ក្រៅពីការធ្វើឱ្យអ្នកមានការឈឺចាប់ពេលព្យាយាមស្លៀកខោដែលអ្នកចូលចិត្តនោះ ខ្លាញ់ក្បាលពោះដែលលើសអាចបង្ករឱ្យមានគ្រោះថ្នាក់ដល់សុខភាពទៀតផង។ George Blackburn សហការីប្រធានផ្នែកសារធាតុចិញ្ចឹមនៅសាលាវេជ្ជសាស្ត្រហាវាត បានឱ្យដឹងថា បុរសដែលមានចង្កេះធំជាង ៤០អ៊ីញ និងស្ត្រីដែលមានចង្កេះធំជាង ៣៥អ៊ីញ សុទ្ធតែមានគ្រោះថ្នាក់ខ្ពស់ក្នុងការកើតមានបញ្ហាសុខភាព។ ជាទូទៅ បញ្ហសុខភាពរួមមាន ជំងឺលើសឈាម និងកូលេស្តេរ៉ុលឡើងខ្ពស់។ តាមធម្មតា រយៈពេល ១១ថ្ងៃ មិនគ្រប់គ្រាន់សម្រាប់អ្នកក្នុងការបំបាត់ខ្លាញ់ពោះរបស់អ្នកនោះទេ ប៉ុន្តែការអនុវត្តតាមការណែនាំដ៏សាមញ្ញនេះអាចនាំអ្នកចាប់ផ្តើមក្នុងទិសដៅដ៏ត្រឹមត្រូវ។
១. បរិភោគអាហារតិចៗ ៥ ទៅ ៦ពេល ក្នុងមួយថ្ងៃ។ វាជួយបង្រួមខ្លាញ់ក្បាលពោះដោយការបង្កើនដំណើរការបំលែងអាហារទៅជាថាមពល ជួយលំនឹងជាតិស្ករក្នុងឈាម និងទប់ស្កាត់ការឃ្លាននិងចំណង់នៃការញ៉ាំ។
២. ផ្លាស់ប្តូរជាតិកាបូនអ៊ីដ្រាតធម្មតានៅក្នុងអាហាររបស់អ្នក ដូចជា ស្ករ ទឹកផ្លែឈើ និងម្សៅស ទៅជាកាបូនអ៊ីដ្រាតម្យ៉ាងទៀតដែលមានដូចជា នំប៉័ងគ្រាប់ធញ្ញជាតិ អង្ករអូត បន្លែអន្លក់ អង្ករសម្រូប និងម្សៅផាស្តា ព្រោះវាចំណាយពេលយូរដើម្បីរំលាយនិងសម្បូរទៅដោយជាតិសរសៃនិងវីតាមីន។
៣. ដាក់កំហិតលើការបរិភោគជាតិខ្លាញ់ដោយកាត់បន្ថយការញ៉ាំម៉ាយូណេស ប៊័រ ប្រេងបន្លែ និងទឹកបន្ថែមលើសាឡាដ។ សាកល្បងទទួលទានផលិតផលមានជាតិខ្លាញ់តិច ដើម្បីបំបាត់ខ្លាញ់ពោះរបស់អ្នក។
៤. បន្ថយការទទួលទានភេសជ្ជៈមានជាតិស្ករខ្ពស់៖ ជាតិស្ករធ្វើឱ្យអ្នកធាត់និងធ្វើឱ្យក្បាលពោះរបស់អ្នកមើលទៅកាន់តែធំជាងមុន។ ការមិនទទួលទានភេសជ្ជៈមានកាបូនអាចជួយកាត់បន្ថយការធាត់ដែលបង្ករឡើងដោយកាបូននិងពពុះខ្យល់។ ចូរជំនួសភេសជ្ជៈទាំងនោះដោយទឹកធម្មតា ដែលជួយអ្នកក្នុងការរក្សាជាតិទឹកក្នុងខ្លួន ហើយក៏ជួយសម្រកទម្ងន់របស់អ្នកផងដែរ។ វាក៏ជួយបំពេញក្រពះរបស់អ្នកហើយទប់មិនឱ្យឃ្លានផងដែរ។
៥. បង្កើនការទទួលទានជាតិសរសៃ៖ ជាតិសរសៃជួយកាត់បន្ថយខ្លាញ់ពោះនិងគ្រប់គ្រងការបញ្ចេញចោល។ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងបន្លៃ សុទ្ធតែជាប្រភពល្អៗនៃជាតិសរសៃ។
៦. ជៀសវាងការទទួលទានសាច់ក្រហម៖ រាង្គកាយរបស់អ្នករំលាយសាច់ក្រហមមិនបានល្អនោះទេ ដូច្នេះវានឹងបន្ថែមជាតិខ្លាញ់កាន់តែច្រើនទៅលើចង្កេះរបស់អ្នក។ ជំនួសទៅវិញ អ្នកត្រូវបរិភោគប្រភពប្រូតេអ៊ីនដែលងាយនឹងរំលាយ ដូចជា មាន់ ត្រី និងគ្រាប់ផ្លែឈើ។
៧. ហាត់ប្រាណដែលពាក់ព័ន្ធនឹងបេះដូងឱ្យបានច្រើន៖ បើទោះបីជាការអង្គុយលើម៉ាស៊ីនហាត់ពោះជួយពង្រឹងនិងបន្តឹងសាច់ដុំផ្នែកកណ្តាលរបស់អ្នកក៏ដោយ ប៉ុន្តែវាមិនអាចបង្រួមទំហំចង្កេះរបស់អ្នកបាននោះទេ។ អ្នកត្រូវបញ្ចុះទម្ងន់ខ្លួនគ្រប់កន្លែងទាំងអស់ដើម្បីមើលឃើញនិងបន្ថយទំហំចង្កេះរបស់អ្នក។