កម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូនទាប អាចបង្កបញ្ហាគួរឱ្យកត់សម្គាល់ចំពោះបុរស។ ចង់បង្កើនកម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូន (testosterone) អ្នកមិនចាំបាច់ត្រូវតែចាក់ ឬលេបថ្នាំឡើយ! គ្រាន់តែព្យាយាមទទួលទានអាហារមួយចំនួនជាការស្រេច។ ទោះបីតេស្តូស្តេរ៉ូនជាអ័រម៉ូនបុរស ប៉ុន្តែស្ត្រីក៏គួរមានវាក្នុងបរិមាណតិចតួចផងដែរដើម្បីចៀសផុតពីបញ្ហាសុខភាពផ្សេងៗ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយបង្កើនកម្រិតនៃអ័រម៉ូននេះ ៖
១. ត្រីធូណា និងត្រីសាលម៉ុន
ត្រីប្រភេទនេះមានផ្ទុកសម្បូរទៅដោយវីតាមីន D ដែលជាសារធាតុចិញ្ចឹមមួយផ្សារភ្ជាប់នឹងការផលិតអ័រម៉ូនតេស្តូស្តេរ៉ូន។ អ្នកក៏អាចរួមបញ្ចូលត្រីធូណា ឬត្រីសាលម៉ុនកំប៉ុងក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។
២. អយស្ទ័រ
អាហារសមុទ្រនេះមានផ្ទុកជាតិស័ង្កសីខ្ពស់ដែលជាសារធាតុចិញ្ចឹមសំខាន់មួយសម្រាប់ការផលិតអ័រម៉ូនតេស្តូស្តេរ៉ូន។ អ្នកអាចញ៊ាំអយស្ទ័រស្រស់ៗចំនួនពី ២ ទៅ ៣គ្រាប់រួមជាមួយអាហារពេលល្ងាច។
៣. ផ្នែកពណ៌លឿងនៃស៊ុត
មានផ្ទុកសម្បូរទៅដោយវីតាមីន D ដែលអាចជួយបង្កើនកម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូន។ ទោះជាយ៉ាងណាប្រសិនបើអ្នកកំពុងមានបញ្ហាពាក់ព័ន្ធនឹងកម្រិតកូឡេស្តេរ៉ូលឡើងខ្ពស់ ចូរចៀសវាង ឬកម្រិតការទទួលទានផ្នែកពណ៌លឿងនៃស៊ុតទើបប្រសើរ។ រួមបញ្ចូលផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់ក្នុងអាហារពេលព្រឹករបស់អ្នករាល់ថ្ងៃ។
៤. បង្គារ
បង្គារជាប្រភពនៃអាហារដ៏ប្រសើរបំផុតមួយទៀតនៃវីតាមីន D ដែលមានទំនាក់ទំនងផ្សារភ្ជាប់ខ្លាំងនឹងកម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូនឡើងខ្ពស់។ អ្នកអាចរួមបញ្ចូលអាហារសមុទ្រនេះក្នុងស៊ុប ញ៊ាំលាយជាមួយបន្លែផ្សេងៗ។
៥. សាច់គោ
សាច់គោជាប្រភពនៃអាហារដ៏ល្អបំផុតមួយនៃវីតាមីន D ដែលជួយបង្កើនកម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូន។ វាក៏មានផ្ទុកសម្បូរដោយប្រូតេអ៊ីនផងដែរ! កង្វះប្រូតេអ៊ីនអាចបង្កើនកម្រិតនៃអ័រម៉ូនមួយចនួនក្នុងរាងកាយដែលអាចធ្វើឱ្យអ័រម៉ូនតេស្តូស្តេរ៉ូនប្រែជាអសកម្ម។ ទោះជាយ៉ាងណាចូរជ្រើសរើសទទួលទានសាច់គោគ្មានខ្លាញ់ និងមិនត្រូវញ៊ាំរាល់ថ្ងៃឡើយ ហើយត្រូវចេះកម្រិតការទទួលទានផង។
៦. ខ្ទឹមស
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ខ្ទឹមសអាចបង្កើនកម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូនចំពោះបុរសតាមរយៈសមាសធាតុស្ពាន់ធ័រដែលមានផ្ទុក។ ការញ៊ាំខ្ទឹមស ១កំពឹសក្នុងមួយថ្ងៃក៏ជួយបានដែរ។
៧. បន្លែប្រភេទ Cruciferous
រួមមានស្ពៃក្ដោប, ផ្កាខាត់ណា និងផ្កាខាត់ណាខៀវអាចជួយបញ្ចេញចោលនូវអ័រម៉ូន estrogen ដែលលើស ព្រមទាំងធ្វើឱ្យអ័រម៉ូនតេស្តូស្តេរ៉ូនក្នុងរាងកាយកាន់តែមានប្រសិទ្ធិភាព។ បន្លែទាំងនេះក៏មានផ្ទុកសារធាតុ indole-3-carbinol ដែលជួយដល់ដំណើរការនេះផងដែរ។
៨. ទំពាំងបារាំង
ទំពាំងបារាំងមានផ្ទុកសម្បូរទៅដោយវីតាមីន B និងវីតាមីន E ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ការផលិតអ័រម៉ូនតេស្តូស្តេរ៉ូន។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕