ជំងឺភ្នែកក្រហម (conjunctivitis) គឺជាការរលាកស្រទាប់ក្រៅនៃកញ្ចក់ភ្នែក (conjunctiva) ដែលជាភ្នាសស្តើងៗដែលទ្រាប់ខាងក្នុងត្របកភ្នែកនិងគ្របលើផ្នែកពណ៌សនៃគ្រាប់ភ្នែក។ ភ្នែកដែលឡើងក្រហម, រលាក, និងឆ្លងមេរោគ អាចបង្ករឱ្យមានអារម្មណ៍ដូចជាមានគ្រាប់ខ្សាច់ជាច្រើនក្នុងភ្នែក។ ពេលខ្លះក៏មានហៀរទឹកភ្នែកផងដែរ។ មូលហេតុដែលបង្ករឱ្យវារមាស់គឺមកពីមេរោគ, បាក់តេរី, ឬអាឡែហ្ស៊ី។ ថ្វីត្បិតតែវាមិនប៉ះពាល់ដល់ការមើលឃើញរបស់មនុស្សធំពិតមែន ប៉ុន្តែវាមានសភាពអាក្រក់មើលខ្លាំងណាស់។ ហើយវាមិនមែនជារឿងលែងសើចនោះទេ ដូច្នេះចំណុចខាងក្រោមនេះនឹងណែនាំពីអ្វីដែលអ្នកអាចធ្វើបានប្រសិនបើអ្នកមានជំងឺភ្នែកក្រហម។
បំបាត់ពណ៌ក្រហមនៅក្នុងភ្នែក៖ វេជ្ជបណ្ឌិត រ៉ូបឺត ភីធើសិន (Robert Petersen) និយាយថា “ការស្អំក្រណាត់ជ្រលក់ទឹកក្តៅឧណ្ហៗ ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ និងម្តងរយៈពេល ៥ ទៅ ១០នាទី អាចជួយអ្នកឱ្យបានអារម្មណ៍ប្រសើរបាន”។
រក្សាភ្នែកឱ្យស្អាត៖ វេជ្ជបណ្ឌិត ភីធើសិន បន្តថា “ភាគច្រើន ជំងឺភ្នែកក្រហមនឹងបាត់ទៅវិញដោយខ្លួនវា។ ដើម្បីជួយឱ្យវាកាន់តែឆាប់ជា អ្នកត្រូវរក្សាភ្នែកនិងត្របកឱ្យស្អាតដោយប្រើដុំសំឡីជ្រលក់ទឹកស្អាតមកជូតក្រមផ្សេងៗនៅភ្នែកឱ្យបានស្អាត”។
ថែរក្សាខ្លួនឯង៖ ការស្អំក្រណាត់សើមក្តៅឧណ្ហៗមានប្រសិទ្ធភាពខ្ពស់ចំពោះកុមារ ប៉ុន្តែពេលខ្លះមនុស្សធំត្រូវការអ្វីផ្សេងបន្ថែមទៀត។ វេជ្ជបណ្ឌិត ភីធើ ហើស (Peter Hersh) និយាយថា “មនុស្សធំដែលហៀរទឹកភ្នែកច្រើនគួរដោះស្រាយបញ្ហាដោយលាយទឹកក្តៅឧណ្ហៗ ៩ភាគ ជាមួយនឹងសាប៊ូសម្រាប់កុមារ ១ភាគ ហើយយកវាមកលាងសម្អាតភ្នែក”។
សម្អាតកន្សែង៖ លាងសម្អាតកន្សែង, សម្លៀកបំពាក់, និងរបស់ប្រើប្រាស់ផ្សេងទៀតដែលប៉ះពាល់ជាមួយនឹងភ្នែករបស់អ្នក។ វេជ្ជបណ្ឌិត ភីធើសិន និយាយថា “មេរោគរបស់វាងាយនឹងឆ្លងណាស់។ អ្នកមិនត្រូវប្រើកន្សែងឬរបស់របរផ្សេងៗជាមួយអ្នកដទៃនោះទេ ព្រោះវាងាយនឹងចម្លងមេរោគនោះឱ្យអ្នកដទៃ”។
មិនត្រូវប្រើជាតិក្លរទេ៖ តើការហែលទឹកក្នុងអាងហែលទឹកធ្វើឱ្យភ្នែករបស់អ្នកឡើងក្រហមមែនទេ? វេជ្ជបណ្ឌិត ភីធើសិន បន្តថា “ជាតិក្លរក្នុងអាងហែលទឹកអាចបង្ករឱ្យភ្នែករបស់អ្នកឡើងក្រហមបាន ប៉ុន្តែប្រសិនបើគ្មានជាតិក្លរនោះទេ បាក់តេរីនឹងកើតឡើងក្នុងអាងទឹកនោះ ដែលក៏ជាហេតុបង្ករឱ្យមានបញ្ហាភ្នែកក្រហមដូចគ្នា។ ប្រសិនបើអ្នកត្រូវហែលក្នុងអាងទឹកហើយភ្នែករបស់អ្នកងាយនឹងឡើងក្រហមនោះ អ្នកគួរប្រើវ៉ែនតាការពារភ្នែកពេលហែលទឹក”។
ស្អំទឹកកកលើភ្នែកឡើងក្រហម៖ នៅរដូវក្តៅភ្នែករបស់អ្នកប្រហែលជាអាចអាឡែហ្ស៊ីជាមួយនឹងលំអងផ្កា។ វេជ្ជបណ្ឌិត ដាញ៉ែល ណេលសុន (Daniel Nelson) និយាយថា “ប្រសិនបើភ្នែករបស់អ្នករមាស់ដូចត្រូវមូសខាំ ហើយអ្នកមានឡើងខ្ទុះក្នុងភ្នែករបស់អ្នក ភាគច្រើនវាជាសញ្ញានៃជំងឺភ្នែកក្រហមដោយសារអាឡែហ្ស៊ី។ អ្នកអាចប្រើក្រណាត់ជ្រលក់ទឹកត្រជាក់មកស្អំភ្នែក វានឹងជួយកាត់បន្ថយភាពរមាស់”។
ដាក់ថ្នាំនៅពេលយប់៖ វេជ្ជបណ្ឌិត ភីធើសិន និយាយថា “មេរោគដែលបង្ករឱ្យមានជំងឺភ្នែកក្រហម កាន់តែមានឥទ្ធិពលពេលដែលអ្នកបិតភ្នែក។ នេះជាមូលហេតុដែលភ្នែករបស់អ្នកកាន់តែមានសភាពធ្ងន់ធ្ងរនៅពេលដែលអ្នកគេង។ ដើម្បីទប់ទល់នឹងបញ្ហានេះ អ្នកត្រូវប្រើថ្នាំអង់ទីប៊ីយូទិចដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ មុនពេលអ្នកចូលគេង”។
ករណីត្រូវរកគ្រូពេទ្យ៖ ជំងឺភ្នែកក្រហមគឺជាជំងឺដែលងាយស្រួលព្យាបាលហើយច្រើនតែបាត់ដោយខ្លួនវាក្នុងរយៈពេលប្រហែល ១សប្តាហ៍។ ប៉ុន្តែអ្នកគួរជៀសវាងទម្លាប់ចាំមើល ហើយងាកទៅរកគ្រូពេទ្យ ក្នុងករណី៖
- ក្រោយពេល ៥ថ្ងៃ ការឆ្លងនៅតែបន្តសភាពធ្ងន់ធ្ងរ ដោយមិនមានភាពប្រសើរឡើង
- អ្នកមានបញ្ហាភ្នែកក្រហមលាយជាមួយនឹងការឈឺភ្នែក, ភាពផ្លាស់ប្តូរនៃការមើលឃើញ, ឧស្សាហ៍ហៀរទឹកភ្នែកមានពណ៌លឿងឬខៀវ។
- ការឡើងក្រហមដែលបង្ករឡើងដោយរបួសក្នុងភ្នែក។ វេជ្ជបណ្ឌិត ភីធើសិន និយាយថា “ពេលខ្លះការឆ្លងមេរោគអាចចូលទៅក្នុងភ្នែកបានប្រសិនបើអ្នកខ្វាចត្រូវស្រទាប់កែវភ្នែក ដែលអាចធ្វើឱ្យមានដំបៅ, ឬមើលមិនឃើញ”។