ហេតុអ្វីទើបអ្នកចាំបាច់គួរទទួលទានអាហារសម្បូរវីតាមីន K? នេះក៏ព្រោះតែវាអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗពីការទទួលទានអាហារសម្បូរវីតាមីន K (K1 និង K2) ៖
១. វីតាមីន K2 ធ្វើឱ្យដង់ស៊ីតេឆ្អឹងមានលក្ខណៈប្រសើរឡើង
ថាតើអ្នកធ្លាប់ដឹងទេថា រាងកាយត្រូវការវីតាមីន K2 ដើម្បីប្រើប្រាស់កាល់ស្យូមនិងកសាងឆ្អឹង? ជាញឹកញយភាគច្រើននៃពួកយើងផ្ដោតសំខាន់តែទៅលើកាល់ស្យូមតែមួយមុខដើម្បីរក្សាសុខភាពឆ្អឹងល្អប្រសើរ ប៉ុន្តែជាក់ស្ដែងវីតាមីន K2 ក៏សំខាន់ណាស់ដែរសម្រាប់ភាពរឹងមាំនៃឆ្អឹង។ វីតាមីន K2 ធ្វើឱ្យគុណភាពឆ្អឹងមានភាពប្រសើរឡើងដែលជាលទ្ធផលកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹង។ នេះក៏ជាមូលហេតុដែលវីតាមីន k អាចជួយព្យាបាលជំងឺពុកឆ្អឹងក្រោយអស់រដូវផងដែរ។
២. ល្អសម្រាប់សុខភាពបេះដូង
មួយក្នុងចំណោមមូលហេតុចម្បងបំផុតនៃជំងឺគាំងបេះដូង គឺការប្រមូលផ្ដុំនូវជាតិកាល់ស្យូមលើសលប់ក្នុងជញ្ជាំងនៃសសៃឈាមដែលផ្គង់ផ្គង់អុកស៊ីសែនទៅកាន់បេះដូង។ វីតាមីន K2 ទប់ស្កាត់បញ្ហានេះគួរឱ្យកត់សម្គាល់ដោយវាជួយរក្សាកាល់ស្យូមចេញពីស្រទាប់នៃសសៃឈាម។ ជាលទ្ធផលធ្វើឱ្យសុខភាពបេះដូងមានលក្ខណៈប្រសើរឡើង។
៣. ជួយប្រយុទ្ធប្រឆាំងជំងឺមហារីក
ឥទ្ធិពលប្រឆាំងការរលាកនៃវីតាមីន K2 អាចទប់ស្កាត់ជំងឺមហារីកគួរឱ្យកត់សម្គាល់។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា សារធាតុចិញ្ចឹមនេះអាចមានសកម្មភាពបង្ក្រាបដុំសាច់មហារីក។ ការសិក្សាស្រាវជ្រាវផ្សេងៗទៀតបានបង្ហាញថា ការទទួលទានវីតាមីន K2 រយៈពេលយូរអាចការពារជីវិតអ្នកពីជំងឺមហារីក។
៤. វីតាមីន K1 ជួយឱ្យមុខងារខួរក្បាលមានលក្ខណៈប្រសើរឡើង
លទ្ធផលសម្បត្តិប្រឆាំងការរលាកនៃវីតាមីន K1 អាចទប់ស្កាត់ដំណើរការ oxidative stress ក្នុងខួរក្បាល។ ជាលទ្ធផលធ្វើឱ្យមុខងារខួរក្បាលមានលក្ខណៈប្រសើរឡើង។ វីតាមីន K1 ក៏ជម្រុញមុខងារនៃសមាសធាតុ sphingolipids ដែលជួយគាំទ្រដល់ដំណើរការមុខងារនៃខួរក្បាលផងដែរ។
៥. ជួយដល់ដំណើរការនៃការកកឈាម
វីតាមីន K1 ត្រូវបានប្រើប្រាស់ដោយរាងកាយក្នុងដំណើរការឱ្យឈាមកក ហើយនេះអាចផ្ដល់អត្ថប្រយោជន៍ណាស់កំឡុងពេលរបួសហូរឈាម។
ប្រភពដ៏ប្រសើរនៃអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន K រួមមាន ៖
– ថ្លើមគោ
– ស្ពៃពួយឡេង
– ស្ពៃក្ដោបដែលចម្អិនរួច
– សណ្ដែកខៀវ
– ផ្លែប៉េងប៉ោះ
– ផ្លែគីវី
– ផ្លែបឺរ និងផ្លែទទឹមជាដើម។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕