ហេតុអ្វីបានជាអ្នកទទួលទានកាហ្វេរួចប្រែជាងងុយគេងមែនទេ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាដែលអ្នកញ៊ាំកាហ្វេហើយងងុយគេង ៖
១. កាហ្វេអ៊ីនគ្មានឥទ្ធិពលបង្កការរំខានដល់ដំណេករបស់អ្នក
ការទទួលទានកាហ្វេ ១ពែងនៅពេលយប់ជ្រៅនឹងមិនជះផលប៉ះពាល់ដល់ការគេងរបស់អ្នកឡើយ។ ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ការទទួលទានកាហ្វេក្នុងកំឡុងពេល ៤ម៉ោងនៃពេលចូលគេងនឹងធ្វើឱ្យអ្នកភ្ញាក់ដឹងខ្លួននៅពេលយប់នោះទេ។ គេបានធ្វើតេស្តលើអ្នកស្ម័គ្រចិត្តចំនួន ៧៨៥រូបសម្រាប់រយៈពេល ១សប្តាហ៍ដោយប្រើឧបករណ៍ចាប់សញ្ញាពាក់នៅកដៃ និងកំណត់ហេតុនៃការគេង ហើយជាលទ្ធផល គឺកាហ្វេអ៊ីនមិនបង្កការរំខានដល់ការគេងរបស់ពួកគេឡើយ។
២. អ្នកអាចក្រោកមកជាមួយនឹងអារម្មណ៍កាន់តែមានថាមពល
ការទទួលទានកាហ្វេ ១ពែងនៅមុនពេលសម្រាកមួយភ្លែតអាចបង្កើនកម្រិតនៃថាមពល។ នៅពេលអ្នកមានអារម្មណ៍ងងុយគេង, រាងកាយនឹងផលិតសារធាតុម្យ៉ាងហៅថា adenosine ដែលជម្រុញការគេង។ កាហ្វេអ៊ីនទប់ស្កាត់ខួរក្បាលមិនឱ្យទទួលបានសារធាតុ adenosine។ នេះហើយជាមូលហេតុដែលការទទួលទានកាហ្វេនៅមុនពេលគេងសម្រាកមួយភ្លែតអាចជួយឱ្យអ្នកក្រោកមកជាមួយនឹងអារម្មណ៍ស្រស់ស្រាយមានថាមពល។
៣. កាហ្វេអាចធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង
ថាតើអ្នកធ្លាប់មានអារម្មណ៍ដូចជាចង់ចូលបន្ទប់ទឹកក្រោយពេលផឹកកាហ្វេដែរទេ? វាកើតឡើងដោយសារតែកាហ្វេអ៊ីនមានលក្ខណៈសម្បត្តិបញ្ចុះទឹកនោម។ ជាលទ្ធផលអ្នកអាចនឹងឈឺនោមញឹកញាប់ជាងធម្មតា ហើយនៅពេលរាងកាយបាត់បង់ជាតិទឹក, បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយអាចនឹងលេចឡើងធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងងងុយគេង។
៤. វាបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម
ប្រសិនបើអ្នកចូលចិត្តញ៊ាំកាហ្វេផ្អែមៗដោយតែងបន្ថែមស្ករ ឬគ្រីមទឹកដោះគោច្រើន នោះអ្នកនឹងងាយជួបប្រទះនូវបញ្ហាជាតិស្ករក្នុងឈាមប្រែប្រួលភ្លាមៗក្រោយទទួលទានភេសជ្ជៈនេះ។ នៅពេលរាងកាយរំលាយជាតិស្ករកែច្នៃ នោះកម្រិតនៃគ្លុយកូស ឬជាតិស្ករក្នុងឈាមនឹងចាប់ផ្ដើមធ្លាក់ចុះ។ ជាលទ្ធផលអ្នកអាចមានអារម្មណ៍ខ្វះថាមពលនិងអស់កម្លាំង។
៥. ផ្សិតក្នុងកាហ្វេអាចបណ្ដាលឱ្យអស់កម្លាំង
ស្ដាប់ទៅគួរឱ្យរអើមនៅពេលអ្នកទទួលទានកាហ្វេដែលមានដុះផ្សិត។ ទោះជាយ៉ាងណាការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា គ្រាប់កាហ្វេភាគច្រើនមានដុះផ្សិត ហើយជាតិពុលក្នុងពួកវានេះហើយដែលធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេងនិងអស់កម្លាំង។
៦. រាងកាយអាចប្រែក្លាយភាពស្ត្រេសទៅជាអារម្មណ៍ងងុយគេង
ថាតើអ្នកធ្លាប់ដឹងទេថាការទទួលទានកាហ្វេអាចបង្កើនកម្រិតនៃអ័រម៉ូនស្ត្រេសក្នុងរាងកាយសូម្បីតែអ្នកញ៊ាំក្នុងបរិមាណដដែលរាល់ថ្ងៃក៏ដោយ? ជាប្រតិកម្មឆ្លើយតបនឹងការកើនឡើងនូវកម្រិតអ័រម៉ូនស្ត្រេសក្នុងរាងកាយ អ្នកប្រាកដជាមានអារម្មណ៍ចង់គេង។ នេះក៏ព្រោះតែការងងុយគេង និងអស់កម្លាំងជារបៀបធម្មជាតិមួយសម្រាប់រាងកាយនៅពេលឆ្លើយតបនឹងភាពស្ត្រេស។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕