ផ្លែស្វាយ ជាផ្លែឈើមួយប្រភេទដែលសម្បូរណាស់ក្នុងប្រទេសកម្ពុជា វាមានរសជាតិជូរអែម ហើយអាចទទួលទានបានទាំងនៅពេលខ្ចី និងទុំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើទោះជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ ឬឧស្សាហ៍ញ៊ាំផ្លែឈើនេះញឹកញាប់ប៉ុណ្ណាក៏ដោយ ក៏ប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា ផ្លែស្វាយ មានអត្ថប្រយោជន៍ច្រើនយ៉ាងណាចំពោះសុខភាព។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីមូលហេតុដែលអ្នកគួរចាប់ផ្ដើមទទួលទានផ្លែស្វាយជាប្រចាំ ៖
១. ធ្វើឲ្យសុខភាពភ្នែកកាន់តែប្រសើរឡើង ៖ ផ្លែស្វាយ មានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលមិនត្រឹមតែជួយបង្កើនសុខភាពភ្នែកល្អប្រសើរមើលឃើញបានកាន់តែច្បាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាលបំបាត់អាការៈស្ងួតក្នុងភ្នែក និងកាត់បន្ថយការរលាកទៀតផង។
២. ព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហម ៖ ផ្លែស្វាយ មានប្រសិទ្ធិភាពជួយបង្កើនបរិមាណនៃអេម៉ូក្លូប៊ីនដែលជាសមាសធាតុដ៏សំខាន់នៃគោលិកាឈាមក្រហម។ ដូច្នេះការទទួលទានផ្លែស្វាយមានប្រយោជន៍ណាស់ក្នុងការព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហម។
៣. ទប់ស្កាត់ជំងឺមហារីក ៖ ផ្លែស្វាយ ជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្មរួមមាន isoquercitrin, quercetin, fisetin, vastragalin, methylgallat និង gallic acid ដែលជួយការពារទប់ស្កាត់រាងកាយប្រឆាំងនឹងជំងឺមហារីកសុដន់, មហារីកពោះវៀនធំ, មហារីកខួរឆ្អឹងខ្នង និងមហារីកក្រពេញប្រូស្តាត។
៤. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូល ៖ ផ្លែស្វាយ មានផ្ទុកសារធាតុ pectin, វីតាមីន C និងជាតិសសៃខ្ពស់ ដែលធ្វើឲ្យវាក្លាយជាជម្រើសនៃផ្លែឈើដ៏មានឥទ្ធិពលជួយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ ស្វាយ ក៏ជាប្រភពនៃជាតិប៉ូតាស្យូមដែលជាសារធាតុចិញ្ចឹមមានប្រសិទ្ធិភាពជួយគ្រប់គ្រងអត្រានៃចង្វាក់បេះដូង និងកម្រិតនៃសម្ពាធឈាមផងដែរ។
៥. សម្រួលដល់ការរំលាយអាហារ ៖ អង់ស៊ីមដែលមានផ្ទុកក្នុងផ្លែស្វាយជួយបំបែកប្រូតេអ៊ីនសម្រួលដល់ដំណើរការនៃការរំលាយអាហារ។ ចំណែកឯជាតិសសៃធម្មជាតិនៃផ្លែស្វាយវិញ ក៏ជួយដល់ការរំលាយអាហារ និងការកម្ចាត់ចោលនូវកាកសំណល់ផងដែរ។
៦. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ៖ ការរួមបញ្ចូលគ្នានៃវីតាមីន A, វីតាមីន C រួមទាំងសារធាតុ carotenoids ២៥ ប្រភេទផ្សេងៗគ្នាទៀតដែលមានផ្ទុកក្នុងផ្លែស្វាយនឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំរាងកាយកាន់តែរឹងមាំឡើងគួរឲ្យកត់សម្គាល់៕