ការគ្រោះថ្នាក់ ដោយការបាក់ឆ្អឹង ទាមទារឲ្យមានការយកចិត្តទុកដាក់ ខាងផ្នែកវេជ្ជសាស្ត្រភ្លាមៗ។ ក្រៅពីការបាក់ឆ្អឹង ដែលឃើញនឹងភ្នែកនោះ រោគសញ្ញាផ្សេងៗទៀត ប្រហែលជាកើតមាន ជាមួយគ្នាដែរ អាស្រ័យទៅតាមភាពធ្ងន់ធ្ងរ និងយន្តការដែលឲ្យមានគ្រោះថ្នាក់។ ខាងក្រោមនេះ គឺជាអ្វីដែលអ្នកអាចធ្វើបាន ដើម្បីជួយជនរងគ្រោះ ឲ្យមានផាសុកភាព និងបង្ការកុំឲ្យមានរបួសបន្ថែម មុនពេលរថយន្តសង្គ្រោះមកដល់។
ទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ ក្នុងករណីរបួសធ្ងន់ធ្ងរ
ករណីបាក់ឆ្អឹងធ្ងន់ធ្ងរមួយចំនួន ពិតជាទាមទារឲ្យមាន ការជួយពីអ្នកជំនាញ និងភ្លាមៗខ្លាំងណាស់។ ដើម្បីដឹងថា មានរបួសគ្រោះថ្នាក់ធ្ងន់ធ្ងរ គួរតែមានរឿងមួយ ឬច្រើនដូចខាងក្រោមនេះ ៖
- ជនរងគ្រោះមិនដឹងខ្លួន មិនដកដង្ហើម ឬបេះដូងលែងលោត ហើយអ្នកប្រហែលជាត្រូវសង្កត់ដើមទ្រូង
- ជនរងគ្រោះស្លេកស្លាំង បែកញើស (បែកញើសត្រជាក់) ដកដង្ហើមដង្ហក់ ដែលទាំងនេះ ជារោគសញ្ញានៃភាពហ្សុក
- ជនរងគ្រោះហូរឈាមខ្លាំង
- មានរបួសនៅក្បាល ក ខ្នង សន្លាក់ត្រគាក អាងត្រគាក ឬជើងផ្នែកខាងលើ
- របួសនៅអវៈយវៈ ឬសន្លាក់ ដែលមើលទៅខុសទ្រង់ទ្រាយធម្មតា
- ធ្វើចលនាបានតិចតួច ឬឈឺពេលប៉ះតែបន្តិច
- ឆ្អឹងឃើញលៀនចេញមកខាងក្រៅ
- ដៃ ឬជើងដែលបាក់នោះ ទៅជាស្ពឹក ឬចេញជាពណ៌ស្វាយនៅចុងៗ។
បញ្ឈប់ការហូរឈាម
ចូរប្រើក្រណាត់ ឬរបស់អ្វីមួយដែលស្អាត និងអាចស្រូបជាតិទឹកបានល្អ ទៅខ្ទប់កន្លែងមានរបួស និងសង្កត់ថ្នម។ បើសិនជាមានរបស់អ្វីមួយ ចាក់ចូលក្នុងស្បែក មិនត្រូវដកវាចេញឡើយ ព្រោះវានឹងធ្វើឲ្យហូរឈាមខ្លាំង បើសិនជាដកចេញ។
កន្លែងមានរបួស មិនត្រូវឲ្យធ្វើចលនាឡើយ
មិនត្រូវឲ្យជនរងគ្រោះ ធ្វើចលនាអវៈយៈណាដែលបាក់ឡើយ។ ចូរជួយធ្វើឲ្យគេ មានផាសុកភាព នៅកន្លែងដែលគេ រងរបួសនោះវិញ។ មិនត្រូវព្យាយាម ធ្វើចលនាឆ្អឹង ឲ្យចូលកន្លែងដើមវាវិញឡើយ។ មិនត្រូវលើក ឬធ្វើចលនាជនរងគ្រោះ ដែលបាក់ឆ្អឹងអាងត្រគាក ឬសន្លាក់ត្រគាកឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ បើពួកគេត្រូវធ្វើចលនានោះ ចូររុំជើងគេចូលគ្នា ដោយដាក់កន្សែង ឬក្រណាត់ នៅចន្លោះជើងទាំងពីរ ហើយលើកដាក់ថ្នមៗ។
ប្រើទឹកកកស្អំ កន្លែងដែលឈឺ និងបន្ថយការហើម
ចូរស្វែងរកដុំទឹកកក មួយចំនួនដាក់ក្នុងកន្សែង ដើម្បីស្អំថ្នមៗនៅលើកន្លែង ដែលមានឆ្អឹងបាក់ទៅ។ ការធ្វើបែបនេះ នឹងជំនួយដល់ការហូរឈាម បន្ថយការហើម និងឈឺចាប់។
មើលសញ្ញា និងព្យាបាលភាពហ្សុក
ហ្សុក កគឺជារឿងមួយគ្រោះថ្នាក់ណាស់ ព្រោះវានាំឲ្យបាត់បង់ឈាម និងអុកស៊ីសែន ដែលត្រូវទៅចិញ្ចឹម សរីរាង្គសំខាន់ៗ ក្នុងរាងកាយបាន។ បើសិនជាមិនបាន ព្យាបាលអាការៈនេះទេ សរីរាង្គសំខាន់ៗនឹងខូច។ រោគសញ្ញានៃភាពហ្សុក មានដូចជា ៖
- ត្រជាក់ស្បែក
- ចង្វាក់ជីពចរខ្សោយ តែញាប់
- ចង្អោរ
- ភ្នែកមិនអាចមើលអ្វីបាន
- សន្លប់ ឬម្តងសន្លប់ ម្តងដឹងខ្លួន។
ការព្យាបាល
- ឲ្យជនរងគ្រោះដេក ហើយលើកជើងខ្ពស់ជាងក្បាល
- រុំកន្សែង ឬភួយនៅជុំវិញខ្លួន ដើម្បីឲ្យជនរងគ្រោះកក់ក្តៅ
- ជនរងគ្រោះដេកផ្អៀង បើសិនជាគេចាប់ផ្តើមក្អួត ឬចង្អោរ។
អបឆ្អឹង
ការអបឆ្អឹង នឹងជួយការពារឆ្អឹង ដែលបាក់មានចលនាបាន។ ការអបឆ្អឹង ប្រហែលជាមិនសំខាន់ទេ បើសិនជាមាន ការសង្គ្រោះបន្ទាន់ភ្លាមៗហើយនោះ ព្រោះមានករណីខ្លះ ការអបឆ្អឹង អាចនឹងបង្កគ្រោះថ្នាក់ ច្រើនជាងការជួយ៕