆាប់រហ័ស។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕