តើនឹងមានអ្វីកើតឡើងចំពោះរាងកាយទៅ នៅពេលដែលអ្នកឈប់ជក់បារី? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីចម្លើយចំពោះចម្ងល់របស់អ្នក ហើយបន្ទាប់ពីអានចប់ អ្នកក៏ប្រហែលជានឹងគ្មានថ្ងៃចង់ត្រឡប់ទៅជក់បារីវិញទៀតដែរ ៖
១. បង្កើនចរន្តឈាមរត់
នេះ គឺជារឿងដំបូងគេបង្អស់ដែលកើតឡើងនៅពេលអ្នកឈប់ជក់បារី។ ក្នុងរយៈពេលពីរបីម៉ោង ចរន្តឈាមរបស់អ្នកនឹងមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយនឹងធ្វើឲ្យអត្រាបេះដូង និងសម្ពាធឈាមរបស់អ្នកត្រលប់ទៅកាន់ស្ថានភាពធម្មតាវិញ។ ខណៈដែលជាតិនីកូទីនដែលទទួលខុសត្រូវចំពោះការឡើងខ្ពស់នៃសម្ពាធឈាម និងការកើនឡើងនៃអត្រាចង្វាក់បេះដូង គឺគ្មានវត្តមាននៅក្នុងរាងកាយទៀត ។ នេះក៏នឹងធ្វើឱ្យចុងម្រាមដៃរបស់អ្នកមានកម្ដៅជាងមុនផងដែរ ក៏ព្រោះតែចរន្តឈាមរត់បានត្រឹមត្រូវក្នុងរាងកាយ។
២. រាងកាយនឹងឆ្លងកាត់ដំណាក់កាលពិបាកមួយចំនួន
នៅខណៈពេលអ្នកសម្រេចចិត្តឈប់ជក់បារី វាប្រាកដជាពិបាកណាស់ក្នុងការចាប់ផ្ដើមដំបូង ដោយរាងកាយ និងចិត្តរបស់អ្នក គឺបានញៀនខ្លាំងទៅនឹងជាតិនីកូទីន ហេតុនេះបញ្ហាមួយចំនួននឹងកើតមានឡើងចំពោះអ្នក។ មនុស្សភាគច្រើនមើលស្រាលឥទ្ធិពលនៃជាតិនីកូទីន ហើយមិនដឹងថាខ្លួនកំពុងញៀននឹងវាទេ រហូតទាល់តែពេលឈប់ប្រើវា។ ប្រសិនបើអ្នកសម្រេចចិត្តថាឈប់ជក់បារីយ៉ាងប្រាកដហើយនោះ អ្នកប្រហែលជានឹងប្រឈមមុនជាមួយបញ្ហាមួយចំនួនដូចជា ឈឺក្បាល, តានតឹងក្នុងអារម្មណ៍, វិលមុខ, អស់កម្លាំង, ចង្អោរចង់ក្អួត, ឃ្លានចង់ជក់បារីខ្លាំង, ក្អក, ពិបាកក្នុងការគេង, បាត់បង់ចំណង់អាហារ រួមទាំងបញ្ហាសម្ពាធឈាម និងអត្រានៃចង្វាក់បេះដូងធ្លាក់ចុះ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកពិតជាចង់ឈប់ជក់បារីមែន អ្នកនឹងអាចជំនះនូវបញ្ហាទាំងអស់នេះបាន។ ហើយកុំបារម្ភអាការៈទាំងនេះនឹងបាត់ទៅវិញយឺតៗតាមពេលវេលា និងអាស្រ័យលើពេលវេលា
ដែលអ្នកធ្លាប់បានជក់កន្លងមក។
៣. ខួរក្បាលទទួលរងភាពច្របូកច្របល់
នេះមានន័យថា ខួរក្បាលនឹងប្រែជាភ័ន្តភាំង ហើយបញ្ចេញសកម្មភាពចម្លែក។ វានឹងបញ្ជូនសញ្ញាទាមទារឲ្យអ្នកទៅរកបារីយកមកជក់ ដោយសារតែជាតិនីកូទីនបានធ្វើឲ្យមានភាពញៀន ហើយបង្កភាពច្របូកច្របល់ក្នុងការសម្រេចចិត្ត។ ក្នុងកំឡុងពេលនេះអ្នកនឹងអាចជួបប្រទះនូវបញ្ហាប្រែប្រួលនៃអារម្មណ៍, ខឹងឆេវឆាវ, ធ្លាក់ទឹកចិត្ត, ស្លន់ស្លោរ, ថប់បារម្ភ, ធុញទ្រាន់ និងឃ្លានចង់ជក់បារីជាខ្លាំង។ ទោះជាយ៉ាងណា បញ្ហាទាំងនេះនឹងបាត់ទៅវិញតាមពេលវេលា និងអាស្រ័យលើរយៈពេលដែលអ្នកធ្លាប់បានជក់កន្លងមក។
៤. កើនទម្ងន់
ជាតិនីកូទីន នៅពេលចូលទៅក្នុងលំហូរឈាមនឹងបញ្ជូនសញ្ញាមួយទៅកាន់ខួរក្បាលឲ្យបញ្ចេញជាតិខ្លាញ់ទៅក្នុងរាងកាយដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត។ ដូច្នេះហើយទើបអ្នកជក់បារីមិនសូវជាឃ្លានអាហារ ប៉ុន្តែនៅពេលអ្នកឈប់ជក់បារីវិញនោះ គឺគ្មានជាតិនីកូទីនណាជះឥទ្ធិពលលើមុខងារខួរក្បាលទៀតដែរ ខណៈនោះអ្នកនឹងមានអារម្មណ៍ថាឃ្លានខ្លាំងនៅរាល់ពេលអ្នកចង់ជក់បារី។ ជាលទ្ធផលចុងក្រោយ អ្នកនឹងកើនទម្ងន់ បន្ទាប់ពីទទួលទានច្រើនជាងមុន។
៥. ខ្យល់ដង្ហើមប្រែជាប្រសើរជាងមុន
ដរាបណាអ្នកនៅតែជក់បារី នោះសួតរបស់អ្នកនឹងពោរពេញទៅដោយផ្សែងពុលគ្រោះថ្នាក់យ៉ាងក្រាស់ ហើយរារាំងដល់មុខងារសម្អាតភាពកង្វក់របស់រោមតូចៗដែលនៅក្នុងសួត។ ប៉ុន្តែនៅពេលអ្នកឈប់ជក់បារីមុខងាររបស់អ្នករោមតូចៗទាំងនោះនឹងត្រឡប់ទៅរកភាពធម្មតាវិញ ហើយចាប់ផ្ដើមដំណើរបានត្រឹមត្រូវធ្វើឲ្យអ្នកងាយស្រួលដកដង្ហើម និងផ្ដល់ក្លិនខ្យល់ដង្ហើមល្អប្រសើរ។
៦. សសៃឈាមរីកធំ
ការជក់បារី គឺធ្វើឲ្យសសៃឈាមរួមតូចបណ្ដាលឲ្យឈាមហូរទៅកាន់ខួរក្បាលមិនត្រឹមត្រូវដែលធ្វើឲ្យខួរក្បាលមិនសូវសកម្ម ហើយស្ពឹក។ បញ្ហានៃសសៃឈាមរួមតូចក៏បង្កើនហានិភ័យនៃជំងឺដាច់សសៃឈាមក្នុងខួរក្បាល និងធ្វើឲ្យអ្នកងាយប្រឈមមុខជាមួយហានិភ័យនៃជំងឺសសៃឈាមបេះដូងផងដែរ។ ដូច្នេះក្នុងកំឡុងពេលប្រហែលជា ១៨ ខែ ទៅ ១៥ឆ្នាំ បន្ទាប់ពីផ្ដាច់ ឬឈប់ជក់បារី ហានិភ័យនៃជំងឺបេះដូងនឹងត្រូវបានកាត់បន្ថយយ៉ាងខ្លាំង រួមជាមួយការធ្វើឲ្យអ្នកមានសុខភាពល្អប្រសើរជាងមុន ហើយជៀសផុតពីគ្រោះថ្នាក់ដល់ជីវិតផ្សេងៗ។
៧. ធ្មេញស ស្នាមញញឹមស្រស់ស្អាត
ការជក់បារី ជាប្រចាំអាចបណ្ដាលឲ្យកើតមានការរលាក និងឈឺមាត់, ធ្មេញប្រែជាលឿង ហើយធ្វើឲ្យមានខ្យល់ដង្ហើមមិនល្អថែមទៀត។ និយាយឲ្យខ្លីទៅ ការជក់បារី គឺផ្ដល់ផលប៉ះពាល់ដល់អនាម័យសុខភាពមាត់ធ្មេញគួរឲ្យព្រួយបារម្ភ។ ទោះជាយ៉ាងណា ផលវិបាកភាគច្រើននៃបញ្ហាសុខភាពមាត់ធ្មេញដូចជា ធ្មេញលឿង ក៏ដូចជាខ្យល់ដង្ហើមមិនល្អ នឹងបាត់ទៅវិញភ្លាមៗបន្ទាប់ពីអ្នកឈប់ជក់បារី។ ការឈប់ជក់បារីក៏ជួយការពារអ្នកពីជំងឺអញ្ចាញធ្មេញផងដែរ។
៨. ប្រព័ន្ធភាពស៊ាំមានភាពប្រសើរឡើង
ប្រព័ន្ធភាពស៊ាំល្អនឹងជួយការពារអ្នកឲ្យជៀសផុតពីជំងឺផ្សេងៗ។ ការជក់បារីជាប្រចាំធ្វើឲ្យប្រព័ន្ធភាពស៊ាំដំណើរការមុខងារមិនបានត្រឹមត្រូវ ហើយចុះខ្សោយដែលបណ្ដាលឲ្យជំងឺផ្សេងៗងាយនឹងជ្រៀតចូលក្នុងរាងកាយ។ វាក៏បង្កើនហានិភ័យនៃការឆ្លងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរដូចជា ជំងឺរលាកទងសួត និងជំងឺរលាកសួត ហើយចុងក្រោយជាលិកាសួតទាំងអស់នឹងត្រូវបំផ្លាញ ដោយសារទម្លាប់នៃការជក់បារី។ ប៉ុន្តែហានិភ័យនៃជំងឺគ្រោះថ្នាក់ទាំងនេះ គឺនឹងមិនកើតឡើងបានទេ ប្រសិនបើអ្នកឈប់ជក់បារី៕