ថ្នាំ Paracetamol គឺជាប្រភេទថ្នាំក្នុងក្រុម Acetaminophen ដែលវាភាគច្រើនមាននៅតាមផ្ទះនីមួយៗក្នុងប្រទេសកម្ពុជាយើងហើយ ដើម្បីជួយសម្រួលដល់ការឈឺចាប់នានាដែលអាចកើតឡើងដោយហេតុផលណាមួយ។ ក្រៅពីនេះគេក៏អាចប្រើថ្នាំនេះដើម្បីបញ្ចុះកម្តៅបានដែរ។ អ្វីដែលជាផលល្អរបស់វា គឺវាមិនបង្កជាផលរំខានលើការឈឺក្រពះឡើយ ប៉ុន្តែបើសិនជាលេបវាច្រើនពេក វាអាចបង្កទុក្ខទោសដល់ថ្លើមបាន។ ក្នុងករណីធ្ងន់ធ្ងរ វាអាចធ្វើឲ្យខ្សោយថ្លើមបាន។
របៀបនៃការប្រើប្រាស់
បើយើងយកក្រដាសណែនាំនៅក្នុងប្រអប់ថ្នាំ Paracetamol មកមើល គេនឹងសរសេរថា មិនត្រូវប្រើប្រាស់ថ្នាំនេះច្រើនជាងការណែនាំរបស់គ្រូពេទ្យឡើយទោះបីជាអ្នកនៅតែមានការឈឺចាប់ ឬមិនទាន់មានអារម្មណ៍ល្អក៏ដោយ។ ទោះបីជាអ្នកប្រើប្រាស់ថ្នាំនេះក្នុងកម្រិតដែលត្រូវបានណែនាំក៏ដោយ អ្នកមិនគួរណាប្រើវាច្រើនជាង ១០ថ្ងៃដើម្បីបំបាត់ការឈឺចាប់ ឬបីថ្ងៃសម្រាប់ការក្តៅខ្លួនឡើយ។ បើសិនជាអ្នកនៅតែមានអារម្មណ៍ថាត្រូវការលេបថ្នាំទៀត ចូរទៅជួប និងពិគ្រោះជាមួយគ្រូពេទ្យ។
មនុស្សធំមិនគួរណាប្រើថ្នាំ Paracetamol ច្រើនជាង ៤០០០មីលីក្រាមក្នុងមួយថ្ងៃឡើយ។ សម្រាប់កូនក្មេងវិញ គឺអាស្រ័យទៅតាមអាយុ និងទម្ងន់របស់គេ។ សម្រាប់កម្រិតនៃការប្រើប្រាស់ទៅតាមទម្ងន់របស់ក្មេង បើអ្នកមិនយល់អាចសួរគ្រូពេទ្យ ឬអ្នកលក់ថ្នាំបាន។
ហេតុផលញឹកញាប់បំផុតដែលធ្វើឲ្យមនុស្សយើងច្រើនតែយល់ច្រឡំលើការប្រើប្រាស់៖
- លេបថ្នាំនេះច្រើនៗពេកក្នុងពេលតែម្តង
- គម្លាតនៃការប្រើម្តងៗមិនត្រឹមត្រូវ
ចូរពិគ្រោះជាមួយគ្រូពេទ្យ
បើសិនជាអ្នកញ៉ាំគ្រឿងស្រវឹងច្រើនជាង ៣កំប៉ុងក្នុងមួយថ្ងៃ ឬមានជំងឺថ្លើម ចូរពិគ្រោះជាមួយគ្រូពេទ្យមុនពេលអ្នកលេបថ្នាំ Paracetamol។ ករណីបែបនេះ ទោះបីជាប្រើក្នុងកម្រិតណែនាំពីគ្រូពេទ្យក៏ដោយ ក៏វាអាចធ្វើឲ្យខូចថ្លើមបានដែរ។
សញ្ញាព្រមាននៃការប្រើប្រាស់ថ្នាំ Paracetamol លើសកម្រិត
បើសិនជាអ្នកគិតថា អ្នកប្រហែលជាបានលេបថ្នាំ Paracetamol លើសកម្រិត អ្នកប្រហែលជាមានបញ្ហាដូចខាងក្រោមនេះ៖
- ចង្អោ
- មិនឃ្លានអាហារ
- ក្អួត
- បែកញើស
- រាករូស
អាការៈទាំងអស់នេះប្រហែលជាមិនចាប់ផ្តើមកើតក្រោយពីអ្នកលេបថ្នាំរួចឡើយ។ ដល់ពេលអ្នកសម្គាល់ឃើញអ្វីមួយកើតឡើងខុសប្រក្រតី ថ្លើមអ្នកប្រហែលជារងការខូចខាតធ្ងន់ធ្ងររួចទៅហើយ៕