ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ គឺល្អចំពោះសុខភាព។ ប៉ុន្តែបើញ៊ាំច្រើនពេក (ដូចជាច្រើនជាង ១លីត្រក្នុងមួយម៉ោង) វាអាចជះផលប៉ះពាល់គួរឱ្យបារម្ភទៅវិញ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរផឹកទឹកច្រើនពេក ៖
១. អាចជួបប្រទះអាការៈហើមពោះ
ជាពិសេសចំពោះស្ត្រី! ការទទួលទានទឹកច្រើនពេកអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាដូចបានញ៊ាំអាហារណែនពេញពោះ ហើយមានអារម្មណ៍ហើម។ ប្រសិនបើអ្នកលេបទឹកលឿនផងនោះ អ្នកអាចលេបខ្យល់ចូលពោះដែលកាន់តែធ្វើឱ្យមានអារម្មណ៍ឆ្អែត។ ប៉ុន្តែក៏សំណាងល្អដែរដោយសារអាការៈហើមពោះនេះ គឺគ្រាន់តែជាអាការៈបណ្ដោះអាសន្នប៉ុណ្ណោះ។
២. អាចហើមដៃនិងជើង
នៅពេលទទួលទានទឹកច្រើនពេកគួបផ្សំជាមួយការញ៊ាំអាហារដែលប្រៃៗអាចបង្កបញ្ហាស្តុកទឹកក្នុងរាងកាយ។ វាក៏ត្រូវបានគេស្គាល់ផងដែរថាជាជំងឺហើម edema ដែលនៅពេលកម្រិតនៃជាតិសូដ្យូមក្នុងរាងកាយឡើងខ្ពស់ខ្លាំងគួបផ្សំនឹងការទទួលទានទឹកច្រើនពេកផងអាចបង្កអាការៈហើម ជាពិសេសនៅផ្នែកខាងចុងៗនៃរាងកាយដូចជាដៃនិងជើង។ ជំងឺហើម edema ក៏ជាស្ថានភាពមួយនៃខួរក្បាលដែលប៉ះពាល់ទងខួរក្បាល ហើយបង្កការរំខាននៅក្នុងប្រព័ន្ធសសៃប្រសាទកណ្ដាល។
៣. អាចជួបប្រទះអាការៈចង្អោរចង់ក្អួត
នៅពេលទទួលទានទឹកច្រើនពេក, កោសិកាខួរក្បាលអាចចាប់ផ្ដើមប្រែជាហើម។ ជាលទ្ធផលបង្កើនសម្ពាធឈាមលើលលាដ៍ដែលអាចបង្កអាការៈចង្អោរចង់ក្អួត ឬក្អួតតែម្ដង។
៤. អាចជួបប្រទះអាការៈលើសជាតិទឹកក្នុងរាងកាយ
មួយក្នុងចំណោមរោគសញ្ញា ឬអាការៈទូទៅបំផុតនៃបញ្ហាលើសជាតិទឹកក្នុងរាងកាយនោះ គឺការឈឺក្បាល។ អ្នកអាចជួបប្រទះនូវអាការៈចង្អោរចង់ក្អួត, ភ័ន្តភាំង និងវង្វេងស្មារតី។ រោគសញ្ញាធ្ងន់ធ្ងរនៃអាការៈលើសជាតិទឹករួមមានព្រិលភ្នែក, ពិបាកដកដង្ហើម, សម្ពាធឈាមឡើងខ្ពស់ និងងងុយដេក។
៥. ងាយរមួលសាច់ដុំ
ការទទួលទានទឹកច្រើនពេកអាចបន្ថយបរិមាណនៃអេឡិចត្រូលីត្រក្នុងរាងកាយ។ ជាលទ្ធផលអាចបង្កអាការៈសាច់ដុំ និងរមួលសាច់ដុំ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕