ជំងឺសរសៃឈាមបេះដូងកើតមានឡើងជាមួយនឹងបញ្ហាផ្សេងៗនៃសរសៃរោហិណីបេះដូង ដែលរារាំងមិនឲ្យបេះដូងទទួលបាននូវឈាមដែលសំបូរទៅដោយអុកស៊ីហ្សែននិងសារជាតិចិញ្ចឹមរាងកាយនានា។ មូលហេតុមួយធំជាងគេ គឺការក្រិនសរសៃឈាម (atherosclerosis )។

ការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់នេះគេហៅថា ischemia ដោយហេតុនោះហើយទើបបានជាជួនកាលគេហៅជំងឺបេះដូងថាជា ischemic heart disease ដែរ។
មូលហេតុនៃជំងឺសរសៃឈាមបេះដូងមានជាប់ទាក់ទងទៅនឹងកត្តាហានិភ័យជាច្រើន។ កត្តារួមមួយចំនួនមានដូចខាងក្រោមនេះ៖

- ដំណែលសួរពូជ Heredity៖ ជំងឺសរសៃឈាមបេះដូងមានតៗគ្នាក្នុងគ្រួសារ។
- ជាតិកូលេស្តេរ៉ុលខ្ពស់ High cholesterol៖ ពោលគឺកម្រិតកូលេស្តេរ៉ុលក្នុងឈាមច្រើនលើសពីកម្រិតដែលធ្វើឲ្យមានសុខភាពល្អ។ កម្រិតខ្ពស់នៃកូលេស្តេរ៉ុលនេះមានការទាក់ទងទៅនឹងការកើនឡើងនៃដង់ស៊ីតេទាបរបស់លីប៉ូប្រូតេអ៊ីន (low-density lipoprotein LDL) ដែលជាកូលេស្តេរ៉ុលមិនល្អ ហើយនិងការថយចុះនៃដង់ស៊ីតេខ្ពស់របស់លីប៉ូប្រូតេអ៊ីន (high-density lipoprotein HDL) ដែលជាកូលេស្តេរ៉ុលល្អ។
- ការប្រើថ្នាំជក់ Tobacco abuse៖ ដែលរួមមានទាំងការជក់បារីគ្រប់បែបយ៉ាង (បារី ស៊ីហ្គារ ខ្សៀ) និងការចុកថ្នាំផងដែរ។
- ការធាត់ខ្លាំងពេក (Obesity)។
- សម្ពាធឈាមខ្ពស់ High blood pressure (hypertension)។
- ជំងឺទឹកនោមផ្អែម Diabetes។
- កង្វះការហាត់ប្រាណឲ្យបានទៀងទាត់ Lack of regular exercise។
- របបហូបចុកសំបូរទៅដោយជាតិខ្លាញ់ High-fat diet។
- ការតានតឹងក្នុងផ្លូវអារម្មណ៍ Emotional stress។
- បុគ្គលិកលក្ខណៈមនុស្សប្រភេទអា Type A personality (មិនចេះអត់ធ្មត់ impatient, ឆេវឆាវ aggressive, ប្រកួតប្រជែង competitive)៕