យោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានអោយដឹងថា ទោះបីជា៦៥%នៃស្ត្រីអាយុចាប់ពី ៤០ឆ្នាំឡើងទៅថត Mammogram ក្នុងរយៈពេលពីរឆ្នាំចុងក្រោយហើយក៏ដោយ ក៏ជំងឺមហារីកតែងតែមិនអាចរកឃើញតាមរយៈការធ្វើតេស្តបែបនេះដែរ។
លើសពីនេះទៅទៀត វេជ្ជបណ្ឌិត បេត វ៉ាយ កាលេន (Beth Y. Karlan, MD) នាយកក្នុងកម្មវិធី ស្រាវជ្រាវជំងឺមហារីកស្ត្រី (Women’s Cancer Research Program) នៅឯ វិទ្យាស្ថាន ជំងឺមហារីក Cedars-Sinai’s Samuel Oschin Comprehensive Cancer ក្នុងរដ្ឋឡូស អេជែឡែស និយាយថា នៅពេលស្ត្រីពិតជាសង្ស័យថអ្វីមួយមែនចូរទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមទៅ។
អ្នកស្រីបន្ថែមទៀតថា “រោគសញ្ញាគម្រាមដាស់តឿនមិនមែនមានន័យថាមហារីកនោះទេ ទោះបីជាអ្នកមានសញ្ញាទាំងនោះទាំងអស់ក៏ដោយ។ មានសញ្ញាធម្មតាៗ ឬការប្រែប្រួលមិនធម្មតាជាច្រើនដែលសុទ្ធតែអាចបណ្តាលអោយមានរោគសញ្ញាដាស់តឿនទាំងអស់”។ ឧទាហរណ៍ អ្នកអាចមានករណីហើមពោះ ឈឺចង្កេះ និងតឹងក្នុងអាងត្រគៀកដែលនោះគ្រាន់តែជាដុំសាច់ធម្មតាក្នុងស្រទាបសាច់ដុំស្បូនប៉ុណ្ណោះ។
ប៉ុន្តែប្រសិនបើរោគសញ្ញារបស់អ្នកចេះតែកើតមានរហូត និងវិវឌ្ឈន៍ទៅមុខទៀត ដូចជាធ្វើអោយអ្នកក្រោកពីដេករាល់ព្រឹក និងចេះតែព្រួយបារម្ភរយៈពេលពីរសប្តាហ៍ហើយ យកល្អគួរតែទូរស័ព្ទទំនាក់ទំនងនឹងគ្រូពេទ្យ ដើម្បីពិនិត្យរកបញ្ហា។
កាលេន បន្ថែមទៀតថា ការពិនិត្យជំងឺជាទៀងទាត់ និងធ្វើតេស្តដូចជា Pap Smear និង Mammograms ព្រមទាំងយល់ដឹងពីរាងកាយរបស់អ្នក វាសុទ្ធតែជារឿងសំខាន់ទាំងអស់ដើម្បីទទួលបានសុខភាពល្អ។
តើការប្រែប្រួលអ្វីខ្លះដែលគ្រប់គ្រាន់អោយអ្នកមកជួបគ្រូពេទ្យ? ខាងក្រោមនេះគឺជាសញ្ញាជាច្រើនដែលអាចអោយអ្នកត្រូវមកធ្វើការពិនិត្យជាមួយគ្រូពេទ្យហើយ។
១, ប្រែប្រួលសុដន់
វេជ្ជបណ្ឌិត ការូលីន រានូវីច (Carolyn Runowicz, MD) អ្នកជួយសង្គ្រោះជំងឺមហារីកសុដន់ និងជាសាស្ត្រាចារ្យខាងសម្ភព និងរោគស្ត្រីនៅឯមហាវិទ្យាល័យវេជ្ជសាស្ត្រ Herbert Wertheim របស់សាកលវិទ្យាល័យអន្តរជាតិ Florida ព្រមទាំងជាអតីតនាយកសហគមន៍ជំងឺមហារីកអាមេរិក និយាយថា “ប្រសិនបើអ្នកមានអារម្មណ៍ថាមានដុំសាច់មួយ អ្នកមិនគួរណាប្រងើយកន្តើយនឹងវាទេ ទោះបីជាលទ្ធផលនៃការថត Mammogram ឃើញធម្មតាក៏ដោយ”។ ប្រសិនបើក្បាលសុដន់របស់អ្នកបែកស្រកា ឬរបកស្បែក នោះវាអាចជាជំងឺ Paget’s Disease ដែលអាចជាប់ពាក់ព័ន្ធនឹងជំងឺមហារីករហូតដល់ ៩៥%ឯណោះ។ លើសពីនេះទៅទៀតគួរតែរកមើលការហូតទឹករំអិលដូចទឹកដោះគោរ ឬឈាមចេញពីក្បាលសុដន់។
ស្បែកនៅសុដន់ទៅជាខួច ជាពិសេសមានពណ៌ដូចទឹក្រូច នោះគឺជាអ្វីដែលអ្នកត្រូវបារម្ភហើយ។ អ្វីដែលកម្រ ការខួចលើស្បែកសុដនើច្រើនតែទាក់ទងនឹងជំងឺមហារីកសុដន់ដែលរលាក ហើយករណីដែលជាមហារីកខ្លាំងក្លា អ្នកអាចសម្គាល់ឃើញមានការហើម ក្តៅ និងក្រហមសុដន់។
គ្រូពេទ្យអាចនឹងពិនិត្យលើសុដន់ និងសួរពីប្រវត្តិជំងឺ ថត Mammogram ឬ Sonogram និងអាចធ្វើអាណាប៉ាត់ទៀត ដោយអាស្រ័យទៅតាមលទ្ធផលនៃការធ្វើតេស្តទាំងពីខាងលើ។
២. ធ្លាក់ឈាមរដូវមិនទៀងទាត់
ពេលមួយដែលអ្នករ៉ាំងរដូវ រាល់ការធ្លាក់ឈាមទាំងអស់សុទ្ធតែជាសញ្ញាដាស់តឿនដល់អ្នកហើយ។ វេជ្ជបណ្ឌិត រានូវីច និយាយថា “រាលការហូរឈាម ឈាមតិចៗលើខោទ្រនាប់ ឬកំណក់ឈាមធំមួយ សុទ្ធតែជារឿងមិនធម្មតាទាំងអស់ ហើយគួរតែស្រាវជ្រាវអោយបានភ្លាមៗ”។ ការហូរឈាមអាចបញ្ជាក់បានថាមានដុំសាច់មិនមែនមហារីក Endometrial Polyp ឬ អ្វីមួយធ្នង់ធ្ងរជាងនេះដូចជាមហារីកស្រទាប់ខាងក្នុងរបស់ស្បូន ឬមាត់ស្បូន។
ជុំវិញការរ៉ាំងរដូវ ការហូរឈាមមិនធម្មតាច្រើនតែទាក់ទងនឹងការប្រែប្រួលអ័រម៉ូន និងភាពមិនធម្មតាក្នុងទ្វាមាស ដូច្នេះចូរធ្វើការថត Sonogram ទៅលើទ្វាមាសផ្ទាល និងអាណាប៉ាត់។
៣, ហូរឈាមតាមរុន្ធគូថ
ជំងឺមហារីកពោះវៀនធំគឺជាជំងឺមហារីកដែលកើតច្រើនជាងគេបំផុតលំដាប់ទីបីរលើមនុស្សស្រី។ ចំនុចសំខាន់មួយរបស់វាគឺជាការហូរឈាមតាមរុន្ធគូថ ដែលភាគច្រើនបំផុតបណ្តាលមកពីជំងឺឬសដូងបាត។ វេជ្ជបណ្ឌិត កាលេន និយាយថា “ប៉ុន្តែវាមិនមែនបែបនេះទាំងអស់នោះទេ តែលាមកដែលមានពណ៌ខ្មៅ ឬក្រហមគ្រប់គ្រាន់សម្រាប់អ្នកទៅជួបគ្រូពេទ្យហើយ”។គ្រូពេទ្យទំនងជានឹងពិនិត្យដោយការលូករុន្ធគូថ និងថត Colonoscopy ប្រសិនបើអ្នកអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ឬនៅក្មេងក៏ដោយ។
៤, ហូរទឹករំអិល
ការហូរទឹករំអិលតាមទ្វាមាសដែលមានក្លិនស្អុយ អាចជាសញ្ញាមួយនៃជំងឺមហារីកមាត់ស្បូន ហើយទឹករំអិលនោះប្រហែលជាមានឈាម និងកើតមាននៅនៅចន្លោះពេលមករដូវ ឬក្រោយរ៉ាំងរដូវ។ យកល្អកុំសាកល្បងព្យាបាលការហូរទឹករំអិលនោះដោយខ្លួនឯងជាមួយថ្នាំគ្មានវេជ្ជបញ្ជាអី។
ការពិនិត្យមានសារៈសំខាន់ដើម្បីកំណត់ថាការហូរទឹករំអិលនោះបណ្តាលមកពីការបង្ករោគ ឬអ្វីផ្សេងដែលធ្ងន់ធ្ងរជាងនេះ។
៥, ហើមពោះ
វេជ្ជបណ្ឌិត កាលេន និយាយថា “ជំងឺមហារីកក្រពេញអូវ៉ែគឺជាឃាតករលេខមួយ។ អស់រយៈពេលច្រើនឆ្នាំមកហើយ វាត្រូវបានគេស្គាល់ថាជាឃាតករស្ងាត់ស្ងៀម និងមានរោគសញ្ញាច្បាស់លាស់របស់វាច្បាស់លាស់ចំនួនបួននោះគឺ ហើមពោះ ផ្លាស់ប្តូរពេលវេលាបត់ជើងធំតូច នោមញឹកជាធម្មតា និងឈឺចង្កេះ ឬអាងត្រគៀក។
ការមានរោគសញ្ញាទាំងនេះមួយ ឬពីរម្តងម្កាល វាគឺជារឿងធម្មតាទេ ជាពិសេសក្រោយពីញ៉ាំអាហារឆ្អែត។ ប៉ុន្តែចូរប្រយ័ត្ននៅពេលមានសញ្ញានេះពីរ ឬច្រើនកើតឡើងរាល់ថ្ងៃច្រើនជាងពីរសប្តាហ៍ ហើយអ្នកក៏គួរតែទៅជួបគ្រូពេទ្យដែរប្រសិនបើវាចេះតែកើតឡើងជាប់រហូត និងវិវឌ្ឈន៍ទៅមុខទៀត។
គ្រូពេទ្យអាចនឹងធ្វើការពិនិត្យលើអាងត្រគៀក ថត Sonogram លើទ្វាមាស និងធ្វើតេស្តឈាម CA-125 ដើម្បីរកមើលកោសិការមហារីក។
៦, ឡើងទម្ងន់ ឬស្រកទម្ងន់ដោយមិនដឹងមូលហេតុ
វេជ្ជបណ្ឌិត រានូវីច និយាយថា “ប្រសិនបើអ្នកឡើងទម្ងន់ ២,២គីឡូក្រាមភ្លាមៗ កុំបាច់បារម្ភអី”។ ប៉ុន្តែពីមួយខែទៅមួយខែ ឃើញមានឡើងទម្ងន់ច្រើន ជាពិសេសនៅពេលញ៉ាំអាហារដើម្បីថែរាងអោយធម្មតានោះ បែរឃើញរីកក្បាលពោះ នោះអាចជាសញ្ហាជំងឺមហារីកអូវ៉ែដែរ។
ដោយយោងទៅតាមសហគមន៍ជំងឺមហារីកអារមេរិក បានអោយដឹងថា ការស្រកទម្ងន់៤,៤គីឡូក្រាម ឬច្រើនជាងនេះដោយមិនដឹងខ្លួន ប្រហែលជាសញ្ញាដំបូងនៃជំងឺមហារីក ក្នុងនោះមានមហារីកលំពែង ក្រពះ បំពង់ Esophagus ឬសួត។
ប៉ុន្តែវេជ្ជបណ្ឌិត រានូវីច និយាយថា ស្ត្រីដែលស្រកទម្ងន់ច្រើនតែបណ្តាលមកពីក្រពេញទីរ៉ូអ៊ីតធ្វើការខ្លាំងពេក ដូច្នេះគ្រូពេទ្យប្រហែលជាអាចធ្វើតេស្តមើលមុខងារក្រពេញទីរ៉ូអ៊ីតដំបូងគេ។
៧, ក្អកជាប់រហូត
ការក្អក់ជាប់រហូតច្រើនជាងពីរ ទៅបីសប្តាហ៍ និងមិនមែនដោយសារការអាឡែហ្ស៊ី ឬជំងឺនៅផ្លូវដង្ហើមខាងលើ ឬមានឈាមក្នុងកំហាក ត្រូវតែទៅអោយគ្រូពេទ្យពិនិត្យ។ ប្រសិនបើការក្អករបស់អ្នកបង្កឡើងដោយការជក់បារី ឬស្រូបផ្សែងបារីពីគេ ចូរចេញអោយឆ្ងាយពីកន្លែងនោះ ឬឈប់ជក់បារី។ វេជ្ជបណ្ឌិត កាលេន និយាយថា “ការជក់បារីគឺជាឃាតករជំងឺមហារីកលេខមួយរបស់ស្ត្រី”។ គ្រូពេទ្យអាចនឹងថតកាំរស្មីអ៊ិច និង CT Scan លើសួតរបស់អ្នក។
៨, ប្រែប្រួលកូនកណ្តុរ
វេជ្ជបណ្ឌិត រានូវីច អោយដំបូន្មានថា “ប្រសិនបើអ្នកមានអារម្មណ៍ថា មានកូនកណ្តុរដ៏រឹងច្រើននៅនឹងក ឬឃ្លៀក អ្នកគួរតែទៅជួបគ្រូពេទ្យទៅ”។ កូនកណ្តុរដែលហើម រឹង ច្រើនតែបណ្តាលមកពីការបង្ករោគ។ ទោះបីជាយ៉ាងណាក៏ដោយ មហារីកកូនកណ្តុរ សួត ក្បាល ឬក ដែលបានរីករាលដាលហើយនោះក៏អាចធ្វើអោយកូនកណ្តុររីកធំបានដែរ ហើយគ្រូពេទ្យអាចនឹងពិនិត្យទៅលើរាងកាយ និងធ្វើអាណាប៉ាត់ទៀត។
៩, អស់កម្លាំង
ទោះបីជាការអស់កម្លាំងអាចជារឿងមួយពិបាកនឹងចាត់ទុកក៏ដោយ ក៏សហគមន៍ជំងឺមហារីកអាមេរិក កំណត់ថា ការអស់កម្លាំងខ្លាំងពេកវាមិនធូរស្បើយវិញទេទោះបីជាសម្រាកហើយក៏ដោយ។ ប្រសិនបើអ្នកចេះតែអស់កម្លាំងជាប់រហូត ចូរទៅពិគ្រោះជាមួយគ្រូពេទ្យចុះ។ ជំងឺមហារីកឈាមស ពោះវៀនធំ ឬក្រពះសុទ្ធតែអាចបណ្តាលអោយអស់កម្លាំងបានទាំងអស់ ព្រោះវាធ្វើអោយបាត់បង់ឈាម។
វេជ្ជបណ្ឌិត រានូវីច និយាយថា “ការអស់កម្លាំងអាចជាបញ្ហាធ្ងន់ធ្ងរមួយ ហើយងាយនឹងមិនយកចិត្តទុកដាក់ណាស់”។ គ្រូពេទ្យអាចនឹងធ្វើការពិនិត្យលើរាងកាយ និងធ្វើតេស្តឈាមដើម្បីវាយតម្លៃទៅលើក្រពេញទីរ៉ូអ៊ីតនិងទាត់ចោលនូវជំងឺទីរ៉ូអ៊ីតផងដែរ។
១០, ប្រែប្រួលស្បែក
ចូរមើលថែអោយបានដឹតដល់លើការប្រែប្រួលទាំងឡាយណាដែលមានលើស្បែករបស់អ្នកគ្រប់ទីកន្លែងទាំងអស់ និងត្រូវទំនាក់ទំនងគ្រូពេទ្យភ្លាមនៅពេលមានអ្វីដែលធ្វើអោយអ្នកព្រួយបារម្ភ។
ការឈឺចាប់នៅនឹងមាត់ ដែលមិនចេះបាត់ ជាពិសេសពេលជក់បារី ឬផឹកស្រា ប្រហែលជាសញ្ញានៃជំងឺមហារីកមាត់។
ជាពិសេស ចូរសម្គាល់រកមើលស្បែកដែលឈឺ ឬរលាកលើតំបន់ទ្វាមាស។ វេជ្ជបណ្ឌិត រានូវីច និយាយថា “ដំបៅលើបរបេរទ្វាមាសដែលមិនចេះជា អាចជាសញ្ញាមួយនៃជំងឺមហារីកលើបរបេរទ្វាមាសនោះ”។ ការប្រែប្រួលលើប្រជ្រុយ ឬដំបៅមានពណ៌លើបរបេទ្វាមាសក៏អាចជាសញ្ញារបស់ជំងឺមហារីកដែរ។ វេជ្ជបណ្ឌិត រានូវីច បន្ថែមទៀតថា “ជំងឺស្បែកបរបេទ្វាមាសអាចនឹងមើលរំលងជាញឹកញាប់ ព្រមទាអាចស្ថិតក្នុងសភាពធ្ងន់ធ្ងរបានទៀតៗ ដូច្នេះការច្រិបសាច់ទៅវិភាគអាណាប៉ាត់អាចនឹងត្រូវធ្វើ៕