បុរសភាគច្រើនត្រូវបានបង្រៀនឱ្យសិតសក់របស់ពួកគេក្រោយពេលពួកគេភ្ញាក់ពីគេង លាងដៃមុនពេលបរិភោគអាហារ និងដុសធ្មេញក្រោយរាល់ពេលបរិភោគអាហារ។ ប៉ុន្តែបន្ថែមពីលើទម្លាប់ទាំងអស់នេះ នៅមានទម្លាប់បន្ថែមទៀតដែលបុរសគ្រប់គួររៀនបន្ថែម។ ចូរយកទម្លាប់ទាំងនេះធ្វើជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក នោះអ្នកនឹងក្លាយជាបុរសដែលមានស្នាមញញឹមដ៏ស្រស់ស្រាយ មានសារធាតុសំណើមគ្រប់គ្រាន់ និងជាសុភាពបុរសដែលមានសុខភាពល្អ។
កាត់និងតម្រឹមក្រចក
ក្រចកដៃដែលកខ្វក់និងមិនបានតម្រឹមឱ្យស្អាតអាចធ្វើបង្ហាញឱ្យឃើញពីភាពគ្មានអនាម័យ។ ចូរតម្រឹមក្រចករបស់អ្នកឱ្យមានប្រវែងស្មើគ្នា និងលាងសម្អាតផ្នែកខាងក្រោមក្រចកដើម្បីលាងជម្រះធូលីដី។ ប្រសិនបើស្បែកក្រោមក្រចកដៃរបស់អ្នកស្ងួតឬរបក អ្នកគួរផ្សើមវាដោយប្រើប្រេងអូលីវ ១០នាទីក្រោយមកសឹមលាងវាចេញ។
លប់មុខរាល់ថ្ងៃ
ស្ទើរតែគ្រប់ទស្សនាវដ្តីសម្រស់គ្រប់ច្បាប់ដែលស្ត្រីមើលសុទ្ធតែប្រាប់នាងឱ្យលប់មុខរាល់ថ្ងៃ ចំណែកឯបុរសវិញក៏គួរអនុវត្តតាមការណែនាំនេះផងដែរ។ ចូរប្រើសាប៊ូលាងមុខប្រភេទស្រាលលាងមុខរបស់អ្នកនៅពេលល្ងាចដើម្បីលាងសម្អាតធូលីដីនិងជាតិប្រេងដែលមាននៅលើមុខរបស់អ្នក។
សម្អាតរោមដែលគួរទុក
តាមធម្មជាតិ មនុស្សយើងគឺសត្វដែលមានរោម ប៉ុន្តែមិនមែនមានន័យថាអ្នកនឹងទុករោមដូចជាពពួកសត្វនោះទេ៖ មិនត្រូវមិនយកចិត្តទុកដាក់លើរោមច្រមុះរបស់អ្នកនោះទេ។ ចូរតម្រឹមវាយ៉ាងហោចណាស់ឱ្យបានមួយសប្តាហ៍ម្តង ដើម្បីការពារមិនឱ្យរោមដុះចេញមកក្រៅរន្ធច្រមុះ។ ចូរប្រើសម្រាប់តម្រឹមរោមច្រមុះទៅតម្រឹមរោមក្នុងត្រចៀកផងដែរ។
ប្រើខ្សែសម្អាតធ្មេញរៀងរាល់ថ្ងៃ
គ្រូពេទ្យធ្មេញរបស់អ្នកណែនាំឱ្យប្រើខ្សែសម្អាតធ្មេញរៀងរាល់ថ្ងៃដោយមានបំណងល្អ។ ការប្រើខ្សែរូសសម្អាតធ្មេញអាចជួយរូសជម្រះកំណកនិងសំណល់អាហារដែលនៅសល់ជាប់នឹងចន្លោះធ្មេញរបស់អ្នក ដែលជួយបង្ការមិនឱ្យធ្មេញពុកនិងជំងឺអញ្ចាញ។ ចូររូសសម្អាតធ្មេញយ៉ាងតិចម្តងក្នុងមួយថ្ងៃ បន្ទាប់មកដុះធ្មេញរបស់អ្នកតាមធម្មតា។
លាបប្រេងមាត់
បើទោះបីជាបបូរមាត់របស់អ្នកមានអារម្មណ៍ថាមានសំណើមក៏ដោយ ប៉ុន្តែអ្នកគួរលាបប្រេងបបូរមាត់មុនពេលអ្នកចេញទៅក្រៅ។ ជាទូទៅ ស្ត្រីលាបក្រែមលាបមាត់ ក្រែមរលោង ឬប្រេង ដែលធ្វើឱ្យពួកគេអាចនឹងកើតជំងឺមហារីកបបូរមាត់តិចជាងបុរសដល់ទៅបីដង។ ដូច្នេះសុភាពបុរសទាំងឡាយគួរប្តូរទម្លាប់មកលាងប្រេងមាត់ដើម្បីការពារបបូរមាត់របស់អ្នក។ អ្នកត្រូវលាបវាបន្ថែមរៀងរាល់ពីរម៉ោងម្តងនៅពេលដែលអ្នកនៅក្រោមកម្តៅព្រះអាទិត្យ។
ប្រើក្រែមកោរពុកមាត់
ក្រែមកោរពុកមាត់មិនត្រឹមតែអាចបង្ហាញប្រាប់អ្នកថាកន្លែងណាដែលអ្នកបានកោររោមហើយនោះទេ វាថែមទាំងដើរតួជាជាតិប្រេងនិងសារធាតុសំណើមសម្រាប់មុខរបស់អ្នក។ ចូរលាបក្រែមកោរពុកមាត់ឱ្យក្រាស់ទៅលើមុខដែលសើមរបស់អ្នកមុននឹងកោររោម។ អ្នកនឹងមានស្នាមរបួសតិចជាងមុន។ ចូរប្រើក្រែមឬសារធាតុសំណើមសម្រាប់ក្រោយពេលកោររោមបន្ទាប់ពីអ្នកកោររោមហើយប្រសិនបើអ្នកចង់បានស្បែកដែលកាន់តែទន់ជាងមុន។
បន្ទន់សក់
បន្ថែមពីលើការកក់សក់របស់អ្នកយ៉ាងតិចពីរថ្ងៃម្តង អ្នកមិនត្រូវភ្លេចពីការបន្ទន់សក់របស់អ្នកឡើយ។ ខណៈដែលការកក់សក់អាចលាងសម្អាតធូលីដី, សារធាតុពុលក្នុងបរិយាកាស និងផលិតផលសក់ ការបន្ទន់សក់ជួយផ្គត់ផ្គង់ជាតិសំណើមដល់សក់របស់អ្នក ដែលធ្វើឱ្យវាមើលទៅនិងមានអារម្មណ៍ថាមានសុខភាពល្អ។ ប្រសិនបើសក់របស់អ្នកស្ងួតឬបែកចុង អ្នកគួរអប់សក់យ៉ាងតិចមួយសប្តាហ៍ម្តង។
ប្រើឡេការពារកម្តៅថ្ងៃ
ចូរលាបឡេការពារកម្តៅថ្ងៃលើមុខនិងកន្លែងផ្សេងទៀតនៃស្បែករបស់អ្នកដែលអាចប៉ះត្រូវនឹងកម្តៅថ្ងៃ ដើម្បីធ្វើជាស្រទាប់ការពារស្បែករបស់អ្នក។ វានឹងជួយបង្ការកាំរស្មី UV របស់ព្រះអាទិត្យមិនឱ្យបំផ្លាញស្បែករបស់អ្នក ហើយនឹងជួយកាត់បន្ថយឱកាសក្នុងការកើតជំងឺមហារីកស្បែក។ បន្ថែមពីលើនេះ ចូរការពារភ្នែករបស់អ្នកដោយប្រើវ៉ែនតាការពារកម្តៅថ្ងៃផងដែរ។