ជាធម្មតា ស្នាមសង្វារ ច្រើនជាប់ទាក់ទងជាមួយនឹងការមានផ្ទៃពោះ ប៉ុន្តែវាក៏អាចកើតឡើងដោយសារស្ថានភាពផ្សេងទៀតដូចជា ការកើន ឬស្រកទម្ងន់ភ្លាមៗ, បញ្ហាអតុល្យភាពនៃអ័រម៉ូន និងជំងឺមួយចំនួនផងដែរ។ បើទោះបីជាស្នាមសង្វារអាចបាត់ទៅវិញដោយឯកឯងក៏ដោយ ក៏ប៉ុន្តែវាត្រូវការរយៈពេលយូរ។ ហើយផលិតផលបំបាត់សង្វារផ្សេងៗក៏មិនខ្វះដែរ គ្រាន់តែភាគច្រើនមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភាព។ ដូច្នេះថាតើធ្វើយ៉ាងណាទើបអាចបំបាត់ស្នាមសង្វារបានឆាប់រហ័ស, ចំណាយអស់តិច ហើយមិនផ្ដល់ឥទ្ធិពលអវិជ្ជមានអ្វីដល់ស្បែកនោះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយបំបាត់ស្នាមសង្វារយ៉ាងឆាប់រហ័ស ៖
១. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងសុទ្ធលើតំបន់ស្បែកដែលមានបញ្ហាសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី។ អ្នកអាចទុកចោលសម្រាប់រយៈពេលពេញមួយយប់តែម្ដង ឬលាងសម្អាតចេញក្រោយរយៈពេលពី ១ ទៅ ២ម៉ោង។ ដើម្បីទទួលបានលទ្ធផលប្រសើរ ចូរលាបម៉ាស្សាប្រេងលើស្បែកដែលសើមតិចៗ ឬមានសំណើម។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ។
២. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ ២ស្លាបព្រាបាយជាមួយប្រេងវីតាមីន E ១ ស្លាបព្រាកាហ្វេ ឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបម៉ាស្សាល្បាយលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ១ ម៉ោង សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ។
៣. ប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងអូលីវពី ១ ទៅ ២ស្លាបព្រាបាយសម្រាប់រយៈពេលពី ២ ទៅ ៣នាទីឱ្យក្ដៅឧណ្ហៗជាមុនសិន។ បន្ទាប់មកសឹមលាបម៉ាស្សាប្រេងលើតំបន់ស្បែកដែលមានបញ្ហាសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី និងទុកចោលបែបនេះសម្រាប់រយៈពេលពេញមួយយប់។ អនុវត្តរាល់ថ្ងៃមុនពេលចូលគេង។
៤. ថ្នាំគ្រាប់វីតាមីន E
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ ឬច្របាច់គ្រាប់ថ្នាំវីតាមីន E ពី ៤ ទៅ ៥ គ្រាប់ យកជាតិប្រេងលាបម៉ាស្សាលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ ទុកចោលបែបនេះសម្រាប់រយៈពេលពេញមួយយប់ដោយកុំលាងសម្អាតចេញ។ អនុវត្តម្ដងរាល់ថ្ងៃ។
៥. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ៗពី ១ ទៅ ២ស្លាបព្រាបាយជាមួយទឹកធម្មតា ២ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបម៉ាស្សាល្បាយលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ និងរងចាំរហូតដល់ស្ងួត ឬសម្រាប់រយៈពេល ១៥នាទី។ លាងសម្អាតចេញ និងកុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកតាមក្រោយផង។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ។
៦. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀតកន្លះស្លាបព្រាកាហ្វេជាមួយប្រេងដូងពី ១ ទៅ ២ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបម៉ាស្សាល្បាយលើស្នាមសង្វារ និងរងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣០នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា និងអនុវត្តម្ដងក្នុងមួយថ្ងៃ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕