ជំងឺរលាកទងសួតគឺជាជំងឺឆ្លងតាមទងសួតដែលជាផ្លូវដង្ហើមភ្ជាប់បំពង់ខ្យល់ទៅនឹងសួត។ វាច្រើនតែបង្ករឡើងដោយការឆ្លងមេរោគនៅផ្លូវដង្ហើមផ្នែកខាងលើ ហើយប្រសិនបើវាមិនជានោះទេ វាអាចបង្ករឱ្យមានជំងឺរលាកសួត (pneumonia)។

គ្រូពេទ្យ Barbara Phillips និយាយថា ក្នុងករណីជាច្រើន ថ្នាំអង់ទីប៊ីយូទិចមិនអាចព្យាបាលជំងឺរលាកទងសួតដែលបង្ករឡើងដោយមេរោគបានទេ ប៉ុន្តែវាអាចព្យាបាលបានប្រសិនបើជំងឺនេះបង្ករឡើងដោយបាក់តេរី។ ជំងឺរលាកសួតនឹងបាត់ទៅវិញដោយខ្លួនឯងក្នុង ១ ទៅ ២សប្តាហ៍ ប៉ុន្តែចំពោះអ្នកមានឈឺធ្ងន់ធ្ងរអាចក្អកនិងដកដង្ហើមដង្ហក់រយៈពេលជាច្រើនខែ។ ទោះជាអ្នកត្រូវព្យាបាលវាតាមសម្រួល ប៉ុន្តែមានវិធីមួយចំនួនដែលអាចជួយឱ្យអ្នកដកដង្ហើមបានស្រួល។
បញ្ឈប់ការជក់បារី៖ វាជារឿងសំខាន់ក្នុងការបញ្ឈប់ការជក់បារី ជាពិសេសប្រសិនបើអ្នកឈឺធ្ងន់។ ៩០ ទៅ ៩៥ភាគរយនៃជំងឺរលាកទងសួតបង្ករឡើងដោយការជក់បារី។
គេចចេញពីផ្សែងបារី៖ គេចពីអ្នកដែលជក់បារី ហើយប្រសិនបើដៃគូរបស់អ្នកជក់បារី ត្រូវហាមគាត់មិនឱ្យជក់។ ការបឺតយកផ្សែងបារីដែលអ្នកដទៃជក់ក៏អាចធ្វើឱ្យអ្នកកើតជំងឺរលាកទងសួតបានដែរ។
ទទួលទានទឹកឱ្យបានច្រើន៖ ការទទួលទានទឹកពី ៤ ទៅ ៦កែវ ក្នុងមួយថ្ងៃ អាចជួយឱ្យអ្នកងាយស្រួលក្អកជាងមុន។ ចៀសវាងទទួលទានជាតិកាហ្វេអ៊ីនឬគ្រឿងស្រវឹង ព្រោះវាធ្វើឱ្យអ្នកនោមច្រើនដែលធ្វើឱ្យបាត់បង់ជាតិទឹកច្រើន។
ដកដង្ហើមដោយប្រើខ្យល់ឧណ្ហៗ៖ ខ្យល់ក្តៅឧណ្ហៗជួយធ្វើឱ្យសំបោដែលកកស្ទះនៅករលាយ ដែលជួយឱ្យអ្នកងាយស្រួលក្អកជាងមុន។
យកចិត្តទុកដាក់លើវិធីបង្ការ៖ ទារក, កុមារ, អ្នកជក់បារី, អ្នកមានជំងឺបេះដូងឬសួត, និងមនុស្សចាស់សុទ្ធតែងាយនឹងមានជំងឺរលាកទងសួត ឬអាចនឹងដល់ថ្នាក់មានជំងឺរលាកសួត។ ពួកគេគួរចៀសវាងធ្វើការខាងក្រៅនិងហាត់ប្រាណពេលដែលមានជាតិពុលក្នុងបរិយាកាសខ្លាំង។
ករណីត្រូវរកគ្រូពេទ្យ៖
- ការក្អកកាន់តែខ្លាំងឡើងៗ មិនមានការអន់ថយសោះ
- អ្នកក្តៅខ្លួន ឬ ក្អកមានឈាម
- អ្នកដកដង្ហើមដង្ហក់និងឧស្សាហ៍ក្អក
- អ្នកជាមនុស្សចាស់
- អ្នកមានជំងឺបេះដូងឬសួត