សេលេញ៉ូម selenium ជាជាតិរ៉ែមួយប្រភេទដែលអាចផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាពរាងកាយ។ តម្រូវការចាំបាច់ប្រចាំថ្ងៃនៃជាតិរ៉ែនេះសម្រាប់មនុស្សពេញវ័យ គឺ ០.០៥៥មីលីក្រាមក្នុងមួយថ្ងៃ។ បរិមាណខ្ពស់បំផុតនៃជាតិរ៉ែនេះក្នុងមួយថ្ងៃ គឺ ០.៤មីលីក្រាម បើលើសពីនេះអាចបង្កជាបញ្ហាពុលសេលេញ៉ូមបាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកចាំបាច់គួរទទួលទានអាហារសម្បូរសេលេញ៉ូម ៖
១. ជួយទប់ស្កាត់ជំងឺមហារីក
ជាតិរ៉ែសេលេញ៉ូមបង្ហាញសកម្មភាពប្រឆាំងនឹងជំងឺមហារីកសុដន់, មហារីកសួត, មហារីកក្រពេញប្រូស្តាត, មហារីកពោះវៀនធំ និងមហារីកស្បែក។ ទោះជាយ៉ាងណាជាតិរ៉ែនេះត្រូវបានរកឃើញថាមានឥទ្ធិពលខ្លាំងណាស់លើការទប់ស្កាត់ជំងឺមហារីកក្រពេញប្រូស្តាត។ នេះក៏ព្រោះតែសេលេញ៉ូមមានទំនាក់ទំនងផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយនឹងសមាសធាតុម្យ៉ាងហៅថា selenoproteins។
២. ពង្រឹងសុខភាពសសៃឈាមបេះដូង
សេលេញ៉ូមអាចជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូងតាមរយៈលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដែលវាមានផ្ទុក។ បន្ថែមពីនេះ selenoproteins នៃសេលេញ៉ូមជួយទប់ស្កាត់ការឡើងកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ, ការរលាកសសៃឈាម និងជំងឺក្រិនសសៃឈាមអាកទែ។ វាក៏ជួយសម្រាលភាពស្ត្រេសក្នុងបេះដូងតាមរយៈការប្រយុទ្ធប្រឆាំងនឹងប្រភេទអុកស៊ីសែនដែលមានប្រតិកម្មក្នុងបេះដូង។
៣. ល្អសម្រាប់សុខភាពខួរក្បាល
សមាសធាតុ selenoproteins នៃសេលេញ៉ូមជួយប្រឆាំងដំណើរការ oxidative stress ដែលជួយទប់ស្កាត់បញ្ហាធ្លាក់ចុះនៃមុខងារយល់ដឹងពាក់ព័ន្ធនឹងកត្តាវ័យ។ ក្នុងករណីកង្វះសេលេញ៉ូមក្នុងរាងកាយ គឺមានតែខួរក្បាលប៉ុណ្ណោះដែលជាសរីរាង្គផ្ទុកជាតិរ៉ែបានយូរបំផុត។ នេះជាលទ្ធផលបង្ហាញពីតួនាទីនៃសេលេញ៉ូមក្នុងសុខភាពខួរក្បាល។ ជាតិរ៉ែសេលេញ៉ូមក៏ដើរតួនាទីក្នុងការសំយោគ glutathione peroxidases ដែលជាអង់ស៊ីមប្រឆាំងអុកស៊ីតកម្មសំខាន់បំផុតមួយក្នុងជាលិកាខួរក្បាល។ អង់ស៊ីមទាំងនេះកាត់បន្ថយការប្រមូលផ្ដុំប្រភេទនៃអុកស៊ីសែនដែលបង្កប្រតិកម្មក្នុងខួរក្បាល។
៤. ធ្វើឱ្យមុខងារនៃក្រពេញទីរ៉ូអ៊ីតកាន់តែមានលក្ខណៈប្រសើរឡើង
ក្រពេញទីរ៉ូតអ៊ីតមានផ្ទុកបរិមាណសេលេញ៉ូមខ្ពស់បំផុតក្នុងមួយក្រាមនៃជាលិកា។ ការសិក្សាស្រាវជ្រាវមួយចំនួនបង្ហាញថាការទទួលទានសេលេញ៉ុមអាចជួយជម្រុញមុខងារទីរ៉ូអ៊ីត ជាពិសេសសម្រាប់បុគ្គលិកដេលមានបញ្ហាក្រពេញទីរ៉ូអ៊ីត។ ការរក្សាឱ្យបាននូវបរិមាណសូដ្យូមគ្រប់គ្រាន់ប្រចាំថ្ងៃអាចសូម្បីតែទប់ស្កាត់ជំងឺក្រពេញទីរ៉ូអ៊ីត។ បន្ថែមពីនេះប្រូតេអ៊ីនផ្សារភ្ជាប់នឹងសេលេញ៉ុមដើរតួនាទីក្នុងការគ្រប់គ្រងសកម្មភាពនៃអ័រម៉ូនទីរ៉ូអ៊ីត។
៥. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
សេលេញ៉ូមអាចជួយពង្រឹងភាពស៊ាំរាងកាយតាមរយៈសមាសធាតុ selenoproteins របស់វា។ សេលេញ៉ុមមិនត្រឹមតែពង្រឹងប្រព័ន្ធភាពស៊ាំតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏គ្រប់គ្រងការឆ្លើយតបលើសកម្រិតនៃប្រព័ន្ធភាពស៊ាំនិងការរលាករ៉ាំរ៉ៃផងដែរ។ ជាតិរ៉ែនេះក៏មានឥទ្ធិពលលើគ្រប់សមាសធាតុទាំងអស់នៃប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។
- អាហារដែលជាប្រភពដ៏ប្រសើរបំផុតនៃសេលេញ៉ូមរួមមាន ៖
– គ្រឿងសមុទ្រ ជាពិសេសបង្គា
– សាច់គ្រឿងក្នុង
– សាច់គោ
– សាច់មាន់
– ស៊ុត
– ត្រី
– សាច់ជ្រូក
– ទឹកដោះគោ
– ផ្កាខាត់ខៀវ និងបន្លែផ្សេងៗជាដើម។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕