យើងច្រើនតែស្វែងរកផលិតផលថែរក្សាស្បែកដើម្បីជំនួយដល់ស្បែករបស់យើង។ ប៉ុន្តែផលិតផលលើទីផ្សារទាំងនោះអាចមានតម្លៃថ្លៃ ហើយវាផ្សំឡើងពីសារធាតុគីមីទៀតផង។ លើកក្រោយ នៅពេលដែលអ្នកចង់រកម៉ាស្សបិតមុខ ចូរស្វែងរកម៉ាស្សដែលផ្សំឡើងពីគ្រឿងផ្សំក្នុងផ្ទះបាយរបស់អ្នក នោះគឺផ្លែប៉េងប៉ោះ។ វានឹងជួយធ្វើឲ្យស្បែករបស់អ្នកភ្លឺរលោង និងក្មេងជាងវ័យថែមទៀតផង។
១. កាត់ផ្លែប៉េងប៉ោះជាដុំៗ ហើយដាក់ចូលទៅក្នុងឆ្នាំងតូចមួយ។ ជាតិអាស៊ីតធម្មជាតិដែលមាននៅក្នុងផ្លែប៉េងប៉ោះធ្វើឲ្យវាគឺជាសារធាតុជួយស្បែកម្យ៉ាងដែលជួយជួយលាងសម្អាតរន្ធញើស។ ផ្លែប៉េងប៉ោះក៏សម្បូរទៅដោយអង់ទីអុកស៊ីដង់ ដែលជួយធ្វើការផ្លាស់កោសិកាថ្មីដល់ស្បែក ដែលធ្វើឲ្យមុខរបស់អ្នកមើលទៅក្មេងជាងវ័យ។
២. បន្ទាប់មកបន្ថែមពពួកសណ្តែកបៃតងទៅក្នុងឆ្នាំង ហើយចម្អិនវាឲ្យឡើងទន់។ ពពួកសណ្តែកបៃតងសម្បូរទៅដោយស័ង្កសី ដែលជាវីតាមីនជួយព្យាបាលស្បែកខូច។
៣. កិនប៉េងប៉ោះនិងសណ្តែកបៃតងរហូតដល់វាម៉ដ្ឋចូលគ្នា ហើយបន្ថែមក្រែម (sour cream) ១ស្លាបព្រាកាហ្វេ។ អាស៊ីតឡាក់ទិច (lactic acid) ដែលមាននៅក្នុងក្រែមនោះនឹងជួយព្យាបាលបញ្ហារម៉ាស់ស្បែក និងជួយបន្ទន់ស្បែក។ វាថែមទាំងមានជាតិសំណើម និងជួយបន្តឹងស្បែកមិនឲ្យជ្រីវជ្រួញថែមទៀតផង។
៤. ចូរលាងសម្អាតមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗ ហើយផ្តិតមុខឲ្យស្ងួត។ បន្ទាប់មកលាបម៉ាស្សដែលទើបនឹងផ្សំហើយដែលនៅក្តៅតិចៗលើមុខនិងករបស់អ្នក ហើយទុកវារយៈពេល ២០នាទី។ ជាចុងក្រោយ លាងសម្អាតម៉ាស្សថ្នមៗ ដោយប្រើទឹកក្តៅឧណ្ហៗ ហើយប្រើកន្សែងផ្តិតមុខឲ្យស្ងួត ៕