ជំងឺទឺកនោមផ្អែមមានពីរប្រភេទ។
ទឹកនោមផ្អែមប្រភេទមួយ ពេលខ្លះត្រូវបានហៅថាទឹកនោមផ្អែមដែលអាស្រ័យលើអាំងស៊ុយលីន។ វាចាប់ផ្ដើម នៅក្នុងវ័យក្មេង និងសម្របសម្រួលដោយប្រព័ន្ឋភាពស៊ាំ។ វាបណ្ដាលមកពីប្រតិកម្មភាពស៊ាំដោយស្វ័យប្រវត្ដិ ដែលក្នុង នោះប្រព័ន្ឋការពារខ្លួនរបស់យើងវាយប្រហារទៅលើកោសិកាដែលផលិតអាំងស៊ុយលីន។ គេមិនទាន់យល់ច្បាស់នៅឡើយថាហេតុអ្វីបានជាប្រការនេះអាចកើតមានបាន។ អ្នកទឹកនោមផ្អែមប្រភេទមួយ ផលិតអាំងស៊ុយលីនតិចតួចឬមិនផលិតសោះ។ ជំងឺនេះអាចកើតមានចំពោះមនុស្សគ្រប់អាយុ ប៉ុន្ដែជាទូទៅវាកើតមានចំពោះកុមារ និងមនុស្សវ័យក្មេង។ មនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទនេះតម្រូវអោយចាក់អាំងស៊ុយលីនជារៀងរាល់ថ្ងៃដើម្បីគ្រប់គ្រងជាតិស្ករនៅក្នុងឈាម។ បើសិនជាអ្នកទឹកនោមផ្អែមប្រភេទមួយមិនមានលទ្ឋភាពទទួលបានអាំងស៊ុយលីនទេនោះ ពួកគេនឹងស្លាប់។
ទឹកនោមផ្អែមប្រភេទពីរ ពេលខ្លះហៅថាទឹកនោមផ្អែមមិនអាស្រ័យលើអាំងស៊ុយលីនឬក៏ទឹកនោមផ្អែមដែលចាប់ផ្ដើមនៅក្នុងវ័យមនុស្សចាស់។ ទឹកនោមផ្អែមប្រភេទពីរជាទូទៅមិនតម្រូវអោយចាក់អាំងស៊ុយលីនទេ។ ជាទូទៅ ពួកគេអាចគ្រប់គ្រងជាតិគ្លុយកូសនៅក្នុងចរន្ដឈាមដោយតាមដានមើលអាហាររបស់ខ្លួន ហាត់ប្រាណអោយទៀងទាត់ លេបថ្នាំគ្រាប់ និងអាចចាក់អាំងស៊ុុយលីន។ ទឹកនោមផ្អែមប្រភេទពីរកើតមានញឹកញាប់បំផុតនៅក្នុងចំណោមមនុស្សចាស់ដែលមាន អាយុចាប់ពី ៤៥ឆ្នាំឡើងទៅ និងដែលធាត់លើសទម្ងន់។ ប៉ុន្ដែដោយសារផលវិបាកនៃការធាត់លើសទម្ងន់ហួសហេតុ ក្នុងចំណោមនុស្សវ័យក្មេងនោះ វាកាន់តែកើតមានច្រើនឡើងនៅក្នុងចំណោមកុមារនិងមនុស្សវ័យក្មេង។ ទឹកនោមផ្អែមប្រភេទពីរគឺជាប្រភេទទឹកនោមផ្អែមដែលកើតមានញឹកញាប់បំផុត ដោយតំណាងអោយ ៩០ ទៅ ៩៥ ភាគរយនៃករណីទឹកនោមផ្អែមទាំងអស់។ បើសិនជាទឹកនោមផ្អែមប្រភេទពីរ មិនបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលទេ វានឹងនាំអោយមានផលវិបាកធ្ងន់ធ្ងរដោយអាចបណ្ដាលអោយស្លាប់មុនអាយុបាន។ នៅទូទាំងពិភពលោកមនុស្សជាច្រើនលាននាក់មានទឹកនោមផ្អែមប្រភេទពីរដោយមិនបានដឹងខ្លួនឡើយ។ ចំណែកអ្នកខ្លះទៀតមិនមានលទ្ឋភាពទទួលបានការថែទាំខាងវេជ្ជសាស្ដ្រ។ ការចាប់ផ្ដើមកើតទឹកនោមផ្អែមប្រភេទពីរជាទូទៅក៏មានពាក់ព័ន្ឋផងដែរនឹងកត្ដាតំណពូជ ប៉ុន្ដែការធាត់លើសទម្ងន់ អសកម្មភាព រាង្គកាយ និងបរិភោគ អាហារមិនបានត្រឹមត្រូវ បង្កើនហានិភ័យចំពោះការកើតជំងឺនេះ។ ស្ដ្រីខ្លះកើតមានទឹកនោមផ្អែមប្រភេទទីបីដែលមានលក្ខណៈបណ្ដោះអាសន្នគឺទឹកនោមផ្អែមនៅក្នុងអំឡុងពេលមានផ្ទៃពោះ។ ទឹកនោមផ្អែមប្រភេទនេះកើតមានចំពោះស្ដ្រីដែលមានផ្ទៃពោះ។ ទឹកនោមផ្អែមអំឡុង ពេលមានផ្ទៃពោះនេះ កើតមានចំនួន ២-៥ភាគរយនៃស្ដ្រីមានគភ៌ទាំងអស់ ប៉ុន្ដែវាជាទូទៅអាចបាត់ទៅវិញក្រោយការសម្រាលកូន។ ស្ដ្រីដែលមានទឹកនោមផ្អែមនៅក្នុងអំឡុងពេលមានផ្ទៃពោះ នឹងបង្កើនហានិភ័យកើតទឹកនោមផ្អែមប្រភេទពីរនៅពេលអនាគត។ គេក៏សង្កេតឃើញមានទឹកនោមផ្អែមប្រភេទកម្រផ្សេងទៀតដែរ។