សុខភាពរបស់សក់មិនមែនអាស្រ័យទៅតាមតែរបបអាហារដែលអ្នកបរិភោគនោះទេ វាតម្រូវឱ្យអ្នកមានទម្លាប់រស់នៅល្អផងដែរ។ សូមអនុវត្តចំណុចទាំង ៥ ខាងក្រោមដើម្បីធ្វើឱ្យសក់របស់អ្នកក្រាស់, ភ្លឺរលោង និងគួរឱ្យទាក់ទាញ។
ការហាត់ប្រាណ៖ ចំណាយពេលខ្លះដើម្បីហាត់ប្រាណជាប្រចាំ បើទោះជាត្រឹមតែ ២ ទៅ ៣នាទី ក៏ដោយ។ ការហាត់ប្រាណជួយសម្រួលលំហូរឈាមក្នុងស្បែកក្បាលដែលជំរុញការបញ្ជូនអុកស៊ីហ្សែននិងសារធាតុចិញ្ចឹមទៅកាន់ឫសសក់ ដែលនាំឱ្យសុខភាពសក់កាន់តែមានភាពប្រសើរឡើង។
ចៀសវាងការសម្រកទម្ងន់លឿនពេក៖ របបអាហារអាចធ្វើឱ្យសក់របស់អ្នកជ្រុះ ហើយការទទួលទានមិនល្អអាចបង្ករឱ្យកង្វះសារធាតុចិញ្ចឹម។ ការសម្រកទម្ងន់លឿនពេក គឺជាការដាក់សម្ពាធដល់រាងកាយ ហើយអាចធ្វើឱ្យមានការប្រែប្រួលនៃដំណើរការបំលែងអាហារទៅជាថាមពល ដែលប៉ះពាល់ដល់ការលូតលាស់នៃសក់។
បញ្ឈប់ការជក់បារី៖ ការជក់បារីបង្កើតរ៉ាឌីកាល់សេរី, បញ្ចូលជាតិពុលទៅក្នុងឈាមរបស់អ្នក, និងបង្អាក់សមត្ថភាពរបស់រាងកាយក្នុងការផ្តល់សារធាតុចិញ្ចឹមទៅកាន់ស្បែកក្បាលនិងឫសសក់។
ចៀសវាងការបរិភោគអាហារមានប្រូតេអ៊ីនទាប៖ ៩៧ភាគរយនៃសក់ គឺជាប្រូតេអ៊ីន ប្រសិនបើអ្នកជាអ្នកហូបបួស អ្នកត្រូវប្រាកដថាអ្នកបានទទួលប្រូតេអ៊ីនគ្រប់គ្រាន់ពីប្រភពអាហារផ្សេងៗទៀត។ របបអាហារដែលភាគច្រើនអាស្រ័យលើការបរិភោគបាយឬផ្លែឈើ មិនអាចផ្តល់ប្រូតេអ៊ីនគ្រប់គ្រាន់សម្រាប់សក់នោះទេ។
មិនត្រូវមានភាពតានតឹង៖ ភាពតានតឹងគឺមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងបញ្ហាសក់ជ្រុះ។ ភាពតានតឹងធ្ងន់ធ្ងរ ប៉ះពាល់យ៉ាងខ្លាំងទៅលើដំណើរឈាមរត់ក្នុងស្បែកក្បាល ដែលរារាំងចំនួនអុកស៊ីហ្សែននិងសារធាតុចិញ្ចឹមមិនឱ្យចូលទៅកាន់ឫសសក់។ វាបង្ករឱ្យសក់ភាគច្រើនបញ្ឈប់ការលូតលាស់ ហើយមួយចំនួនទៀតនឹងប្តូរទៅដំណាក់កាលសម្រាក ដែលវានឹងជ្រុះក្នុងរយៈពេល ២ ទៅ ៣ខែ ក្រោយមក។