អាហារមានផ្ទុកសម្បូរដោយសារធាតុ Quercetin អាចផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពគួរឱ្យកត់សម្គាល់។ អ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញដឹងពីប្រភព ក៏ដូចជាផលល្អនៃការទទួលទានអាហារសម្បូរសារធាតុ Quercetin ៖
១. ជួយប្រឆាំងជំងឺមហារីក
សារធាតុ Quercetin អាចកាត់បន្ថយកោសិកាមហារីកគ្រោះថ្នាក់ និងទប់ស្កាត់ការរីករាលដាលនៃកោសិកាកាចៗ។ សារធាតុ Quercetin ក៏មានឥទ្ធិពលស៊ីសង្វាក់គ្នាផងដែរនៅពេលគួបផ្សំនឹងការព្យាបាលបែបគីមី។ អាហារសម្បូរសារធាតុ Quercetin រារាំងជំងឺមហារីកសុដន់, មហារីកសួត, មហារីកក្រពេញប្រូស្តាត, មហារីកពោះវៀនធំ និងជំងឺមហារីកស្បូនតាមរយៈលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនៃសារធាតុនេះ។ វាជួយប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីដែលបង្កហានិភ័យនៃជំងឺមហារីក។
២. ធ្វើឱ្យសុខភាពបេះដូងមានលក្ខណៈប្រសើរឡើង
សារធាតុ Quercetin ត្រូវបានរកឃើញផងដែរថាជួយបញ្ចុះកម្រិតនៃសម្ពាធឈាម និងទប់ស្កាត់ការធ្វើអុកស៊ីតកម្មនៃកូឡេស្តេរ៉ូលមិនល្អ។ ជាលទ្ធផលជួយការពារសុខភាពបេះដូងឱ្យកាន់តែមានភាពរឹងមាំប្រសើរ។
៣. អាចជួយព្យាបាលជំងឺទឹកនោមផ្អែម
សារធាតុ quercetin និង resveratrol អាចផ្ដល់អត្ថប្រយោជន៍លើជំងឺទឹកនោមផ្អែម។ លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មជួយបញ្ចុះកម្រិតនៃជាតិស្ករក្នុងផ្លាស្មា និងធ្វើឱ្យអាការៈផ្សេងទៀតនៃជំងឺទឹកនោមផ្អែមមានលក្ខណៈប្រសើរឡើងតាមរយៈការស្ដារឡើងវិញនូវអង់ស៊ីមដែលគ្រប់គ្រងជាតិស្ករក្នុងថ្លើម។ ការសិក្សាស្រាវជ្រាវមួយចំនួនបានហៅសារធាតុ quercetin ជាសមាសធាតុមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងរោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ សារធាតុប្រឆាំងអុកស៊ីតកម្មធ្វើឱ្យភ្នាក់ងារព្យាបាលជាច្រើនផ្សេងទៀតក្នុងរាងកាយមានភាពសកម្ម។ ជាលទ្ធផលជួយដល់ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី ២បានផងដែរ។ របបអាហារមានផ្ទុកសារធាតុ quercetin ក៏ធ្វើឱ្យសុខភាពលំពែងនិងថ្លើមមានភាពប្រសើរ, ជាលទ្ធផលជួយសម្រាលអាការៈផ្សេងៗនៃជំងឺទឹកនោមផ្អែម ខណៈដែលសរីរាង្គសំខាន់ពីរនេះទទួលខុសត្រូវសម្រាប់ទប់ស្កាត់ជំងឺទឹកនោមផ្អែម។
៤. ប្រឆាំងការរលាកក្នុងរាងកាយ
សារធាតុ quercetin បង្អាក់ការបញ្ចេញនិងផលិតសមាសធាតុបង្កការរលាក cytokines។ វាក៏ការពារកោសិការរាងកាយដែលជាប់ពាក់ព័ន្ធនឹងការរលាកដោយប្រតិកម្មអាឡែកស៊ីផងដែរ។ សារធាតុនេះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងដោយការពារភ្នាសនៃឆ្អឹងខ្ចី និងសូម្បីតែទប់ស្កាត់ការបំផ្លាញ។
៥. ធ្វើឱ្យសុខភាពភ្នែកមានភាពប្រសើរឡើង
សារធាតុ Quercetin ជួយព្យាបាលការរលាកកញ្ចក់ភ្នែក, លើកកម្ពស់សុខភាពនៃការមើលឃើញច្បាស់បានយូរអង្វែង។ វាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយដោយប្រឆាំងដំណើរការ oxidative stress។
- កំពូលអាហារដែលមានផ្ទុកសម្បូរដោយសារធាតុ Quercetin រួមមាន៖ ផ្លែប៉ោម, ទំពាំងបាយជូរ, ខ្ទឹមបារាំង, ជីវ៉ាន់ស៊ុយ, ម្ទេសផ្លោក, ប៉េងប៉ោះ, ឈើរី, ទំពាំងបារាំង, តែបៃតង, ស្លឹកខ្ទឹម និងផ្កាខាត់ណាខៀវ ជាដើម។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕