តើអ្នកកំពុងតែស្វែងរកមធ្យោបាយដើម្បីអោយខ្លួនឯងមានក្លិនខ្លួនល្អគ្រប់ពេលមែនទេ? បើសិនជាអញ្ចឹងមែន អ្នកពិតជាមនុស្សសំណាងហើយ ព្រោះអត្ថបទរបស់យើងនឹងជួយអោយអ្នកដឹងអំពីគន្លឹះរបស់វា។
មុនពេលយើងនិយាយចូលទៅក្នុងវិធីសាស្ត្រទាំងអស់ដើម្បីអោយអ្នកមានក្លិនខ្លួនល្អ យើងសុំរកអោយឃើញថាហេតុអ្វីបានជាអ្នកមានក្លិនខ្លួនអាក្រក់ជាមុនសិន។ ដូច្នេះហេតុអ្វីបានជាពេលខ្លះយើងមានក្លិនខ្លួនមិនល្អ? មូលហេតុដ៏សំខាន់បំផុតនោះគឺដោយសារតែការបែកញើស។
ពីព្រោះមនុស្សគ្រប់គ្នាបែកញើសមក ពួកគេសុទ្ធតែទំនងនឹងមានបញ្ហាក្លិនខ្លួនមិនល្អគ្រប់ពេលតែម្តង។
ហេតុអ្វីបានជាញើសធ្វើអោយមានក្លិនខ្លួនមិនល្អ? ញើសខ្លួនឯងមិនធ្វើអោយរាងកាយមានក្លិនមិនល្អនោះទេ ប៉ុន្តែនៅពេលវាច្របល់ចូលគ្នានឹងបាក់តេរីនៅលើស្បែក ទើបបានបង្កើតទៅជាក្លិនអាក្រក់កើតមានបាន។ នេះហើយគឺជាមូលហេតុលេខមួយនៃបញ្ហាក្លិនខ្លួនរបស់មនុស្សយើង។
ដូច្នេះបើសិនជាគ្មានញើសទេ នោះក៏គ្មានអ្វីច្របល់ចូលគ្នាជាមួយបាក់តេរីលើស្បែកដើម្បីបង្កើតជាក្លិនខ្លួនដែរ។ រឿងនេះស្តាប់មើលទៅដូចជាល្អណាស់ ប៉ុន្តែយើងមិនអាចបញ្ឈប់រាងកាយកុំអោយបែកញើសបានទេ។ ខណៈពេលដែលញើសតែងតែត្រូវបានគេជេរ ឬដាក់បណ្តាសារនោះ តាមពិតវាគឺជាតម្រូវការរបស់រាងកាយដើម្បីអោយខ្លួនយើងត្រជាក់។ ដូច្នេះបើសិនជាយើងមិនអាចយកឈ្នះការបែកញើសបានទេ តើមានអ្វីទៀតទៅដែលយើងអាចធ្វើបានដើម្បីបង្ការកុំអោយមានក្លិនខ្លួន និងមានក្លិនល្អឡើងវិញគ្រប់ពេលទៅក្រោយពីបែកញើសឡើងជោគខ្លួនហើយនោះ?
ខណៈពេលដែលយើងមិនអាចបង្ការការបែកញើសបាន មានរឿងមួយចំនួនដែលយើងអាចធ្វើអោយរាងកាយមានក្លិនល្អបានគ្រប់ពេលដូចជា៖
- ងូតទឹកយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ។ មនុស្សគ្រប់គ្នាដឹងអំពីសារៈសំខាន់នៃការងូតទឹកណាស់ ព្រោះវាធ្វើអោយអ្នកមានក្លិនខ្លួនល្អបាន។ អ្នកមិនអាចមានក្លិនខ្លួនល្អបានទេបើសិនជាមិនបានងូតទឹកយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច)។ តាមរយៈការងូតទឹកនេះ ខ្ញុំចង់សម្តៅទៅលើការលាងសម្អាតរាងកាយបានយ៉ាងល្អ ជាពិសេសកន្លែងដែលអាថ៌កំបាំងទាំងអស់របស់រាងកាយ។
- ចូរប្រាកដថា នៅពេលងូតទឹក អ្នកបានលាងសម្អាតកន្លែងដែលអាថ៌កំបាំងទាំងអស់ដូចជា ឃ្លៀក, ក, ក្រោយស្លឹកត្រចៀក និងភ្លៅខាងក្នុង ព្រោះកន្លែងទាំងអស់នេះជាកន្លែងដែលបាក់តេរីបង្កក្លិនចូលចិត្តរស់នៅ និងលាក់ខ្លួនណាស់។
- សម្រាប់មនុស្សស្រីវិញ វាគឺជារឿងសំខាន់ដែលអ្នកត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះតំបន់ទ្វារមាស ព្រមទាំងនៅផ្នែកខាងក្រោមសុដន់ពេលកំពុងងូតទឹក។ ចូរប្រាកដថា អ្នកបានលាងសម្អាតកន្លែងទាំងនេះបានយ៉ាងល្អហើយដើម្បីចៀសវាងការបង្កើតក្លិនមិនល្អក្រោយពីបែកញើស។ ការដែលធ្វើអោយកន្លែងទាំងអស់នេះស្អាតល្អនឹងជួយធ្វើអោយអ្នកមានភាពស្រស់ស្រាយបានទោះបីជាកំពុងតែបែកញើសក៏ដោយ។
- មិនត្រូវភ្លេចសម្អាតរន្ធគូថឡើយពេលងូតទឹក។ កន្លែងមួយនេះគឺជាហេតុផលមួយផ្សេងទៀតដែលមនុស្សមួយចំនួនមានក្លិនខ្លួនមិនល្អ។ កន្លែងនេះត្រូវការលាងសម្អាតគ្រប់គ្នាព្រោះលាមក និងបាក់តេរីនៅជាមួយគ្នាច្រើនតែម្តង។
- ប្រអប់ជើងត្រូវតែលាងសម្អាតអោយបានស្អាតបើសិនជាចង់អោយមានក្លិនស្រស់ស្រាយ។ មនុស្សគ្រប់គ្នាដឹងពីរបៀបដែលប្រអប់ជើងអាចមានក្លិនស្អុយ ជាពិសេសក្រោយពីមនុស្សម្នាក់បានបែកញើសនៅកន្លែងនេះ។ នៅពេលងូតទឹក អ្នកគួរតែចំនាយពេលមួយចំនួនដើម្បីលាងសម្អាតប្រអប់ជើង និងចន្លោះម្រាមជើងផង៕