បើទោះបីជាការកោរ ដក និងបករោម គឺជាវិធីសាស្ត្រដែលមានប្រជាប្រិយភាពសម្រាប់ប្រើក្នុងការបំបាត់រោមក្នុងរយៈពេលខ្លី ប៉ុន្តែវាមិនសូវមានប្រសិទ្ធភាពនោះទេ។ គ្រប់វិធីទាំងនេះអាចដករោមមុខបានតែប៉ុន្មានថ្ងៃទៅប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះ មិនអាចបំបាត់វាបានរហូតនោះទេ។ ប៉ុន្តែវិធីសាស្ត្រវេជ្ជសាស្ត្រ ដូចជាការបាញ់កាំរស្មី ឬអគ្គិសនីវិភាគ អាចបំបាត់ឬកាត់បន្ថយការលូតលាស់របស់រោមមុខបានយូរ។ ប្រភេទក្រែមផ្សេងទៀតក៏អាចបង្ការការលូតលាស់ឡើងវិញនៃរោមផងដែរ។
ការបាញ់កាំរស្មី
ការបាញ់កាំរស្មីអាចបំបាត់ឬកាត់បន្ថយរោមមុខបាន។ រោមត្រូវបានយកចេញដោយឧបករណ៍បាញ់កាំរស្មីដែលកាន់នៅដៃ ដែលវាបំផ្លាញឫសរោមនីមួយៗ ដែលអាចបង្ការការលូតលាស់ឡើងវិញនៃរោមមុខ។ ការបាញ់ពី ៦ ទៅ ៨ដង ត្រូវប្រើរៀងរាល់ពី ៦ ទៅ ៨សប្តាហ៍ដើម្បីកាត់បន្ថយរោមមុខ។ គ្លីនីកម៉ាយ៉ូ (Mayo) បានឱ្យដឹងថា ការបាញ់កាំរស្មីនេះអាចកាត់បន្ថយការលូតលាស់នៃរោមមុខបានពី ២០ ទៅ ៩០ភាគរយ។ ប៉ុន្តែរោមខ្លះអាចលូតលាស់មកវិញបានបើទោះជាត្រូវបានបាញ់កាំរស្មីហើយក៏ដោយ។ ផលវិបាករបស់ការបាញ់កាំរស្មីដើម្បីបំបាត់រោមមុខមានដូចជា ជាតិពណ៌លើសលើស្បែក ស្បែកក្រៀម ឬឡើងក្រមរ។
Vaniqa
Vaniqa ជាថ្នាំដែលអាចទិញបានដោយត្រូវមានវិជ្ជបញ្ជាដែលអនុញ្ញាតិឱ្យប្រើប្រាស់ដោយរដ្ឋបាលចំណីអាហារនិងឱសថ (FDA)។ វាអាចកាត់បន្ថយរោមមុខបាន។ វាបង្ការនិងកាត់បន្ថយការលូតលាស់នៃរោមមុខដោយការរារាំងអង់ស៊ីមក្នុងឫសរោមដែលទទួលខុសត្រូវលើការលូតលាស់នៃរោម។ វាកាត់បន្ថយការលូតលាស់នេះរោមបានក្នុងកំឡុងពេល ៨សប្តាហ៍ បើទោះជាវានឹងលែងមានប្រសិទ្ធភាពប្រសិនបើឈប់ប្រើប្រាស់វាក៏ដោយ។ Vaniqa បង្ករឱ្យមានផលវិបាកតូចៗមួយចំនួន ដូចជា ឡើងក្រហម មានអារម្មណ៍ដូចសត្វទិចនៅតំបន់ដែលលាប រសើប ឬក្តៅ។
អគ្គិសនីវិភាគ (Electrolysis)
អគ្គិសនីវិភាគគឺជាវិធីសាស្ត្រតែមួយគត់ដែលអាចបំបាត់រោមមុខបានរហូត។ វាបំបាត់រោមមុខដោយការប្រើឧបករណ៍ជាតិដែកស្តើងមួយដាក់ពីលើឫសរោម ហើយបញ្ជូនចរន្តអគ្គិសនីទៅកាន់គល់នៃរោម។ វាបំផ្លាញរោមពីគល់និងបង្ការមិនឱ្យមានការលូតលាស់ឡើងវិញ។ អគ្គិសនីវិភាគបង្ករឱ្យមានការឈឺចាប់ និងអាចបង្ករឱ្យមានជាតិពណ៌លើស។ វាក៏អាចបង្ករឱ្យមានស្នាមដំបៅដែលពកឡើង ឬដំបៅក្រាស់ ក្រហម ឬត្នោត ដែលើហើមលើមុខ។