បញ្ហាស្នាមអ៊ុចខ្មៅអាចលេចឡើងបានយ៉ាងងាយដោយសារតែទម្លាប់ស្មានមិនដល់មួយចំនួន។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរធ្វើដើម្បីចៀសផុតពីបញ្ហាឡើងស្នាមអ៊ុចខ្មៅ ៖
១. ការញេចមុន
ទោះបីជាវាបង្កការរំខានប៉ុណ្ណាក៏ដោយ ក៏អ្នកត្រូវយកដៃទៅប៉ះពាល់លើមុនដែរ! នេះក៏ព្រោះតែការរលាកអាចបណ្ដាលឱ្យស្បែកផលិតនូវមេឡាតូនីន។ ជាលទ្ធផលនៃស្នាមអ៊ុចខ្មៅ និងសូម្បីតែស្នាមសំលាក។ ដើម្បីទប់ស្កាត់បញ្ហាបញ្ហានេះ ចូរពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងសើស្បែកដើម្បីស្វែងយល់ពីមូលហេតុនៃការឡើងមុន និងវិធីដ៏ប្រសើរត្រឹមត្រូវបំផុតក្នុងការព្យាបាល។
២. ពន្លឺក្នុងផ្ទះ
ការប៉ះពាល់នឹងពន្លឺសិប្បនិម្មត្តិផ្សេងៗក្នុងផ្ទះក៏អាចបណ្ដាលឱ្យឡើងស្នាមអ៊ុចខ្មៅលើស្បែកផងដែរ។ នេះក៏ព្រោះតែវាមានឥទ្ធិពលលើស្ថានភាពពណ៌នៃស្បែក។ ពន្លឺប្រភេទនេះមានប្រភពចេញពីកុំព្យូទ័រ និងសូម្បីតែទូរសព្ទ។ ដើម្បីទប់ស្កាត់បញ្ហា ចូរប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃជាប្រចាំនៅពេលចាប់ផ្ដើមអនុវត្តទម្លាប់ថែរក្សាសម្រស់របស់អ្នក។
៣. រំលងមិនប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃ
ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់ដឹងហើយថា សូម្បីតែនៅក្នុងផ្ទះ ក៏ចាំបាច់គួរប្រើប្រាស់ឡេលាបកម្ដៅថ្ងៃដែរ។ ប៉ុន្តែបញ្ហានោះ គឺមានមនុស្សតិចណាស់ដែលដឹងថាគួរលាបឡេការពារកម្ដៅសារឡើងវិញរៀងរាល់ ២ម៉ោងម្ដង។ អ្នកគួរចាំថា ស្នាមអ៊ុចខ្មៅភាគច្រើនបណ្ដាលមកពីកម្ដៅថ្ងៃ, ដូច្នេះការលាបឡេការពារកម្ដៅថ្ងៃជាប្រចាំ គឺសំខាន់ណាស់ និងគួរចាប់ផ្ដើមតាំងពីពេលព្រឹកតែម្ដង។
៤. ការគួបផ្សំគ្នារវាងក្រូចឆ្មារ និងពន្លឺព្រះអាទិត្យ
មានរូបមន្តធម្មជាតិច្រើនណាស់សម្រាប់កម្ចាត់ស្នាមអ៊ុចខ្មៅលើស្បែកដែលធ្វើឡើងពីក្រូចឆ្មារ។ ប៉ុន្តែអ្វីដែលភាគច្រើននៃពួកយើងភ្លេចថា ទឹកក្រូចឆ្មារស្រស់ នៅពេលគួបផ្សំជាមួយកម្ដៅថ្ងៃអាចបង្កបញ្ហាឡើងស្នាមអ៊ុចខ្មៅ ឬធ្វើឱ្យវាកាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះដើម្បីជាការប្រសើរ ចូរលាងសម្អាតក្រូចឆ្មារចេញឱ្យជ្រះសព្វពីស្បែកមុនចេញទៅក្រៅ។
៥. មានផ្ទៃពោះ
បំរែបំរួលនៃអ័រម៉ូនក្នុងរាងកាយដែលកើតឡើងកំឡុងពេលមានផ្ទៃពោះអាចបង្កបញ្ហាមួយហៅថា chloasma ឬ the mask of pregnancy។ ទោះជាយ៉ាងណាស្នាមអ៊ុចខ្មៅទាំងនោះច្រើនតែបាត់ទៅវិញក្រោយពេលសម្រាលរួច។ ដើម្បីទប់ស្កាត់បញ្ហានេះកុំឱ្យប្រែជាកាន់តែអាក្រក់ឡើង ចូរកុំភ្លេចប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕