ជាទូទៅ រដូវរងារត្រូវបានគេឱ្យនិយមន័យថាជារដូវស្បែកស្ងួតនិងរមាស់។ ប៉ុន្តែ វាមិនមែនតែងតែដូច្នោះទេ។ បើទោះជាអ្នករស់នៅក្នុងបរិយាកាសត្រជាក់និងស្ងួត ឬនៅក្នុងផ្ទះដ៏កក់ក្តៅដោយប្រើម៉ាស៊ីនកម្តៅក៏ដោយ ក៏អ្នកអាចថែរក្សាស្បែកដែលទន់និងមានសំណើមតិចៗបានដែរ។ ដោយសារតែភាពស្ងួតគឺជាលទ្ធផលនៃភាពខ្វះជាតិទឹក (មិនមែនប្រេងនោះទេ) ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺបំពេញប្រភពសំណើមនោះឱ្យបានគ្រប់គ្រាន់។
មិនត្រូវព្យាយាមញ៉ាំទឹកដើម្បីបំបាត់ភាពស្ងួត៖ សៀវភៅឬទស្សនាវដ្តីសម្រស់ជាច្រើនណែនាំឱ្យញ៉ាំទឹកពី ៦ ទៅ ៧កែវ ក្នុងមួយថ្ងៃ ដើម្បីរក្សាស្បែកឱ្យមានសំណើមនិងបង្ការភាពស្ងួត។ ហើយក្នុងពេលដែលការញ៉ាំបានទឹកគ្រប់គ្រាន់មានសារសំខាន់សម្រាប់សុខភាពស្បែក អ្នកមិនត្រូវជឿការផ្សាយបោកប្រាស់ដែលថាអ្នកនឹងឃើញប្រសិទ្ធភាពលើស្បែករបស់អ្នកនោះឡើយ។
វេជ្ជបណ្ឌិត ខេននេត ណេលដ៍ន័រ (Kenneth Neldner) និយាយថា “ប្រសិនបើអ្នកខ្វះជាតិទឹក ស្បែករបស់អ្នកនឹងស្ងួត ប៉ុន្តែប្រសិនបើអ្នកមានជាតិទឹកធម្មតា អ្នកមិនអាចទប់ស្កាត់ឬព្យាបាលស្បែកស្ងួតដោយការញ៉ាំទឹកនោះទេ”។
ដាក់ទឹកនៅកន្លែងដែលវាត្រូវការ៖ វេជ្ជបណ្ឌិត ហីឡាត ភើលស្ទៀន (Hillard H. Pearlstein) និយាយថា “វិធីល្អបំផុតក្នុងស្រូបយកជាតិទឹកទៅក្នុងស្បែកគឺការត្រាំវាក្នុងទឹក។ គាត់ណែនាំឱ្យត្រាំក្នុងទឹកក្តៅឧណ្ហៗរយៈពេល ១៥នាទី។ ការណែនាំសំខាន់សម្រាប់បញ្ហាស្បែកស្ងួតគឺមុជទឹកតិចនិងប្រើទឹកត្រជាក់។
ផ្តល់ជាតិសំណើមដល់ស្បែក៖ វេជ្ជបណ្ឌិត ភើលស្ទៀន និយាយថា “ក្រោយពេលមុជទឹកហើយត្រូវបន្ថែមជាតិសំណើមដល់ស្បែក។ សំណើមគឺជាសារធាតុដែលរក្សាទុកជាតិទឹកនៅក្នុងស្បែក”។
ជូតខ្លួនឱ្យនៅសើមៗ៖ វេជ្ជបណ្ឌិត ណេលដ៍ន័រ និយាយថា “ការលាបសារធាតុសំណើមលើស្បែកសើមក្រោយពេលមុជទឹកហើយភ្លាមៗមានប្រសិទ្ធភាពខ្ពស់ជាងការលាបលើស្បែកស្ងួត។ នោះមិនមែនមានន័យថា អ្នកត្រូវលាបសារធាតុសំណើមភ្លាមៗក្រោយពេលចេញពីមុជទឹកទាំងខ្លួនទទឹកជោគនោះទេ។ អ្នកត្រូវជូតខ្លួនឱ្យខ្លួននៅសើមៗ មុននឹងលាប”។
មិនត្រូវធ្វើខ្លួនមានខ្លាញ់រងើមដោយសារការផ្សាយពាណិជ្ជកម្ម៖ ប្រសិនបើអ្នកមិនមានបញ្ហាជាមួយនឹងជាតិខ្លាញ់ទេ អ្នកអាចប្រើប្រេងរុក្ខជាតិ (ប្រេងផ្កាឈូករ័ត្ន និងប្រេងសណ្តែកដី) ព្រោះវាអាចទប់ទល់ប្រឆាំងនឹងស្បែកស្ងួតបាន។ វាមានប្រសិទ្ធភាព, សុវត្ថិភាព, និងជាប្រេងសុទ្ធ ហើយក៏មិនថ្លៃដែរ។
ប៉ុន្តែផលិតផលទាំងនោះមានគុណវិបត្តិមួយគឺ វានឹងធ្វើអ្នកមានខ្លាញ់ច្រើនលើស្បែក។ វេជ្ជបណ្ឌិត ភើលស្ទៀន និយាយថា “មនុស្សយើងចូលចិត្តអ្វីដែលមានក្លិនល្អ និងធ្វើឱ្យមានអារម្មណ៍ល្អ ហើយមិនធ្វើឱ្យពួកគេមានអារម្មណ៍ដូចជាខ្លាញ់ជ្រូកនោះទេ”។ ដូច្នេះប្រសិនបើអ្នកចូលចិត្តសារធាតុសំណើមដែលមានលក់តាមទីផ្សារ អ្នកអាចជ្រើសរើសប្រើវាបាន។ អ្នកគ្រាន់តែត្រូវដឹងថា វាមានគោលការណ៍ស្រដៀងគ្នាទេ។ គាត់បន្តថា “វាអាស្រ័យទៅលើថាតើអ្នកចង់ចំណាយប្រាក់កម្រិតណា, អ្នកចង់មានក្លិនយ៉ាងណា, និងអ្នកចង់មានអារម្មណ៍ណា តែប៉ុណ្ណោះ។ មិនមានការស្រាវជ្រាវណាដែលបានបង្ហាញថាផលិតផលណាមានប្រសិទ្ធភាពជាងផលិតផលណានោះទេ។ វាអាស្រ័យទៅលើការសម្រេចចិត្តរបស់អ្នក”។
ប្រើស្រូវអូក (oatmeal)៖ អ្នកស្រាវជ្រាវមួយចំនួនជឿថា មនុស្សយើងរកឃើញប្រសិទ្ធភាពព្យាបាលស្បែកដោយប្រើស្រូវអូក លើកដំបូងប្រហែលជា ៤.០០០ឆ្នាំមុនមកម្ល៉េះ។ វេជ្ជបណ្ឌិត ហូវ៉ាត ដុនស្កាយ (Howard Donsky) និយាយថា “ស្រូវអូកអាចប្រើនៅពេលមុជទឹក ធ្វើជាភ្នាក់ងារព្យាបាលស្បែក”។ អ្នកគ្រាន់តែលាយម្សៅស្រូវអូក ២ ពែង ទៅក្នុងអាងមុជទឹកដែលប្រើទឹកក្តៅឧណ្ហៗ។
គាត់បន្តថា “អ្នកអាចប្រើវាជំនួសសាប៊ូបានដោយចាក់ម្សៅស្រូវអូកទៅលើកន្សែងទទឹក ហើយយកវាមកដុសខ្លួនដូចដែលអ្នកប្រើក្រណាត់ដុសខ្លួនធម្មតា”។
ជ្រើសរើសសាប៊ូដែលមានជាតិខ្លាញ់៖ វេជ្ជបណ្ឌិត ភើលស្ទៀន និយាយថា “សាប៊ូភាគច្រើនមានជាតិក្បុងក្នុងនោះ។ ជាតិក្បុងមានសារប្រយោជន៍ក្នុងការលាងសម្អាត ប៉ុន្តែវាងាយធ្វើឱ្យរលាកស្បែក”។ គាត់ណែនាំថា អ្នកដែលមានស្បែកស្ងួតគួរប្រើសាប៊ូដែលមានជាតិខ្លាញ់ ដូចជា សាប៊ូ Dove។
មិនត្រូវប្រើសាប៊ូញឹកញាប់ពេក៖ វេជ្ជបណ្ឌិត ភើលស្ទៀន និយាយថា “អាមេរិកគឺជាសង្គមប្រើប្រាស់សាប៊ូច្រើនពេក ហើយយើងដែលជាអ្នកជំនាញស្បែកមើលឃើញបញ្ហាជាច្រើនពីការប្រើប្រាស់ច្រើនជ្រុលពេកនេះ ច្រើនជាងកាលពីមុនដែលយើងគ្មានសាប៊ូប្រើប្រាស់ទៅទៀត”។ ការណែនាំរបស់គាត់គឺ៖ ប្រសិនជាវាមិនកខ្វក់ទេ មិនចាំបាច់លាងសម្អាតវានោះទេ។
រក្សាភាពត្រជាក់៖ វិធីល្អមួយសម្រាប់ទប់ទល់នឹងស្បែកស្ងួតគឺរក្សាភាពត្រជាក់ក្នុងបន្ទប់របស់អ្នក។ វេជ្ជបណ្ឌិត ភើលស្ទៀន និយាយថា “ព្រោះខ្យល់ត្រជាក់មានឥទ្ធិពលភាពស្ពឹក វាជួយធ្វើស្បែកមានអារម្មណ៍ល្អ។ ប្រសិនបើអ្នកផ្តល់កម្តៅខ្លាំងពេកនៅក្នុងផ្ទះ វាធ្វើឱ្យសរសៃឈាមរីក ដែលធ្វើឱ្យភាពរមាស់ចាប់ផ្តើម។ ប៉ុន្តែនៅពេលដែលអ្នកធ្វើឱ្យស្បែកត្រជាក់ មិនថាដោយការប្រើទឹកត្រជាក់ ឬ ខ្យល់ត្រជាក់នោះទេ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អ”។