ថាតើអ័រម៉ូនបុរសតេស្តូស្តេរ៉ូនអាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះចំពោះនារីៗ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗទាំងនោះ ៖
១. ពង្រឹងសុខភាពបេះដូង
តេស្តូស្តេរ៉ូនជម្រុញការផលិតនៃកោសិកាគ្រាប់ឈាមក្រហមដែលមានអត្ថប្រយោជន៍ណាស់សម្រាប់សុខភាពបេះដូង។ ជាក់ស្ដែងកម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូនធ្លាក់ចុះទាបមានទំនាក់ទំនងផ្សារភ្ជាប់នឹងហានិភ័យនៃបញ្ហាសសៃឈាមបេះដូង។ ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា ស្ត្រីដែលមានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនប្រក្រតីក្នុងខ្លួន គឺមិនប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺបេះដូងឡើយ។
២. ធ្វើឱ្យឆ្អឹងកាន់តែរឹងមាំ
អ័រម៉ូនតេស្តូស្តេរ៉ូនក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាដង់ស៊ីតេជាតិរ៉ែក្នុងឆ្អឹងគួរឱ្យកត់សម្គាល់។ ស្ត្រីដែលជួបប្រទះបញ្ហាថយចុះនូវកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនដោយសារភាពចាស់ត្រូវបានរកឃើញថាមានបញ្ហាដង់ស៊ីតេឆ្អឹងទាប។ ការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា អ័រម៉ូនតេស្តូស្តេរ៉ូនអាចជួយបង្កើនដង់ស៊ីតេឆ្អឹងត្រគាក និងឆ្អឹងខ្នង។
៣. ម៉ាសសាច់ដុំមានលក្ខណៈប្រសើរឡើង
អ័រម៉ូនតេស្តូស្តេរ៉ូនធ្វើឱ្យម៉ាសសាច់ដុំមានលក្ខណៈប្រសើរឡើងដែលនេះមានន័យថាទម្ងន់រាងកាយត្រូវបានគ្រប់គ្រង ហើយថាមពលត្រូវបានកើនឡើង។ អត្ថប្រយោជន៍នៃអ័រម៉ូនតេស្តូស្តេរ៉ូននឹងកាន់តែប្រសើរនៅពេលអ្នករួមបញ្ចូលការហាត់ប្រាណក្នុងទម្លាប់ប្រចាំថ្ងៃផងដែរ។
៤. បង្កើនចំណង់ផ្លូវភេទ
ទាំងស្ត្រី និងបុរស, នៅពេលកម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូនកើនឡើងនោះចំណង់ផ្លូវភេទក៏ស្រើបស្រាលខ្លាំងតាមនោះដែរ។
៥. លើកកម្ពស់អារម្មណ៍ល្អប្រសើរ
កម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូនទាបអាចជះផលប៉ះពាល់ដល់អារម្មណ៍ដែលធ្វើឱ្យអ្នកឆាប់មួរម៉ៅ, ធ្លាក់ទឹកចិត្ត និងអស់កម្លាំងទៀតផងដែលនេះជារោគសញ្ញាមួយចំនួននៃបញ្ហាអ័រម៉ូន។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕