កំពុងជួបប្រទះអាការៈឈឺទ្រូងមែនទេ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិជួយដោះស្រាយបញ្ហានេះ ៖
១. រមៀតលាយទឹកដោះគោ
ជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin មានប្រសិទ្ធិភាពជួយកាត់បន្ថយកូឡេស្តេរ៉ូល, កំណកឈាម និងការកកស្ទះសសៃឈាមដែលសុទ្ធសឹងជាកត្តាបង្កបញ្ហាបេះដូងនិងការឈឺចាប់ក្នុងទ្រូង។ សារធាតុ curcumin ក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកាត់បន្ថយអាំងដង់ស៊ីតេនៃការឈឺចាប់ត្រង់ទ្រូងផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀតកន្លះស្លាបព្រាកាហ្វេក្នុងទឹកដោះគោក្ដៅៗ ១កែវ។ កូរឱ្យសព្វ សឹមទទួលទានឱ្យទាន់ក្ដៅឧណ្ហៗម្ដងក្នុងមួយថ្ងៃមុនពេលចូលគេង។
២. ខ្ទឹមស
អត្ថប្រយោជន៍ដ៏អស្ចារ្យមួយនៃខ្ទឹមស គឺអាចទប់ស្កាត់ជំងឹសសៃឈាមបេះដូងដោយសម្រួលចរន្តឈាមរត់ទៅបេះដូង។ ភាពខ្សោយនៃចរន្តឈាមរត់ទៅបេះដូងបង្កើនហានិភ័យនៃជំងឺសសៃឈាមបេះដូងដែលជាលទ្ធផលបង្កអាការៈឈឺក្នុងទ្រូង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមទឹកខ្ទឹមសស្រស់ ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ពែង។ កូរឱ្យសព្វ សឹមទទួលទានរាល់ថ្ងៃឱ្យបានពី ១ ទៅ ២ពែង។ អ្នកក៏អាចទំពារខ្ទឹមស ១ ឬ ២កំពឹសរាល់ព្រឹកបានផងដែរ។
៣. ទឹកប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើអាចជួយធ្វើឱ្យប្រព័ន្ធសសៃឈាមបេះដូងកាន់តែរឹងមាំ, គ្រប់គ្រងកូឡេស្តេរ៉ូលល្អ, បន្ថយកម្រិតនៃជាតិខ្លាញ់ទ្រីគ្លីសេរីដ និងកាត់បន្ថយសម្ពាធឈាម។ ជាលទ្ធផលជួយបំបាត់អាការៈឈឺទ្រូង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកប្រទាលកន្ទុយក្រពើសុទ្ធ ៤ស្លាបព្រាបាយឱ្យបានម្ដងទៅ ២ដងជាប្រចាំ។
៤. វីតាមីន
ការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា កង្វះនៃវីតាមីន D និងវីតាមីន B12 អាចបង្កអាការៈឈឺទ្រូង និងសូម្បីតែជំងឹគាំងបេះដូង។ ដូច្នេះប្រសិនបើអ្នកកំពុងជួបប្រទះនូវអាការៈឈឺទ្រូង ចូរព្យាយាមផ្លាស់ប្ដូររបបអាហារប្រចាំថ្ងៃដោយបំពេញបន្ថែមនូវអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីនចាំបាច់ដែលរាងកាយត្រូវការដើម្បីដំណើរការមុខងារបានត្រឹមត្រូវ។ ក្នុងករណីចង់ប្រើប្រាស់ថ្នាំគ្រាប់វីតាមីន អ្នកចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។
៥. ទឹកខ្មេះផ្លែប៉ោម
មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយព្យាបាលអាការៈក្រហាយទ្រូង និងច្រាលអាស៊ីតក្រពះដែលជាមូលហេតុទូទៅបំផុតដែរពីក្រោយបញ្ហាឈឺទ្រូង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយក្នុងទឹក ១កែវ។ កូរឱ្យសព្វ សឹមទទួលទាននៅមុនពេលអាហារ ឬនៅពេលណាដែលអ្នកមានអារម្មណ៍ឈឺទ្រូង។
កុំមើលស្រាលអាការៈឈឺទ្រូងឱ្យសោះ! ប្រសិនបើវាមិនព្រមបាត់ទៅវិញសោះ សូម្បីតែអ្នកបានអនុវត្តនូវរូបមន្តធម្មជាតិដូចបានបង្ហាញខាងលើហើយនោះ ចូរប្រញាប់ណាត់ជួបទទួលការពិនិត្យធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ជាមួយគ្រូពេទ្យជំនាញ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕