ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ទឹកក្ដៅឧណ្ហៗអាចផ្ដល់អត្ថប្រយោជន៍ពិសេសជាច្រើនចំពោះសម្រស់។ អ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីមូលហេតុដែលអ្នកគួរទទួលទានទឹកក្ដៅឧណ្ហៗ ៖
១. ជួយឱ្យស្បែកភ្លឺស្រស់ថ្លា
ទឹកក្ដៅឧណ្ហៗអាចជួយបន្សាបជាតិពុលក្នុងរាងកាយ។ នេះដោយសារតែការទទួលទានទឹកក្ដៅឧណ្ហៗអាចធ្វើឱ្យសីតុណ្ហភាពរាងកាយកើនឡើង ហើយអ្នកបែកញើស។ ជាលទ្ធផលជួយកម្ចាត់ជាតិពុល និងធ្វើឱ្យសរីរាង្គរំលាយអាហារកាន់តែងាយស្រួលក្នុងការកម្ចាត់ភាពមិនបរិសុទ្ធចេញពីរាងកាយ។ ការសម្អាតក្នុងរាងកាយជួយព្យាបាលបញ្ហាមុនពីក្នុងមកក្រៅ ហើយអ្នកប្រាកដជាទទួលបានស្បែកមានសុខភាពល្អ និងភ្លឺរលោង។
២. ទប់ស្កាត់រោគសញ្ញានៃភាពចាស់មុនវ័យ
ជាតិពុលក្នុងរាងកាយអាចធ្វើឱ្យស្បែកឆាប់ចាស់ជាងវ័យ និងបង្កស្នាមរង្វង់ខ្មៅជុំវិញភ្នែក ឬថ្នក់ក្រោមភ្នែក។ ការទទួលទានទឹកក្ដៅជួយជួសជុលកោសិកាស្បែកដែលទទួលរងការខូចខាតដោយសាររ៉ាឌីកាល់សេរីគ្រោះថ្នាក់ និងធ្វើឱ្យស្បែកទន់ម៉ដ្ឋរលោង។
៣. ព្យាបាលបញ្ហារមាស់ស្បែកក្បាល
ការទទួលទានទឹកក្ដៅជួយរក្សាសំណើមស្បែកក្បាល, ដែលនេះមានន័យថាអ្នកមិនងាយនឹងកើតអង្គែឡើយ។ នៅពេលស្បែកលើស្បែកក្បាលមានសុខភាពល្អនិងមានសំណើម វាជួយធ្វើឱ្យសក់ភ្លឺរលោង, មានភាពរលាស់ និងទន់គួរឱ្យទាក់ទាញ។ បន្ថែមពីនេះទឹកជួយឱ្យចុងសសៃប្រសាទក្នុងឬសសក់មានភាពសកម្មដែលជម្រុញដល់ការលូតលាស់សក់។
៤. ស្បែកមានពន្លឺ
ការទទួលទានទឹកក្ដៅឧណ្ហៗជាប្រចាំជួយរាងកាយបំបែកខ្លាញ់ដែលស្ដុកទុក, សម្រួលសាច់ដុំ និងជម្រុញចរន្តឈាមរត់។ កំណើននៃចរន្តឈាមរត់ជួយជួសជុលកោសិកាស្បែកនិងផ្ដល់សារធាតុចិញ្ចឹមដែលចាំបាច់។ វាផ្ដល់ឱ្យកោសិកាស្បែកដែលកំពុងបំពេញមុខងារនូវអុកស៊ីសែន និងកម្ចាត់កាកសំណើម។ ជាលទ្ធផលអ្នកនឹងទទួលបានស្បែកស្រស់ស្អាតមានភ្លឺមិនស្រអាប់។
៥. ជួយឱ្យស្បែកទាញយកបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីផលិតផលថែសម្រស់
ការទទួលទានទឹកក្ដៅឧណ្ហៗ គឺជាវិធីដ៏ងាយស្រួលបំផុតមួយដែលជម្រុញការដុតរំលាយអាហារដែលជាលទ្ធផលជួយឱ្យស្បែកទទួលបាននូវអត្ថប្រយោជន៍ច្រើនបំផុតពីផលិតផលថែរក្សាសម្រស់ដូចជាគ្រីមនិងផលិតផលផ្ដល់សំណើមដែលអ្នកបានប្រើប្រាស់។ នេះក៏ព្រោះតែបញ្ហាពោះវៀននឹងធ្វើឱ្យអ្នកមិនអាចទទួលបាននូវវីតាមីននិងសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតពីអាហារដែលធ្វើឱ្យស្បែកមើលទៅមិនស្អាត ហើយធ្វើឱ្យបញ្ហាស្បែកផ្សេងទៀតដែលកំពុងកើតមានស្រាប់កាន់តែធ្ងន់ធ្ងរឡើង។ ការទទួលទានទឹកក្ដៅឧណ្ហៗមួយកែវនឹងរក្សាសុខភាពពោះវៀនល្អប្រសើរដែលជួយឱ្យស្បែកអាចទទួលបាននូវសារធាតុចិញ្ចឹមពេញលេញតាមតម្រូវការដើម្បីរក្សាបាននូវភាពក្មេងជាងវ័យបានយូរ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕