ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា គ្រាន់តែដុសសម្អាតធ្មេញឱ្យបានត្រឹមត្រូវមិនត្រឹមតែល្អចំពោះសុខភាពធ្មេញប៉ុណ្ណោះទេ ប៉ុន្តែទម្លាប់ល្អនេះក៏ជួយទប់ស្កាត់បាក់តេរីគ្រោះថ្នាក់មិនឱ្យជ្រៀតចូលក្នុងលំហូរឈាមនិងរាលដាលពេញក្នុងរាងកាយទៀតផង។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកចាំបាច់គួរដុសសម្អាតធ្មេញជាប្រចាំ ៖
១. វាល្អចំពោះបេះដូង
ការដុសសម្អាតធ្មេញឱ្យបាន ២ដងក្នុងមួយថ្ងៃអាចការពារបេះដូងពីការរលាកនិងបញ្ហាស្មុគស្មាញច្រើនផ្សេងទៀត។ នៅពេលបាក់តេរីគ្រោះថ្នាក់ជ្រៀតចូលឆ្លងកាត់បេះដូងវាអាចបណ្ដាលឱ្យជាលិកាប្រែជាហើម។ ជាលទ្ធផលបង្កើនហានិភ័យខ្ពស់ជាពិសេសចំពោះអ្នកដែលមានបញ្ហាដូចស្រាប់ ជាពិសេសបញ្ហាទាក់ទងនឹងសន្ទះបេះដូង។
២. វាពង្រឹងសុខភាពសួត
ការដុសសម្អាតធ្មេញមានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងសុខភាពសួត។ តាមរយៈការដុសសម្អាតធ្មេញ, អ្នកកំពុងតែកាត់បន្ថយហានិភ័យនៃការរីករាលដាលនូវការឆ្លងមេរោគចេញពីមាត់ទៅកាន់សួតនៅពេលពួកយើងដកដង្ហើម។ វាជារឿងសំខាន់ដែលត្រូវដឹង ជាពិសេសប្រសិនបើអ្នកកំពុងមានបញ្ហាជំងឺសួតរ៉ាំរ៉ៃស្រាប់។
៣. ការពារអ្នកពីជំងឺចាស់វង្វេង Alzheimer’s
យោងតាមការសិក្សាស្រាវជ្រាវមួយចំនួនបានរកឃើញនូវទំនាក់ទំនងយ៉ាងស្និតរវាងជំងឺអញ្ចាញធ្មេញនិងជំងឺចាស់វង្វេង។ ការសិក្សាស្រាវជ្រាមួយលើអ្នកចូលរួម ៦០០០នាក់បានរកឃើញថា បាក់តេរីពីមេរោគអញ្ចាញធ្មេញអាចធ្វើដំណើរជ្រាតចូលទៅកាន់ខួរក្បាល។ វាកើតឡើងនៅពេលពួកយើងមិនអើពើនឹងការដុសសម្អាតធ្មេញ ហើយមេរោគឆ្លងអាចជ្រៀតចូលក្នុងរាងកាយ។
៤. វាការពារអ្នកពីជំងឺអញ្ចាញធ្មេញ និងរោគឆ្លងដទៃទៀត
នៅពេលដុសសម្អាតធ្មេញឱ្យបានទៀងទាត់, ពួកយើងកំពុងទប់ស្កាត់ការប្រមូលផ្ដុំនូវបាក់តេរីគ្រោះថ្នាក់និងមានក្លិនមិនល្អដូចជាកំណកកំបោរជាប់ធ្មេញ។ ការមិនអើពើនឹងសុខភាពមាត់ធ្មេញអាចបង្កបញ្ហាហើមថ្ពាល់, ខ្យល់ដង្ហើមមិនល្អ និងដំបៅក្នុងមាត់ដែលបណ្ដាលមកពីការរលាកជាលិកា។
៥. រក្សាក្លិនខ្យល់ដង្ហើមស្រស់ថ្លា
អ្នកជំនាញបានណែនាំឱ្យអ្នកគួរដុសសម្អាតធ្មេញឱ្យបានយ៉ាងហោចណាស់ ២ដងក្នុងមួយសម្រាប់រយៈពេល ២នាទី ដោយកុំភ្លេចដុសសម្អាតអណ្ដាតយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃផង។ ទម្លាប់នេះបញ្ឈប់កកើតឡើងនូវបាក់តេរីដែលបង្កក្លិនមិនល្អទាំងក្នុងមាត់និងបំពង់ក។
៦. គ្រប់គ្រងសម្ពាធឈាម
ការចំណាយពេលត្រឹមតែ ២នាទីម្ដងក្នុងការដុសសម្អាតធ្មេញឱ្យបានត្រឹមត្រូវអាចជួយរក្សាសម្ពាធឈាមសុខភាពល្អបានយ៉ាងប្រសើរ។ ទំនាក់ទំនងរវាងបញ្ហានៃកង្វះអនាម័យមាត់ធ្មេញដូចជាជំងឺអញ្ចាញធ្មេញ និងសម្ពាធឈាមឡើងខ្ពស់ត្រូវបានរកឃើញ។ បុគ្គលដែលមានបញ្ហាសម្ពាធឈាមឡើងខ្ពស់អាចជួបប្រទះនូវភាពតានតឹងបន្ថែមលើរាងកាយដូចជាក្នុងសសៃឈាម, បេះដូង និងសរីរាង្គសំខាន់ៗផ្សេងទៀត។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕