ការញ៊ាំអាហារនិងភេសជ្ជៈផ្អែមៗ ឬមានជាតិស្ករច្រើន គឺមិនល្អឡើយចំពោះសុខភាព! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់បញ្ហានេះ ៖
១. ទទួលទានទឹក
ប្រសិនបើអ្នកមានអារម្មណ៍ឃ្លានភ្លាមៗក្រោយពីទើបតែញ៊ាំអាហារឡើងច្រើនរួចសោះ វាប្រហែលជាមិនមែនការឃ្លានអាហារនោះទេ គឺអ្នកអាចនឹងគ្រាន់តែស្រេកទឹកប៉ុណ្ណោះ។ ទាំងការឃ្លានអាហារនិងស្រេកទឹកអាចបង្កើតនូវអារម្មណ៍ស្រដៀងគ្នាខ្លាំងក្នុងចិត្តរបស់អ្នក។ ដូចនេះការទទួលទានឱ្យបានច្រើនគ្រប់គ្រាន់ គឺជាគន្លឹះដ៏មានប្រសិទ្ធិភាពបំផុតមួយសម្រាប់ដោះស្រាយបញ្ហាឃ្លានខុសរបៀប។ ចូរទទួលទានទឹកធម្មតា ១ កែវ ហើយរងចាំបន្តិច។ ប្រសិនបើអារម្មណ៍ឃ្លានបាត់ថយចុះនោះមួយស្របក់ទៀតអ្នកនឹងឈប់ឃ្លានតែម្ដង។ ជម្រើសដ៏ប្រសើរបំផុត គឺហ្វឹកហាត់រាងកាយឱ្យទទួលទានទឹកច្រើននៅពេលព្រឹក និងកន្លះម៉ោងមុនរាល់ពេលអាហារ។
២. បង្កើនការទទួលទានប្រូតេអ៊ីន
របបអាហារមានសុខភាពល្អដែលមានផ្ទុកប្រូតេអ៊ីនគ្មានខ្លាញ់ដូចជាសាច់ក្រហមគ្មានខ្លាញ់ និងអាហារសមុទ្រអាចជួយកាត់បន្ថយការឃ្លានមិនធម្មតា។ អ្នកអាចទទួលបានកាឡូរីច្រើនបំផុតពីប្រភពនៃអាហារប្រូតេអ៊ីនដើម្បីកាត់បន្ថយការឃ្លានខ្លាំង រួមបញ្ចូលទាំងការចេះតែចង់ញ៊ាំអាហារសម្រន់ផ្សេងៗនៅពេលពាក់កណ្ដាលយប់។
៣. រួមបញ្ចូលខ្លាញ់ល្អក្នុងរបបអាហារ
ខ្លាញ់ល្អ គឺចាំបាច់ណាស់សម្រាប់សុខភាពរាងកាយ និងជួយគ្រប់គ្រងការឃ្លាន។ ប្រភពនៃខ្លាញ់ល្អមានដូចជា ប្រេងអូលីវ, ត្រីក្រហម, គ្រាប់ធញ្ញជាតិ, ផ្លែបឺរ និងគ្រាប់ពូជ។ ដូច្នេះដើម្បីជាការប្រសើរ កុំភ្លេចរួមបញ្ជូលប្រភេទនៃខ្លាញ់ល្អក្នុងរបបអាហាររបស់អ្នក។
៤. ព្យាយាមកាត់បន្ថយកម្រិតនៃភាពស្ត្រេស
ស្ត្រេសក៏អាចជាអ្វីមួយដែលធ្វើឱ្យអ្នកចេះតែចង់ញ៊ាំ ឬឃ្លានខ្លាំងផងដែរ។ ការទទួលទានតាមអារម្មណ៍អាចនាំឱ្យអ្នកធាត់ជ្រុល! ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមគ្រប់គ្រងស្ត្រេសតាមរយៈពេលការធ្វើសកម្មភាពផ្សេងៗដូចជាហាត់កីឡា, ហាត់ប្រាណ ឬយូហ្កា និងធ្វើសមាធិ។ អ្នកក៏អាចស្វែងរកជំនួយពីអ្នកជំនាញបានផងដែរបើចាំបាច់។
៥. គេងឱ្យបានច្រើនគ្រប់គ្រាន់
ជាមួយនឹងការគេងបានស្កប់ពី ៧ ទៅ ៨ ម៉ោង នោះអារម្មណ៍ឃ្លានមិនធ្វើឱ្យអ្នកភ្ញាក់ឡើងកំឡុងពេលយប់ឡើយ។ នៅពេលយប់រាងកាយផលិតអ័រម៉ូនមេឡាតូនីនដែលទទួលខុសត្រូវមិនត្រឹមតែចំពោះដំណើរការប្រក្រតីនៃសរីរាង្គ, គ្រប់គ្រងការឃ្លានប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះរូបរាងផងដែរ។ ដើម្បីទទួលបានភាពស្រស់ស្រាយ និងសម្រស់ស្រស់ស្អាត ចូរព្យាយាមគេងលក់មុនពាក់កណ្ដាលយប់។
៦. ទំពារស្ករកៅស៊ូ
ការទំពារស្ករកៅស៊ូ គឺជាវិធីដ៏ងាយនិងប្រសើរបំផុតមួយដែលអាចជួយបញ្ឈប់ការឃ្លានអាហារខ្លាំង ហើយចេះតែចង់ញ៊ាំអាហារសម្រន់។ ជាលទ្ធផលអាចទប់ស្កាត់ការកើនទម្ងន់ដែលមិនចាំបាច់ដោយសារការញ៊ាំអាហារសម្រន់និងជួយរក្សាទម្ងន់មានសុខភាពល្អ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕