តើអ្នកចូលគេងទាំងមុខនៅមានគ្រឿងសម្អាងនិងម៉ាស្ការ៉ាឬ? តើអ្នកសាកល្បងរាល់គ្រប់ផលិតផលស្បែកដែលមានលក់លើទីផ្សារឬ? កំហុសទូទៅទាំងនេះហាក់ដូចជាមិនមែនជារឿងធំនោះទេ ប៉ុន្តែយូរៗទៅ វាអាចបង្ករគ្រោះថ្នាក់ដល់ស្បែករបស់អ្នក ហើយធ្វើឱ្យស្បែករបស់អ្នកចាស់មុនអាយុ។
ប៉ុន្តែចូរកុំបារម្ភអី៖ វាមិនទាន់យឺតពេលនោះទេ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រក្នុងការកាត់បន្ថយទម្លាប់មិនល្អរបស់អ្នក ហើយនិងបង្ហាញអ្នកថាគួរជៀសវាងវាដោយរបៀបណា ដែលនឹងធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ។
មិនប្រើឡេការពារកម្តៅថ្ងៃ
ចំណុចទីមួយដែលអ្នកធ្វើឱ្យស្បែកឆាប់ចាស់? គឺការមិនប្រើឡេការពារកម្តៅថ្ងៃរាល់ថ្ងៃ។
វេជ្ជបណ្ឌិត Neil Sadick អ្នកជំនាញរោគស្បែកនៅទីក្រុងញូយ៉ក និយាយថា “ព្រះអាទិត្យគឺជាមូលហេតុចម្បងដែលធ្វើឱ្យស្បែកឆាប់ចាស់”។ ព្រះអាទិត្យអាចបញ្ចេញពន្លឺលើអ្នកទាំងក្នុងថ្ងៃដែលសម្បូរពពក ភ្លៀង ឬក៏ថ្ងៃធ្លាក់ព្រឹល។ បន្ថែមពីលើនេះទៀត វេជ្ជ. Sadick និយាយបន្តថា “រស្មី UV ដែលបំផ្លាញស្បែក អាចជ្រាបចូលកាត់តាមកញ្ចក់ ដូច្នេះអ្នកគួរតែលាបឡេការពារកម្តៅថ្ងៃ បើទោះបីជាអ្នកនៅក្នុងផ្ទះក៏ដោយ”។
គាត់ណែនាំឱ្យជ្រើសរើសផលិតផលឡេការពារកម្តៅថ្ងៃណាដែលទប់ស្កាត់បានទាំងរស្មី UVA និង UVB ដែលមាន SPF យ៉ាងតិច ៣០។ រូបមន្តដែលអាចប្រឆាំងអុកស៊ីតកម្មបានល្អគឺផ្សំឡើងពីរូបមន្តដូចជា resveratrol, វីតាមីន C, idebenone ឬcoffee berry។
ការមិនយកចិត្តទុកដាក់លើដៃនិងក
មុខរបស់អ្នកមិនមែនតែជាកន្លែងមួយដែលត្រូវការការយកចិត្តទុកដាក់ថែរក្សានោះទេ។ ការប៉ះត្រូវនឹងកម្តៅថ្ងៃខ្លាំងក៏ប៉ះពាល់ដល់ដៃនិងករបស់អ្នកដែរ។ កន្លែងទាំងនោះបង្ហាញសញ្ញានៃការវិវត្តន៍ទៅរកភាពចាស់ ដូចជា អាចម៍រុយ ភាពស្ងួត និងការបាត់បង់ភាពតឹងនៃស្បែក។
ចូរយកចិត្តទុកដាក់លើកនិងខ្នងដៃរបស់អ្នកដូចជាយកចិត្តទុកដាក់មុខរបស់អ្នកដែរ ដោយការលាបសារធាតុសំណើមនិងឡេការពារកម្តៅថ្ងៃ។ អ្នកមិនចាំបាច់ទិញផលិតផលសម្រាប់រាង្គកាយនោះទេ ព្រោះផលិតផលសម្រាប់មុខរបស់អ្នកក៏អាចប្រើលើដៃនិងករបស់អ្នកបានដែរ។
វិធីសាស្ត្របំបាត់មុនតាមកន្លែង
អរម៉ូនប្រែប្រួលធ្វើឱ្យស្ត្រីដែលមានអាយុលើសពី ៤០ឆ្នាំ ជួបនឹងបញ្ហាមុនជាប្រចាំ។ ប៉ុន្តែការប្រើវិធីសាស្ត្របំបាត់មុនតាមកន្លែងបានត្រឹមតែធ្វើឱ្យស្បែកកន្លែងនោះកាន់តែស្ងួត និងឆាប់រលាកតែប៉ុណ្ណោះ ហើយវាក៏មិនបានជួយព្យាបាលមុនដែរ។
វេជ្ជបណ្ឌិត Carolyn Jacob និយាយថា ជំនួសទៅវិញ អ្នកគួរព្យាបាលមុខរបស់អ្នកទាំងមូលដោយប្រើសាប៊ូលាងមុខឬសារធាតុសំណើមបំបាត់មុនម្តងក្នុងមួយថ្ងៃ។
ការចូលគេងដោយមិនលាងសម្អាតគ្រឿងសម្អាង
អ្នកប្រហែលជាងាយនឹងគេងលង់លក់បន្ទាប់ពីរវល់អស់ពេញមួយថ្ងៃ ដោយមិនបានលាងសម្អាតមុខរបស់អ្នក។ ប៉ុន្តែវាអាចធ្វើឱ្យអ្នកឡើងមុន។
ក្នុងពេលពេញមួយថ្ងៃ ជាតិពុលក្នុងបរិយាកាស (ធូលីដីនិងជាតិពុល) បានប្រមូលផ្តុំគ្នាលើស្បែករបស់អ្នក ហើយវាយប្រហារលើរន្ធញើស ដែលអាចបង្ករឱ្យមានបញ្ហាស្បែក។ ដូច្នេះអ្នកត្រូវលាងសម្អាតមុខរបស់អ្នកមុនពេលគេង ដើម្បីជួយស្បែករបស់អ្នក។
ប្តូរផលិតផលលឿនពេក
ប្រសិនបើអ្នកព្រួយបារម្ភថាផលិតផលសារធាតុសំណើមប្រឆាំងភាពចាស់ថ្មីរបស់អ្នកមិនមានប្រសិទ្ធភាព អ្នកគួរប្រើវាឱ្យបានយូរបន្តិចមុននឹងប្តូរ។ ការផ្លាស់ប្តូរពីផលិតផលមួយទៅផលិតផលមួយលឿនពេកអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាគ្មានផលិតផលណាដែលសាកសមនឹងស្បែករបស់អ្នកនោះទេ។
វេជ្ជ. Jacob ណែនាំថា អ្នកគួរប្រើផលិផលថ្មីយ៉ាងតិចឱ្យបាន ៦សប្តាហ៍ ព្រោះស្បែករបស់យើងត្រូវការពេល ៣០ថ្ងៃ ដើម្បីបង្កើតកោសិកាថ្មីពីខាងក្នុងឱ្យចេញមកដល់ស្រទាប់ខាងក្រៅ។ ហើយប្រសិនបើជាផលិតផលប្រឆាំងភាពចាស់ អ្នកត្រូវរង់ចាំកាន់តែយូរ ព្រោះស្បែកត្រូវការពេលយ៉ាងតិច ៤ខែ ដើម្បីបង្កើត collagen និង elastin ជាថ្មី។
ប្រើផលិតផលច្រើនពេកក្នុងពេលតែមួយ
ប្រសិនបើសារធាតុសំណើមថ្មីប្រើទៅឃើញថាល្អ បន្ទាប់មកលាយជាមួយ serum, ទឹកបន្តឹងស្បែក និងក្រែមពេលយប់ថ្មី កាន់តែល្អមែនទេ?
មិនមែននោះទេ។ ប្រសិនបើស្បែករបស់អ្នករលាកក្រោយពេលដែលអ្នកប្រើផលិតផលថ្មីជាច្រើនក្នុងពេលជាមួយគ្នា អ្នកនឹងមិនដឹងថាតើផលិតផលមួយណាដែលបង្ករឱ្យមានបញ្ហានោះទេ ហើយអ្នកនឹងស្មានថាផលិតផលទាំងអស់សុទ្ធតែមិនល្អ។ ជំនួសទៅវិញ វេជ្ជ. Jacob ណែនាំឱ្យសាកល្បងម្តងមួយៗ ហើយប្រើបញ្ចូលផលិតផលថ្មីពីរសប្តាហ៍ម្តង”។ ការធ្វើបែបនេះ អ្នកនឹងអាចដឹងថាផលិតផលណាដែលត្រូវ ឬមិនត្រូវនឹងស្បែករបស់អ្នក។
គេងមិនគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ក៏អាចបង្ករឱ្យស្បែកចាស់មុនអាយុដែរ ហើយក្នុងរយៈពេលខ្លី វានឹងធ្វើឱ្យភ្នែករបស់អ្នកឡើងខ្មៅ។ ការគេងមានសារសំខាន់ណាស់ ព្រោះអរម៉ូនស្ត្រេសនឹងធា្លក់ចុះទៅកម្រិតធម្មតានៅពេលយប់ ដែលផ្តល់ពេលវេលាឱ្យកោសិកាក្នុងការជួសជុល។ ដូច្នេះហើយអ្នកត្រូវរៀបចំពេលវេលាដើម្បីគេងឱ្យបានគ្រប់គ្រាន់នៅពេលយប់។