សណ្តែកសៀងគឺជាអ្វីដែលយើងគិតថាជាអាហារ មិនមែនសម្រាប់យកមកលាបលើមុខទេ ប៉ុន្តែវាពិតជាមានប្រយោជន៍ចំពោះសុខភាពរាងកាយច្រើន ព្រមទាំងជួយអោយអ្នកកាន់តែស្រស់ស្អាតថែមទៀតផង។ សារធាតុ Isoflavones ក្នុងសណ្តែកសៀងច្រើនតែមានសមត្ថភាពជួយអោយស្បែកមើលទៅក្មេងជាងមុន និងវីតាមីន E ក្នុងប្រេងសណ្តែកសៀងអាចជួយអោយស្បែកដែលខូចខាតលូតលាស់វិញបាន។ ផលិតផលធ្វើពីសណ្តែកសៀងប្រហែលជាអាចជួយអោយស្ត្រីប្រើប្រាស់របស់ធម្មជាតិដើម្បីបង្កើនសម្រស់កាន់តែស្រស់ស្អាតបាន។
ផ្តល់សំណើមដល់ស្បែក
ផលិតផលលាងសម្អាតស្បែក និងឡូសិនទាំងអស់ដែលមានជាតិសណ្តែកសៀងគឺមានមុខងារផ្តល់ជាសំណើម។ សណ្តែកសៀងផ្ទុកទៅដោយវីតាមីន E ដែលមានប្រយោជន៍នៅពេលលាបលើស្បែកសម្រាប់បង្កើតជាសំណើម។ សារធាតុ Phytoestrogens ក្នុងសណ្តែកសៀងប្រហែលជាជួយអោយរាងកាយផលិតអ័រម៉ូន Estrogen កាន់ច្រើនដើម្បីបន្ថយភាពជ្រីវជ្រួញ។
ក្រចកកាន់តែរឹងមាំ
ការទទួលទានសណ្តែកសៀងប្រហែលជាជួយធ្វើអោយក្រចកអ្នកកាន់តែរឹងមាំ និងមិនសូវពុកផុយ។ ការទទួលទានសណ្តែកសៀងក្នុងទម្រងជាតៅហ៊ូ ឬទឹកដោះគោសណ្តែកសៀងសុទ្ធតែអាចពង្រឹងដល់សុខភាពក្រចក និងមិនងាយបាក់។
បណ្តុះសក់
សណ្តែកសៀងប្រហែលជាមានប្រយោជន៍ក្នុងការព្យាបាលអាការៈជ្រុះសក់បាន ជាពិសេសមនុស្សប្រុសតែម្តង។ បើយោងទៅតាមការសិក្សាកាលពីឆ្នាំ ២០០៤ ដឹកនាំដោយ ត្រីត ឌី ឡុន (Trent D. Lund) នៅឯសាកលវិទ្យាល័យ Colorado បានអោយដឹងថា សណ្តែកសៀងគឺជាសារធាតុ Anti-androgen មានន័យថា វាអាចបន្សាបឥទ្ធិពលរបស់អ័រម៉ូនបុរសដែលមានច្រើនលើលលុបបាន។ អ័រម៉ូនបុរសដែលច្រើនលើសលុបអាចនាំអោយជ្រុះសក់ និងមានការលូតលាស់មិនធម្មតាបាន។ សណ្តែកសៀងក៏អាចជួយអោយសក់ភ្លឺរលោង និងអាចប្រើប្រាស់ជាសាប៊ូកក់សក់ និងបន្ទន់សក់បានដែរ។
បង្ការភាពជ្រីវជ្រួញ
សណ្តែកសៀងប្រហែលជាមានប្រយោជន៍ក្នុងការបង្ការភាពជ្រីវជ្រួញដែរ នេះបើយោងទៅតាមនាយកដ្ឋានកសិកម្មសហរដ្ឋអាមេរិក។ ដេវ ខំតុន (Dave Compton) និងចូ ឡាហ្សូ (Joe Laszlo) អ្នកជំនាញខាងគីមី មកពី Agency’s Agricultural Research Service បានរកឃើញសារធាតុ Bio-lipid ក្នុងសណ្តែកសៀង ឬ Ferulic Soy Glycerides ដែលអាចការពារភាពជ្រីវជ្រួញបាន ព្រមទាំងអាចប្រើប្រាស់ជាគ្រឿងផ្សំនៅក្នុងផលិតផលប្រឆាំងនឹងការចាស់ទៅតាមអាយុ, សាប៊ូ និងផលិតផលលាងសម្អាតនៅពេលអនាគតបាន៕