ក្លិនខ្លួនមិនល្អអាចធ្វើឱ្យអ្នកបាត់បង់ភាពទាក់ទាញដែលអាចប៉ះពាល់ដល់អារម្មណ៍របស់ខ្លួនអ្នកផ្ទាល់។ តាមពិតទៅមានវិធីសាស្ត្រមួយចំនួនដើម្បីបំបាត់ក្លិនខ្លួនមិនល្អនិងបង្កើតនូវក្លិនខ្លួនថ្មីដែលក្រអូបជាប់ចិត្ត។ ដូច្នេះអ្នកមិនចាំបាច់បារម្ភចំពោះបញ្ហានេះទៀតទេ ដោយគ្រាន់តែសាកល្បងនូវវិធីសាស្ត្រណែនាំខាងក្រោម៖
ប្រើសាប៊ូ៖ វិធីងាយបំផុតក្នុងការបំបាត់ក្លិនខ្លួននោះគឺការលាងសម្អាតរាង្គកាយរបស់អ្នកជាមួយនឹងសាប៊ូ ជាពិសេសនៅត្រង់កន្លែងណាដែលងាយនឹងមានក្លិនមិនល្អ ដូចជាក្លៀកនិងក្រលៀន។ ជាទូទៅ ក្លិនខ្លួនបង្ករឡើងដោយការបែកញើសតិចៗរួមផ្សំជាមួយនឹងបាក់តេរី ដូច្នេះហើយការដុសសម្អាតខ្លួនដោយប្រើសាប៊ូ នឹងលាងសម្អាតវត្ថុទាំងនេះចេញ។ សាប៊ូដែលល្អបំផុតសម្រាប់បញ្ហាក្លិនខ្លួនគឺសាប៊ូបំបាត់ក្លិនខ្លួន (សាប៊ូក្រអូប) ព្រោះវាអាចរារាំងក្លិនមិនល្អបាន។ ចំពោះការលាងខ្លួនញឹកញាប់ប៉ុណ្ណានោះគឺអាស្រ័យទៅតាមរាង្គកាយមនុស្សម្នាក់ៗ, សកម្មភាព, អារម្មណ៍, និងរដូវកាលនីមួយៗ។ ប្រសិនបើអ្នកមិនប្រាកដថាអ្នកមិនមានក្លិនខ្លួនទៀតទេនោះ អ្នកអាចសួរមនុស្សជិតដិតដើម្បីបញ្ជាក់។ ត្រូវចងចាំថា ដំណើរការនៃការបែកញើសនិងបាក់តេរីមានរហូត មិនថាថ្ងៃឬយប់នោះទេ ដែលមានន័យថាអ្នកត្រូវមុជទឹកទាំងពេលព្រឹកនិងពេលយប់។
សម្លៀកបំពាក់៖ អ្នកអាចដុសសម្អាតខ្លួនរបស់អ្នករហូតទាល់តែស្បែករបស់អ្នករលាត់ប៉ុន្តែអ្នកនៅតែមានក្លិនមិនល្អ ប្រសិនបើសម្លៀកបំពាក់របស់អ្នកមិនស្អាត។ ការប្រើសម្លៀកបំពាក់មួយសម្រាប់ក្នុងរយៈពេលច្រើនថ្ងៃជាប់គ្នាប្រាកដជាបង្ករឱ្យមានក្លិនមិនល្អ។ តើអ្នកត្រូវផ្លាស់ប្តូរសម្លៀកបំពាក់ញឹកញាប់ប៉ុណ្ណា? វាអាស្រ័យទៅលើអ្នកនោះទេ។ ការប្តូរសម្លៀកបំពាក់មួយថ្ងៃមួយសម្រាប់គឺគ្រប់គ្រាន់ចំពោះមនុស្សភាគច្រើន ប៉ុន្តែចំពោះក្នុងរដូវក្តៅវិញ អ្នកប្រហែលជាត្រូវប្រើ ២សម្រាប់ក្នុងមួយថ្ងៃ។
ប្រើសម្លៀកបំពាក់ផលិតពីកប្បាស៖ សម្លៀកបំពាក់ផលិតពីកប្បាស ស្រូបញើសបានល្អជាងផលិតផលផ្សេងៗ។ ញើសដែលបានស្រូបនោះនឹងបង្ហួតចេញពីសម្លៀកបំពាក់ទៅក្នុងបរិយាកាស។
ពេលដែលសាប៊ូគ្មានប្រសិទ្ធភាព៖ ប្រសិនបើអ្នកបែកញើសច្រើនពេកហើយងាយនឹងមានក្លិនខ្លួនមិនល្អ នោះសាប៊ូធម្មតាមិនមានប្រសិទ្ធភាពក្នុងការបំបាត់ក្លិននោះទេ។ ក្នុងករណីនេះ អ្នកអាចសាកល្បងប្រើសាប៊ូប្រឆាំងនឹងបាក់តេរីដែលមានលក់នៅហាងថ្នាំនានា។
ថ្នាំប្រឆាំងការបែកញើស៖ សាប៊ូបំបាត់ក្លិនភាគច្រើនមានប្រសិទ្ធភាពក្នុងការបំបាត់ក្លិនក្លៀក។ វាបន្សល់នូវសារធាតុមួយចំនួនលើស្បែកដើម្បីសម្លាប់បាក់តេរីដែលបង្ករក្លិនមិនល្អ ប៉ុន្តែវាមិនអាចគ្រប់គ្រងការបែកញើសបាននោះទេ។ ដូច្នេះហើយប្រសិនបើអ្នកមានក្លិនខ្លួនខ្លាំង អ្នកប្រហែលជាត្រូវសាកល្បងថ្នាំប្រឆាំងការបែកញើស។ វាគឺជាថ្នាំដែលកាត់បន្ថយញើសដែលរាង្គកាយផលិត។ ផលិតផលនេះភាគច្រើនផ្សំថ្នាំប្រឆាំងការបែកញើសជាមួយនឹងសារធាតុបំបាត់ក្លិនខ្លួន។
ចំពោះអ្នកប្រតិកម្មនឹងសាប៊ូបំបាត់ក្លិន៖ ប្រសិនបើអ្នកប្រើសាប៊ូបំបាត់ក្លិនឬថ្នាំកាត់បន្ថយការបែកញើស ហើយវាធ្វើឱ្យអ្នករោលនោះ អ្នកគួរសាកល្បងប្រើក្រែមលាបអង់ទីប៊ីយ៉ូទិចវិញ។
ប្រយ័ត្ននូវអាហារដែលអ្នកបរិភោគ៖ សំណល់នៃប្រូតេអ៊ីននិងខ្លាញ់ពីអាហារមួយចំនួននឹងនៅជាប់ញើសរបស់អ្នកជាច្រើនម៉ោងបន្ទាប់ពីការបរិភោគវា ហើយវាអាចជាផ្នែកមួយនៃក្លិនខ្លួនមិនល្អ។ អាហារទាំងនោះមានដូចជា ត្រី, សម្លរការី, និងខ្ទឹម។
ភាពស្ងប់អារម្មណ៍៖ ការត្រេកត្រអាលចំណង់ផ្លូវភេទ ឬអារម្មណ៍ភ័យខ្លាចនិងព្រួយបារម្ភ នឹងធ្វើឱ្យអ្នកបែកញើសកាន់តែច្រើន។ ប្រសិនបើអ្នកត្រូវចូលរួមសកម្មភាពអ្វីមួយដែលធ្វើឱ្យអ្នកមិនសប្បាយចិត្ត អ្នកគួរប្រើសារធាតុបំបាត់ក្លិនឱ្យបានច្រើន។
ករណីត្រូវរកគ្រូពេទ្យ៖ ការបែកញើសខ្លាំងអាចជាសញ្ញាប្រាប់ថាក្រពេញទីរ៉ូអ៊ីតដំណើរការជ្រុលពេក ឬមានជាតិស្ករក្នុងឈាមតិច។ អ្នកក៏ប្រហែលមានភាពមិនប្រក្រតីនៃប្រព័ន្ធប្រសាទដែលគ្រប់គ្រងញើស។