មានកត្តាច្រើនណាស់ដែលជះផលប៉ះពាល់ដល់ស្បែកដែលនាំឱ្យប្រែជាស្រអាប់រួមមានកត្តាវ័យ អាកាសធាតុ និងភាពស្ត្រេសជាដើម។ ទោះជាយ៉ាងណាកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីម៉ាសបិតមុខបែបធម្មជាតិជួយឱ្យភ្លឺរលោងស្រស់ថ្លា ៖
១. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងកិនត្រសក់ ១ផ្លែតូច ឱ្យម៉ដ្ឋជាមុនសិន បន្ទាប់មកសឹមបន្ថែមយ៉ាអួរសុទ្ធចូល និងកូរលាយឱ្យបានសព្វ។ លាបល្បាយលើស្បែកមុខ និងស្បែក-ក ដោយរងចាំរហូតដល់ស្ងួត ឬសម្រាប់រយៈពេលប្រហែល ៥នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញម្ដងរៀងរាល់ពី ៣ ទៅ ៤ ថ្ងៃ។ អ្នកក៏អាចប្រើប្រាស់ត្រសក់ និងរមៀតដោយគ្រាន់តែកិនត្រសក់ ១ផ្លែ និងបន្ថែមរមៀត ១ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែក និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។
២. ផ្លែល្ហុង
មានផ្ទុកសម្បូរទៅដោយអង់ស៊ីមដែលល្អសម្រាប់សុខភាពស្បែកមួយក្នុងចំណោមនោះ គឺ papain។ ល្ហុងក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយពង្រឹងកូឡាជែនស្បែកគួរឱ្យកត់សម្គាល់។ ក្រៅពីរួមបញ្ចូលក្នុងអាហារ អ្នកក៏អាចប្រើប្រាស់ល្ហុងលើស្បែកដោយគ្រាន់តែប្រើប្រាស់ស្លាបព្រាកោសយកផ្នែកខាងក្នុងនៃសំបកផ្លែល្ហុងទុំ។ បន្ទាប់មកលាបម៉ាស្សាសាច់ល្ហុងនោះលើស្បែកមុខ។ រងចាំសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។
៣. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងដូងបន្តិច រួចសឹមលាបម៉ាស្សាលើស្បែកមុខនិងកសម្រាប់រយៈពេលពី ២ ទៅ ៣នាទីក្នុងចលនាបែបរង្វង់ថ្នមៗ។ ទុកចោលបែបនេះសម្រាប់រយៈពេលពេញមួយយប់ជាការស្រេច។ អនុវត្តរាក់យប់មុនពេលចូលគេង។ អ្នកក៏អាចបន្ថែមស្ករសបន្តិចចូលក្នុងប្រេង និងប្រើប្រាស់ល្បាយនេះខាត់សម្អាតស្បែកមុខឱ្យបានម្ដង ឬ ២ដងក្នុងមួយសប្តាហ៍។
៤. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀត ១ស្លាបព្រាកាហ្វេជាមួយម្សៅក្រាម ឬម្សៅគ្រាប់ធញ្ញជាតិ (gram flour) ៤ស្លាបព្រាបាយ និងទឹកគោឆៅ ឬទឹកដោះគោស្រស់បន្តិចឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែកមុខនិងក ដោយរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានពី ១ ទៅ ២ដងក្នុងមួយសប្តាហ៍។
៥. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ ១ស្លាបព្រាបាយជាមួយម្សៅរមៀត ១ចិប, ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ និងទឹកដោះគោ ១ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបម៉ាស្សាល្បាយលើស្បែកមុខ និងក។ រងចាំសម្រាប់រយៈពេលប្រហែល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ១ ទៅ ២ដងក្នុងមួយសប្តាហ៍។
៦. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ២ស្លាបព្រាកាហ្វេជាមួយស្ករស ២ស្លាបព្រាកាហ្វេ រួចប្រើប្រាស់ល្បាយនេះខាត់ស្បែកមុខថ្នមៗក្នុងចលនាបែបរង្វង់។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។ ក្រោយពេលអនុវត្តរូបមន្តនេះ កុំភ្លេចលាបឡេការពារកម្ដៅថ្ងៃលើស្បែកផងមុនចេញក្រៅ។
៧. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកឃ្មុំសម្រាប់រយៈពេលពី ២ ទៅ ៣នាទីលើស្បែកដែលលាងសម្អាតស្អាត និងនៅសើមតិចៗ។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តជាប្រចាំឆ្លាស់ថ្ងៃគ្នា។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕