ជាមួយនឹងការថែរក្សាបានត្រឹមត្រូវ ធ្មេញនិងអញ្ចាញធ្មេញរបស់អ្នកអាចមានសុខភាពល្អបានពេញមួយជីវិតរបស់អ្នក។ ធ្មេញនិងអញ្ចាញធ្មេញរបស់អ្នកកាន់តែមានសុខភាពល្អ អ្នកនឹងមានហានិភ័យបញ្ហាដង្កូវស៊ីធ្មេញ ពុកធ្មេញ និងជំងឺអញ្ចាញធ្មេញកាន់តែទាប ដែលបញ្ហាទាំងអស់នេះអាចធ្វើឱ្យមាត់អ្នកមានក្លិនមិនល្អនិងមានធ្មេញដែលមិនស្រស់ស្អាត។ បញ្ហាក្លិនមាត់និងសោភ័ណភាពធ្មេញក៏មានតួនាទីលើសម្រស់អ្នកទាំងមូលផងដែរ។ បើអ្នកមានក្លិនមាត់មិនល្អនិងរាល់ពេលនិយាយ ញញឹម ឬសើច បញ្ចេញធ្មេញដែលមិនស្អាតមិននោះមក វាអាចប៉ះពាល់ដល់ចំណាប់អារម្មណ៍របស់អ្នកដទៃមកលើអ្នក។
តើខ្ញុំគួរថែរក្សាធ្មេញនិងអញ្ចាញធ្មេញដោយវិធីណា?
ជំហានសំខាន់ទាំងប្រាំក្នុងការថែរក្សាធ្មេញនិងអញ្ចាញធ្មេញមាន៖
១. ដុសធ្មេញ
២. ប្រើខ្សែសម្អាតធ្មេញ
៣. បរិភោគឱ្យបានត្រឹមត្រូវ
៤. ទៅជួបពេទ្យធ្មេញ
៥. ការលាងសម្អាត។
ការណែនាំក្នុងការដុសធ្មេញ
ដុសធ្មេញយ៉ាងតិចពីរដងក្នុងមួយថ្ងៃ។ ប្រសិនបើអាច ចូរដុសធ្មេញរាល់ក្រោយពេលបរិភោគអាហារ។ ការដុសធ្មេញជួយសម្អាតកំណក កំទេចអាហារ ឬមេរោគដែលតោងជាប់នឹងធ្មេញរបស់អ្នក។ នៅពេលដែលមេរោគនោះប៉ះជាមួយនឹងអាហារ វានឹងផលិតជាតិអាស៊ីតដែលធ្វើឱ្យធ្មេញពុកឬហៅថាដង្កូវស៊ី។ ដើម្បីដុសធ្មេញបានត្រឹមត្រូវ៖
- ដាក់ថ្នាំដុសធ្មេញមានជាតិហ្ល័រអររ៉ាយប៉ុនគ្រាប់សណ្តែកលើក្បាលច្រាស់ដុសធ្មេញ (ប្រើច្រាស់ដុសដែលទន់)។
- យកច្រាស់ដុសលើធ្មេញក្នុងចលនាជារង្វង់តូចមួយ។ បន្តដុសដោយចលនានេះដោយសម្អាតធ្មេញម្តងមួយៗ។
- ដុសធ្មេញក្នុងចលនាជារង្វង់តូចៗទាំងខាងលើនិងខាងក្រោម ហើយទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុងដែលបែរទៅរកអណ្តាត។
- ក្រោយពេលដុសធ្មេញរបស់អ្នកពីពីរទៅបីនាទី លាងសម្អាតមាត់របស់អ្នកជាមួយនឹងទឹក។
- ប្តូរច្រាស់ដុសធ្មេញរបស់អ្នករៀងរាល់បីទៅបួនខែម្តង។
ការណែនាំក្នុងការប្រើខ្សែសម្អាតធ្មេញ
ប្រើខ្សែសម្អាតរូសធ្មេញម្តងក្នុងមួយថ្ងៃ។ ការប្រើខ្សែរូសសម្អាតធ្មេញជួយបំបាត់កំទេចអាហារឬកំណកដែលជាប់នៅចន្លោះធ្មេញដែលច្រាស់ដុសធ្មេញមិនអាចចូលទៅដល់។ ប្រសិនបើកំណកនោះជាប់នៅក្នុងធ្មេញ វាអាចឡើងរឹងទៅជាក្រមធ្មេញ ដែលត្រូវលាងសម្អាតចេញដោយគ្រូពេទ្យធ្មេញ។ ដើម្បីប្រើខ្សែសម្អាតធ្មេញឱ្យបានត្រឹមត្រូវ៖
- កាត់យកខ្សែសម្អាតពីប្រអប់ប្រវែងសមល្មម (ប្រហែល ៥០សង់ទីម៉ែត្រ)
- រុំខ្សែជុំវិញម្រាមដៃកណ្តាលទាំងសងខាង ដោយទុកចន្លោះប្រហែល ៣សង់ទីម៉ែត្រទំនេរសម្រាប់ធ្វើការរូសសម្អាតធ្មេញ។ ចូររូសសម្អាតធ្មេញខាងលើមុនសឹមសម្អាតធ្មេញខាងក្រោម។
- ដាក់ខ្សែក្នុងមាត់របស់អ្នកហើយប្រើដៃចង្អុលរុញខ្សែចូលទៅចន្លោះធ្មេញ។ ប៉ុន្តែចូរប្រយ័ត្នមិនត្រូវរុញខ្លាំងពេកនោះទេ ព្រោះវាអាចធ្វើឱ្យរបួសអញ្ចាញធ្មេញ។
- រូសខ្សែឡើងចុះនៅចន្លោះធ្មេញនិងជុំវិញគល់អញ្ចាញ។ ខ្សែសម្អាតត្រូវរូសក្នុងទម្រង់ជារាងអក្សរ C ជុំវិញធ្មេញនៅពេលដែលអ្នករូស។
- រូសរាល់គ្រប់ចន្លោះធ្មេញនិងផ្នែកខាងក្រោយនៃធ្មេញ។