បញ្ហាស្បែកមុខខ្លាញ់មិនពិបាកនឹងដោះស្រាយឡើយ។ គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះដ៏ងាយក្នុងការប្រើប្រាស់ទឹកឃ្មុំព្យាបាលបញ្ហាស្បែកមុខខ្លាញ់ ៖
១. ទឹកឃ្មុំ និងចេក
រូបមន្តនេះសាកសមសម្រាប់អ្នកស្បែកមុខខ្លាញ់ប្រើប្រាស់ជាផលិតផលផ្ដល់សំណើម។ នេះក៏ព្រោះតែវត្ថុធាតុដើម ២នេះមានលក្ខណៈសម្បត្តិផ្ដល់សំណើមដល់ស្បែកនិងការពារស្បែកពីរ៉ាឌីកាល់សេរីគ្រោះថ្នាក់។ ទឹកឃ្មុំក៏មានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលជួយការពារស្បែកពីពពួកបាក់តេរីបង្កមេរោគឆ្លងផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំសរីរាង្គ ១ ស្លាបព្រាកាហ្វេកន្លះជាមួយចេកទុំ ១កំណាត់ឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបម៉ាស្សាល្បាយលើស្បែមុខ និងរងចាំសម្រាប់រយៈពេល ២០នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ និងអនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
២. ទឹកឃ្មុំ, ស្ករស និងគ្រាប់អាល់ម៉ុន
រូបមន្តនេះសាកសមសម្រាប់អ្នកស្បែកមុខខ្លាញ់ប្រើប្រាស់ជាស្ក្រាប់។ ស្ករសជួយកម្ចាត់កោសិកាស្បែកងាប់ៗចេញពីមុខ ខណៈដែលទឹកឃ្មុំផ្ដល់សារធាតុចិញ្ចឹមនិងធ្វើឱ្យស្បែកទន់រលោង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករស ១ស្លាបព្រាបាយជាមួយទឹកឃ្មុំសរីរាង្គ ១ស្លាបព្រាកាហ្វេក្នុងចាមគោមមួយ។ លាបល្បាយលើស្បែកមុខ និងធ្វើការម៉ាស្សាក្នុងចលនាបែបរង្វង់ថ្នមៗ។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ និងអនុវត្តឱ្យបានម្ដងក្នុងមួយសប្តាហ៍។
៣. ទឹកឃ្មុំ, ត្រសក់ និងទឹកដោះគោ
រូបមន្តនេះសាកសមសម្រាប់អ្នកដែលមានបញ្ហាស្បែកមុខខ្លាញ់ និងងាយឡើងមុនប្រើប្រាស់ជួសជុលស្បែកឡើងវិញ។ វាជួយព្យាបាលការរលាក និងសម្អាតស្បែកមុខ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ត្រសក់មួយកំណាត់ ឬម្ខាងជាចំណិតតូចៗ រួចកិនឱ្យក្លាយជាល្បាយខាប់ៗ សឹមបន្ថែមទឹកឃ្មុំ ១ស្លាបព្រាបាយ និងទឹកដោះគោស្រស់ ឬទឹកដោះគោឆៅ ១ស្លាបព្រាបាយចូល។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
៤. ទឹកឃ្មុំ និងរមៀត
រូបមន្តនេះសាកសមសម្រាប់អ្នកមានបញ្ហាស្បែកមុខខ្លាញ់ប្រើប្រាស់ជាម៉ាសបំបាត់ការរលាក និងផ្ដល់ភាពស្រស់ថ្លាដល់ស្បែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀតកន្លះស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំសរីរាង្គ ១ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបម៉ាស្សាល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ២០នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់ និងអនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
៥. ទឹកឃ្មុំ និងម្សៅឈើអែម
រូបមន្តនេះសាកសមសម្រាប់អ្នកមានបញ្ហាស្បែកមុខខ្លាញ់ប្រើប្រាស់ព្យាបាលមុន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅឈើអែម ១ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបម៉ាស្សាល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ២០នាទីមុនលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕