ចំពោះទឹកនោមផ្អែមប្រភេទមួយ គេមិនអាចកំណត់បានកត្ដាហានិភ័យរបស់វាអោយបានច្បាស់លាស់ទេ ។ ប៉ុន្ដែវាប្រហែលជាមានទាក់ទងកត្ដាតំណពូជ កត្ដាបរិស្ថាន ដែលអាចបណ្ដាលអោយកើតជំងឺនេះ។ បើសិនជាមាននរណាម្នាក់ក្នុងគ្រួសារកើតទឹកនោមផ្អែមនេះ ឱកាសកើតជំងឺនេះអាចនឹងកើនឡើង។ កត្ដាហានិភ័យសម្រាប់ទឹកនោមផ្អែមប្រភេទពីររួមមាន៖
- អាយុ៖ ៩០ ទៅ ៩៥ភាគរយ នៃអ្នកទឹកនោមផ្អែម មានទឹកនោមផ្អែមប្រភេទពីរ។ ទឹកនោមផ្អែមប្រភេទពីរ ជាទូទៅកើតមាននៅក្នុងចំណោមមនុស្សដែលមានអាយុលើសពី ៤០ឆ្នាំ ប៉ុន្ដែឥឡូវនេះវាក៏កើតមានច្រើនផងដែរ ចំពោះកុមារនិងមនុស្សវ័យជំទង់។ មនុស្សកាន់តែចាស់កាន់តែមានហានិភ័យកើតជំងឺទឹកនោមផ្អែម។
- លើសទម្ងន់ឬធាត់ជ្រុល៖ មនុស្សជាង ៨០ភាគរយ ដែលមានទឹកនោមផ្អែមប្រភេទពីរគឺជាមនុស្សលើសទម្ងន់ឬធាត់ជ្រុល។ ការលើសទម្ងន់ឬធាត់ជ្រុលបង្កើនហានិភ័យកើតទឹកនោមផ្អែម។ ជាតិខ្លាញ់ច្រើនហួសហេតុហាក់ដូចជាបង្កើនភាពស៊ាំទៅនឹង អាំងស៊ុយលីនដោយធ្វើអោយជាតិគ្លុយកូសកើនឡើងនិងលទ្ឋភាពកើតមានទឹកនោមផ្អែម។ ទោះបីការធាត់ហួសហេតុអាចប៉ះពាល់មនុស្សគ្រប់គ្នា កត្ដាហានិភ័យសំខាន់នោះគឺអាហារដែលមានជាតិខ្លាញ់ខ្ពស់ និងថាមពលខ្ពស់ ព្រមទាំងអសកម្មភាពរាង្គកាយ។ និន្នាការកាន់តែច្រើននៅបណ្ដាប្រទេសជាច្រើនបង្ហាញចេញនូវសង្គមមួយដែល មានការប្រើអាហារមិនមានសុខភាព ជាជាងការបរិភោគផ្លែឈើស្រស់ និង បន្លែដែលល្អសម្រាប់សុខភាព ហើយគេក៏សង្កេតឃើញដែរថាសកម្មភាពរាង្គកាយបានថយចុះយ៉ាងខ្លាំងហើយវាជំនួសដោយការប្រើយានយន្ដវិញ។
- ប្រវត្ដិគ្រួសារមានទឹកនោមផ្អែម៖ ការស្រាវជ្រាវបង្ហាញថា មនុស្សកាន់តែមានហានិភ័យខ្លាំង បើសិនជាសមាជិកគ្រួសារណាម្នាក់ មានទឹក នោមផ្អែម។ កាលណាទំនាក់ទំនងគ្រួសារនោះកាត់តែជិត វាកាន់តែនាំអោយមានហានិភ័យខ្ពស់ដែរ នៅក្នុង ការកើតទឹកនោមផ្អែម។
- អសកម្មភាពរាង្គកាយ៖ ការស្រាវជ្រាវបង្ហាញថាមនុស្សដែលមិនមានជីវិតដ៏សកម្មនោះទេ ពួកគេមានហានិភ័យច្រើនជាងគេ នៅក្នុងការកើតទឹកនោមផ្អែមប្រភេទពីរ។ កាលណាអ្នកមានលំហាត់ប្រាណកាន់តែតិច អ្នកនឹងកាន់តែមានឱកាស ច្រើនកើតទឹកនោមផ្អែម។
- ដំណាក់កាលត្រៀមទឹកនោមផ្អែម៖ មនុស្សយើងធម្មតាមានជាតិស្ករនៅចន្លោះពី ៧០ ទៅ ១១០ មីលីក្រាម នៅក្នុង ១០០មីលីលីត្រឈាម ឬក៏នៅចន្លោះ ៣,៩ ទៅ ៦,០ មីលីម៉ូលក្នុង១លីត្រឈាម។ ដំណាក់កាលត្រៀមទឹកនោមផ្អែម គឹកម្រិតជាតិស្ករ (គ្លុយកូស) ខ្ពស់ជាង ធម្មតា ប៉ុន្ដែមិនទាន់ដល់កម្រិតដែលគ្រូពេទ្យចាត់ទុកជាទឹកនោមផ្អែមទេ (មើលខាងក្រោម)។
- ជាតិសាស្ដ្រ៖ តាមដែលយើងដឹង ជាតិសាសន៍មានសារសំខាន់នៅក្នុងការកំណត់លទ្ឋភាពដែលមនុស្សម្នាក់អាចកើត មានទឹកនោមផ្អែម។ ប៉ុន្ដែមានការស្រាវជ្រាវតិចតួចត្រូវបានធ្វើឡើងនៅក្រៅសហរដ្ឋអាមេរិក។ នៅក្នុងចំណោម ពលរដ្ឋអាមេរិក ជនជាតិអាហ្វ្រិក អាស៊ី អ៊ីស្ប៉ានិច អ្នកកោះប៉ាស៊ីហ្វិច និង ជនជាតិដើមអាមេរិក ស្ថិតនៅក្នុង ចំណោមមនុស្សដែលងាយកើតមានទឹកនោមផ្អែម។ ក្នុងចំណោមពលរដ្ឋអូស្រា្ដលី ជនជាតិអាស៊ី អ្នកកោះប៉ាស៊ីហ្វិច អឺរ៉ុបខាងត្បូង ជនជាតិដើមអូស្ដ្រាលីគឺងាយបំផុតកើតជំងឺនេះ។
ប្រភព៖ សហព័ន្ឋជំងឺទឹកនោមផ្អែមអន្ដរជាតិនៅប្រ៊ុយសែល