ចង់ដោះស្រាយបញ្ហាហើមពោះ និងផោមច្រើនមិនពិបាកឡើយ! គួរធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់ហើមពោះផោមច្រើន ៖
១. ទទួលទានយឺតៗ
ការលេបខ្យល់ខណៈពេលទទួលទានអាហារ ឬភេសជ្ជៈ និងការនិយាយក៏អាចបង្កហ្គាសក្នុងពោះដែលធ្វើឱ្យផោមច្រើនផងដែរ។ ជាពិសេសនៅពេលបុគ្គលណាម្នាក់ទទួលទានលឿនពេក។ ដូច្នេះដើម្បីជាការប្រសើរ ចូរទទួលទានយឺតៗដោយប្រុងប្រយ័ត្នដើម្បីកាត់បន្ថយបរិមាណខ្យល់ដែលអ្នកលេបចូល។
២. ឈប់ជក់បារី
រាល់ពេលជក់បារី អ្នកក៏អាចនឹងលេបខ្យល់ច្រើនចូលទៅជាមួយផងដែរ។ ទោះបីជាបារីអេឡិចត្រូនិកក៏ដោយ! ជាទូទៅអ្នកជក់បារី ឬប្រើប្រាស់ផលិតផលថ្នាំជក់ គឺងាយនឹងជួបប្រទះអាការៈហើមពោះ និងផោមច្រើនបើប្រៀបធៀបជាមួយអ្នកដែលមិនជក់។
៣. ធ្វើលំហាត់ប្រាណជាប្រចាំ
ភាពអសកម្មអាចបណ្ដាលឱ្យជាតិហ្គាសប្រមូលផ្ដុំក្នុងពោះ ឬក្រពះ។ ការធ្វើលំហាត់ប្រាណស្រាលៗទៅមធ្យមជាប្រចាំអាចកម្ចាត់ហ្គាសដែលលើស និងកាត់បន្ថយអត្រានៃការផោម។
៤. ព្យាបាលអាការៈទល់លាមក
ហ្គាស និងការហើមពោះ គឺជារោគសញ្ញាទូទៅបំផុតដែលមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយបញ្ហាទល់លាមក។ ដូច្នេះប្រសិនបើអាការៈហើមពោះ និងផោមច្រើនបណ្ដាលមកពីបញ្ហាទល់លាមក អ្នកចាំបាច់គួរព្យាបាលស្ថានភាពទល់លាមកនេះដើម្បីដោះស្រាយបញ្ហា។
៥. ចៀសវាងទំពារស្ករកៅស៊ូ
ស្ករកៅស៊ូគ្មានជាតិស្ករភាគច្រើនមានផ្ទុកសារធាតុ hexitol ដែលពិបាកក្នុងការរំលាយបង្កជាបញ្ហាឡើងហ្គាសនិងហើមពោះ។ ដូច្នេះដើម្បីជាការប្រសើរ ប្រសិនបើអ្នកជាបុគ្គលដែលចូលចិត្តទំពារស្ករកៅស៊ូ ចូរព្យាយាមផ្ដាច់ទម្លាប់នេះដើម្បីបញ្ឈប់អាការៈហើមពោះផោមច្រើន។
៦. ចាញ់អាហារនិងប្រតិកម្មអាឡែកស៊ី
ការចាញ់ ឬប្រតិកម្មអាឡែកស៊ីនឹងអាហារមួយចំនួនអាចជាមូលហេតយដែលបង្កការឡើងហ្គាសលើសកម្រិតក្នុងប្រព័ន្ធរំលាយអាហារ។ ដូច្នេះអ្នកចាំបាច់គួរកត់សម្គាល់និងប្រុងប្រយ័ត្នចំពោះអាហារណាមួយដែលអ្នកមានប្រតិកម្មចាញ់ជាមួយ ឬអាឡែកស៊ី។ អ្នកក៏គួរដកចេញ ឬកាត់បន្ថយនូវប្រភេទនៃអាហារដែលអាចបង្កហ្គាសពីក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។
៧. ទទួលទានថ្នាំគ្រាប់ប្រូបាយអូទិកនិងអង់ស៊ីម
ប្រូបាយអូទិកល្អសម្រាប់សុខភាពពោះវៀនបង្កើនបាក់តេរីល្អ និងកាត់បន្ថយហ្គាស។ រីឯអង់ស៊ីមរំលាយអាហារវិញអាចជួយបន្ថយអាការៈនៃរោគសញ្ញារលាកក្រពះពោះវៀនដោយសម្រួលការរំលាយអាហារ។ ជាលទ្ធផលជួយគ្រប់គ្រងបញ្ហាហើមពោះផោមច្រើនបានយ៉ាងប្រសើរ។
- ពេលណាអ្នកចាំបាច់គួរទៅពេទ្យ?
ភាគច្រើនការឡើងហ្គាសលើសលប់មិនបង្កគ្រោះថ្នាក់អ្វីគួរឱ្យព្រួយបារម្ភឡើយ។ ទោះជាយ៉ាងណា ក្នុងករណីខ្លះការផោមមិនឈប់អាចចង្អុលបង្ហាញពីស្ថានភាពសុខភាពមួយចំនួន។ ចូរប្រញាប់ទៅជួបទទួលការធ្វើរោគវិនិច្ឆ័យជាមួយគ្រូពេទ្យជំនាញភ្លាមៗប្រសិនបើអ្នកសម្គាល់ឃើញនូវរោគសញ្ញាមួយចំនួនខាងក្រោមនេះអមមកជាមួយ ៖
– ឈឺពោះខ្លាំង
– ក្អួត
– ចង្អោរចង់ក្អួត
– ស្រកទម្ងន់
– ក្ដៅខ្លួន
– ទល់លាមក ឬរាគរូស។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕