លាងសំអាតស្បែករបស់អ្នកដោយសន្សឹមៗ
ស្នាមជាំខ្មៅ ឬ មុនជារឿយៗតែងលេចឡើងនៅលើមុខ, ក, ដើមទ្រូង, ខ្នង និង ស្មារបស់អ្នក ដែលស្បែកនៅទីនោះមានក្រពេញខ្លាញ់ក្នុងបរិមាណដ៏ច្រើន។ មានមនុស្សតិចណាស់ ក្នុងចំណោមយើងទាំងអស់គ្នាដែលមានភាពសុំានឹងការលេចចេញនេះ ប៉ុន្តែអ្នកអាចធ្វើការ ការពារ ឬ កំចាត់មុនភាគច្រើនទាំងនោះបាន។ ដើម្បីទទួលបាននូវពណ៌សប្បុរស្បែកដ៏ស្រស់ថ្លា ។ គំនិតខាងក្រោមទាំងអស់នេះ នឹងផ្តល់អោយអ្នកនូវការភ្ញាក់ផ្អើល នូវអ្វីដែលអ្នកគួរធ្វើ និង អ្វីដែលអ្នកមិនគួរធ្វើ ។
កុំធ្វើការលាងសំអាតស្បែកមុខរបស់អ្នកញឹកញាប់ពេក
ស្បែកដែលកខ្វក់ មិនប្រាកដថានឹង បណ្តាលអោយអ្នកកើតមុន ឬ មានស្នាមខ្មៅនោះទេ។ ការលាងសំអាតញឹកញាប់ និង ខ្លាំងក្លាពេក អាចធ្វើអោយស្បែករបស់អ្នករលាកក្រហាយ និង ធ្វើអោយមុនកាន់តែមានសភាពអាក្រក់។ ហើយពពួកសាប៊ូដែលមានសារជាតិខាត់ និងសារធាតុគីមីក្នុងកំរិតខ្ពស់ ក៏អាចផ្តល់ផលវិបាកអោយវាផងដែរ។ ជំនួសមកវិញអ្នកគួរតែលាងសំអាតតំបន់ដែលពោបដោយមុន ពីរដងក្នុងមួយថ្ងៃជាមួយនឹង សាប៊ូដែលមាន កំរិតស្រាល និងទឹកក្តៅឧណ្ណៗ ។
សូមជ្រើសរើសសាប៊ូដែលមិនមានសារជាតិខ្លាញ់
សាប៊ូដែលមិនមានជាតិខ្លាញ់ នឹងមិនធ្វើអោយស្ទះរន្ធញើស ឬ បណ្តាលអោយមានមុនក្បាលខ្មៅ និង ក្បាលសនោះទេ។ សូមជ្រើសរើសផលិតផលដែលមានស្លាកសញ្ញាថា មិនមានសារជាតិខ្លាញ់ (oil-free, nonacnegenic ឬnoncomedogenic )។ ដាក់សាប៊ូនៅលើបាតដៃ និង លាងសំអាតស្បែកមុខរបស់អ្នកដោយចុងម្រាមដៃ។ ការលាងសំអាតដោយប្រើក្រណាត់ , អេប៉ុងដែលមានសំណាញ់ និង ផលិតផ្សេងៗទៀត អាចធ្វើអោយមានការដាច់រលាត់និង រលាកស្បែក ហើយវានឹងបណ្តាលអោយមានការលេចចេញនូវស្នាមទាំងនេះ ។
អ្នកមិនចាំបាច់ជៀសវាងអាហារដែលអ្នកចូលចិត្តនោះទេ
វាជាការមិនពិត ក្នុងការមានជំនឿថា អាហារដែលមានជាតិខ្លាញ់ ឬ ស៊ុកកូឡា អាចបណ្តាលអោយអ្នកកើតមុន។ មុនកើតមានឡើង នៅពេលដែលរន្ធញើស ត្រូវបានបិទខ្ទប់ដោយខ្លាញ់, កោសិកាស្បែក និង បាក់តេរីធម្មតាដែលជាមូលហេតុនាំអោយមានការរលាកនេះ ។ ប្រសិនបើអ្នកប្រាកដពីអាហារមួយចំនួនដែលហាក់ដូចជានាំអោយអ្នកមានលេចចេញនូវស្នាមទាំងនេះ សូមព្យាយាមជៀសវាងពួកវា។
សូមផឹកទឹកអោយបានច្រើន
សូមផឹកទឹកអោយបានច្រើននៅក្នុងពេលមួយថ្ងៃៗ ដើម្បីរក្សាស្បែករបស់អ្នកអោយមានសំណើម។ អ្នកក៏ត្រូវទទួលទានផងដែរនូវអាហារដែលផ្តល់អោយអ្នកមានសុខភាពល្អ ជាមួយនឹងផ្លែឈើស្រស់ និងបន្លែដែលសំបូរជាតិ វីតាមីនA និង វីតាមីនE អោយបានច្រើន ។គេដឹងថា វីតាមីនទាំងពីរនេះផ្តល់អត្ថប្រយោជន៍ដល់ស្បែករបស់អ្នក។ បន្លែដែលមានស្លឹកពណ៌បៃតងមានដូចជា ស្ពីណាច និង ខាត់ណា គឺសំបូរទៅដោយវីតាមីន E ។ វីតាមីនA ត្រូវបានគេរកឃើញនៅក្នុងផ្លែឈើដែលមានពណ៌ចំរុះ និង បន្លែមួយចំនួនដូចជា ការ៉ុត, ត្រសក់ស្រូវ, ផ្លែប៉េស និង ម្ទេស។
ចូរកុំប្រើគ្រឿសំអាងក្រាស់ពេក
ជៀសវាងការប្រើប្រាស់ផលិតផលគ្រឿងសំអាង ដែលមានសារជាតិខ្លាញ់ ។ តើអ្នកអាចដឹងបានដោយរបៀបណា? សូមអនុវត្តតាមវិធីដ៏សាមញ្ញនេះ ៖ ម្សៅទ្រនាប់ដែលមានជាតិក្រែម ឬ ម្សៅផាត់ថ្ពាល់អោយក្រហម ដែលជាទូទៅវាអាច ធ្វើអោយស្ទះរន្ធញើស។ ផលិតផលគ្រឿងសំអាតដែលផ្សំដោយសារជាតិរ៉ែ ដែលមានកំរិតស្រាលនិងម៉ដ្ឋ ហាក់ដូចជាមិនសូវផ្តល់ផលវិបាកទាំងនេះ នោះទេ។
សូមកុំប្រើម្សៅទ្រនាប់ដែលគ្មានជាតិខ្លាញ់
ប្រសិនបើអ្នកធ្វើការផាត់មុខ សូមកុំប្រើម្សៅទ្រនាប់គ្មានជាតិខ្លាញ់។ ដើម្បីជួយបិទរន្ធញើស ចូរបាចទឹកត្រជាក់ ដាក់ លើផ្ទៃមុខរបស់អ្នក មុនពេលអ្នកលាបម្សៅទ្រនាប់។ ក្នុងនោះផងដែរ មិនថាអ្នកអស់កំលាំងប៉ុនណានោះទេអ្នកត្រូវតែលាងសំអាតម្សៅផាត់មុខរបស់អ្នកចេញ មុនពេលចូលគេង។
ចូរកុំហាលថ្ងៃ
វាជាការមិនពិត ដែលអ្នកជឿថាការធ្វើអោយស្បែករបស់អ្នកឡើង ទង់ដែងអាចជំរុះស្បែកចាស់របស់អ្នក។ វាជាកាពិតដែលថា កាំរស្មីយូវី អាចធ្វើអោយអ្នកប្រឈមមុខនឹងជំងឺមហារីកស្បែក ការចាស់មុនអាយុ និង មានស្នាមជ្រាវជ្រួញ។ សូមកុំដេកនៅក្រោមកំដៅថ្ងៃ ។មានផលិតផលព្យាបាលមុនមួយចំនួនផងដែរ ជាទូទៅអាចធ្វើអោយអ្នកឆាប់មានប្រតិកម្មនឹងការបំផ្លាញ ពីកាំរស្មីយូវី វារួមមានដូចជាថ្នាំលាបរ៉េទីណូអ៊ីត ។
សូមប្រើក្រែមការពារកំដៅព្រះអាទិត្យដែលគ្មានជាតិខ្លាញ់
ប្រើក្រែមការពារកំដៅថ្ងៃ ឬ ថ្នាំលាបផ្តល់សំណើម ជាមួយនឹង កត្តាការពារកំដៅថ្ងៃ (SPF) មានកំរិត១៥ ឬ ខ្ពស់ជាងនេះ ដែលអាចផ្តល់អោយអ្នកនូវការ ការពារបានយ៉ាងទូលំទូលាយពី កម្មរស្មីទាំងពីរគឺ អ៊ុលត្រាវីយូលែតអេ( ultraviolet, UVA) និង អ៊ុលត្រាវីយូលែតប៊ី ( ultraviolet B, UVB) ។សូមស្វែងរកផលិតផលណា ដែលមានដាក់ស្លាកសញ្ញា ថាមិនមានជាតិខ្លាញ់នឹងមិនធ្វើអោយស្ទះរន្ធញើសរបស់អ្នក ។ ធ្វើការលាបវាឡើងវិញ រាល់ពីរម៉ោងម្តង។
កុំប្រើផលិតផលលាបសក់ដែលមានជាតិខ្លាញ់
ផលិតផលដែលមានដូចជា ក្រមួន ឬ ជែល អាចធ្វើអោយស្ទះរន្ធញើសរបស់អ្នក នៅពេលដែលសក់ប៉ះនឹងផ្ទៃមុខរបស់អ្នក។ រក្សាសក់របស់អ្នកអោយមាន អនាម័យល្អ ដោយប្រើផលិតផលដែលគ្មានជាតិប្រេង ឬសាប៊ូកក់សក់ ដែលគ្មានជាតិខ្លាញ់ ។ ប្រសិនបើអ្នកមានសសៃសក់ដែលសំបូរ ទៅដោយជាតិប្រេង សូមធ្វើការកក់សក់ជារៀងរាល់ថ្ងៃ។ ដាក់របាំងការពារមុខ នៅពេលណាដែលអ្នកប្រើទឹកបាញ់សក់ ឬ ជែលលាបនៅលើសក់ របស់អ្នក ។
ដាក់សក់របស់អ្នកអោយឆ្ងាយចេញពីផ្ទៃមុខ
ចងសក់របស់អ្នកទៅក្រោយ នៅពេលអ្នកចូលគេង ដូច្នេះវានឹងមិនធ្វើអោយស្បែករបស់អ្នករងផលប៉ះពាល់នោះទេ។ ព្យាយាមដាក់សក់របស់អ្នក អោយនៅឆ្ងាយពីមុខ នៅកំឡុងពេលថ្ងៃផងដែរ។ ចូរចងចាំថា សសៃសក់ដែលមានជាតិប្រេង អាចបិទបាំងរន្ធញើស និង នាំអោយមានការលេចចេញនូវមុន ទោះបីជាអ្នកមិនបានប្រើប្រាស់ផលតផលលាបសក់ក៏ដោយ។
កុំប៉ះមុខរបស់អ្នក
ការប៉ះ ឬ ជូតមុខរបស់អ្នក អាចធ្វើអោយមុនកាន់តែមានសភាពអាក្រក់ជាងមុន។ អ្នកក៏មិនត្រូវ ទ្រោបមុខទៅលើដៃរបស់អ្នកផងដែរ។ ទន្ទឹមនេះ ព្យាយាមដាក់ទូរស័ព្ទដៃរបស់អ្នក កុំអោយប៉ះនឹងផ្ទៃមុខ។ ដៃ និង ទូរស័ព្ទរបស់ពួកយើងអាចមានផ្ទុកជាតិប្រេង និង មេរោគដែលអាចធ្វើអោយមានការ រលាករោល។ ញើសក៏អាចធ្វើអោយមុនរបស់អ្នក កាន់តែធ្ងន់ធ្ងរឡើងផងដែរ។ បន្ទាប់ពីការបែកញើស ធ្វើការលាងស្បែករបស់អ្នកថ្នមៗ ។
ប្រើក្រែម ដោយប្រើប្រដាប់សំរាប់លាប
ប្រើដុំសំលី, ជួកកប្បាស ឬ ប្រដាប់សំរាប់លាប នៅពេលអ្នកត្រូវលាបក្រែម ឬ ម្សៅផាត់មុខនៅលើស្បែករបស់អ្នក។ ប្រសិនបើអ្នកប្រើដៃរបស់អ្នក សូមប្រើផលិតផលទាំងនេះជាមួយនឹងចុងម្រាមដៃរបស់អ្នក។ ដៃរបស់យើងម្នាក់ៗ មានផ្ទុកជាតិប្រេង និង មេរោគដែលអាចធ្វើអោយមុន និង ស្នាមជាំមានសភាពកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើអ្នកធ្វើការតុបតែងមុខ សូមប្រាកដថាអ្នកប្រើវានៅលើស្បែកដែលស្អាតល្អ។
សូមប្រើទឹកផ្តល់សំណើមដែលគ្មានជាតិប្រេង
ស្បែកដែលមានសុខភាពល្អ គឺមានសំណើម។ សូមប្រើទឹកថ្នាំផ្តល់សំណើម ដែលមានបិទស្លាកសញ្ញាថា គ្មានជាតិប្រេង។ មានន័យថា វានឹងមិនធ្វើអោយស្ទះរន្ធញើសរបស់អ្នក នោះទេ។ អ្នកប្រហែលជាមានការស្ទាក់ស្ទើរក្នុងការលាបទឹកថ្នាំផ្តល់សំណើម នៅស្បែកដែលទ្រោបដោយមុន ប៉ុន្តែទឹកថ្នាំផ្តល់សំណើមល្អ ពិតជាអាចជួយធ្វើអោយស្បែករបស់អ្នកបានធូរសះស្បើយ ។
កុំញេចមុនរបស់អ្នក
ការញេចច្របាច់មុន ឬ ស្នាមកន្ទួលក្រហម គឺគ្រាន់តែជាការបង្កើនបញ្ហានោះទេ។ សូមព្យាយាមទប់នូវចំណង់នេះ។ វានឹងធ្វើអោយការព្យាបាល កាន់តែអូសបន្លាយយូរ និងបង្កើននឹងការប្រឈមមុខនឹង ស្លាកស្នាមប៉ុណ្ណោះ។ការញេចមុនក៏អាច ជំរុញអោយមានការចំលងមេរោគចូលទៅក្នុងស្បែកផងដែរ ដែលវានឹងអាចបណ្តាលអោយមានការរលាក និង មានស្លាកស្នាមថែមទៀតផង។
ប្រើប្រាស់ថ្នាំព្យាបាលមុនតាមការណែនាំ
ឱសថព្យាបាលមុន គឺមិនមានប្រសិទ្ធភាពក្នុងពេលមួយយប់នោះទេ។ ការព្យាបាលភាគច្រើន អាចបន្តរហូតដល់ប្រាំបីសប្តាហ៍នៃការប្រើប្រាស់ជាប្រចាំថ្ងៃ មុនពេលអ្នកឃើញនូវការរីកចំរើន។ វាប្រហែលជាអាចចំណាយពេលយូរសំរាប់ស្បែករបស់អ្នក ក្នុងការសំអាតមុនបានទាំងស្រុង។ ពេលខ្លះវេជ្ជបណ្ឌិតរបស់អ្នក នឹងណែនាំអ្នកអោយប្រើឱសថព្យាបាលមុនទោះបីជា ស្បែករបស់អ្នកបានស្អាតហើយក៏ដោយ។ សូមប្រាកដថា អ្នកធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត។ ការប្រើថ្នាំព្យាបាលហួសហេតុពេក អាចធ្វើអោយស្បែករបស់អ្នករលាកក្រហាយ ខណៈពេលដែលអ្នកធ្វើការប្រើប្រាស់វាមិនគ្រប់គ្រាន់ វានឹងគ្មានប្រសិទ្ធភាព ។
ពិនិត្យមើលរាល់វិធីនៃការព្យាបាលមុន
សូមកុំរស់នៅជាមួយមុនក្បាលខ្មៅ ឬ ស្នាមកន្ទួលក្រហម។ ប្រសិនបើការព្យាបាលបច្ចុប្បន្នរបស់អ្នក ហាក់ដូចជាមិនមានប្រសិទ្ធភាព អ្នកត្រូវធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិត ឬ គ្រូពេទ្យសើស្បែក ដើម្បីពិភាក្សាពីជំរើសនៃការព្យាបាលផ្សេងទៀត។ មានប្រភេទនៃឱសថជាច្រើន ដែលអាចជួយសំអាតស្បែករបស់អ្នក។ ពួកវាមួយចំនួន គឺមានប្រើនៅក្នុងវេជ្ជបញ្ជា របស់គ្រូពេទ្យ។