ពិតណាស់ ទឹក ជាភេសជ្ជៈដ៏ប្រសើរបំផុតសម្រាប់សុខភាព។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានទឹកក៏មានឥទ្ធិពលជួយឲ្យស្រកទម្ងន់, ទប់ស្កាត់ជំងឺផ្សេងៗ និងរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ ជាដើម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា ក្រៅពីទឹក ក៏នៅមានភេសជ្ជៈមួយចំនួនទៀតដែលល្អសម្រាប់សុខភាពរាងកាយដូចគ្នា។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីភេសជ្ជៈ ៣ ប្រភេទដែលមានផ្ទុកសម្បូរទៅដោយសារធាតុ phytonutrients , សារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុចិញ្ចឹមផ្សេងៗដែលរាងកាយត្រូវការចាំបាច់ ៖
១. ទឹកដូង
ទឹកដូង ជាភេសជ្ជៈដ៏ពេញនិយមរាប់ឆ្នាំមកហើយ។ ភេសជ្ជៈនេះមានផ្ទុកនូវជាតិអេឡិចត្រូលីត្រដែលចាំបាច់ជួយក្នុងការរក្សាជាតិទឹកក្នុងរាងកាយ ក៏ដូចជាបំពេញជាតិទឹកដែលបាត់បង់កំឡុងពេលក្រោយធ្វើលំហាត់ប្រាណបានប្រសើរជាងទឹកធម្មតា។ លើសពីនេះទៅទៀត ទឹកដូង មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម, សូដ្យូម, ម៉ាញ៉េស្យូម ដែលជាអេឡិចត្រូលីត្រធម្មជាតិនៃរាងកាយ។ ការទទួលទានទឹកដូងអាចជួយសម្រួលដល់សាច់ដុំ និងបំពេញជាតិទឹកដូចនឹងភេសជ្ជៈកីឡាដែរ ប៉ុន្តែល្អប្រសើរចំពោះសុខភាពជាង ក៏ព្រោះទឹកដូងគ្មានផ្ទុកជាតិស្ករកែច្នៃ។
២. ទឹកដោះគោស្រស់
ការទទួលទាន ទឹកដោះគោស្រស់ មិនត្រឹមតែល្អសម្រាប់សុខភាពឆ្អឹងតែប៉ុណ្ណោះទេ ប៉ុន្តែប្រសើរចំពោះរាងកាយទាំងមូល ដោយទឹកដោះគោថែមទាំងមានប្រសិទ្ធិភាពទប់ស្កាត់ជំងឺមហារីក និងជួយឲ្យស្រកទម្ងន់។ យោងតាមការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Kansas សហរដ្ឋអាមេរិកបានបង្ហាញថា ការទទួលទានទឹកដោះគោបង្កើនកម្រិតសារធាតុ glutathione នៅក្នុងខួរក្បាល។ glutathione ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតមួយជួយទប់ស្កាត់ការបំផ្លាញកោសិកាដែលបណ្តាលមកពីម៉ូលេគុលគ្រោះថ្នាក់ត្រូវបានគេស្គាល់ជាទូទៅថាជា រ៉ាឌីកាលសេរី។ រ៉ាឌីកាល់សេរី តែងផ្សារភ្ជាប់ទៅនឹងលក្ខខណ្ឌមួយចំនួននៃបញ្ហាសុខភាពគួរឲ្យព្រួយបារម្ភ រួមទាំងជំងឺមហារីក ជំងឺផាកឃីនសុន និងជំងឺវង្វេងវង្វាន់។ ការទទួលទានទឹកដោះគោដែលត្រូវបានណែនាំជាប្រចាំសម្រាប់មនុស្សពេញវ័យ គឺ ៣ កែវក្នុងមួយថ្ងៃ។
៣. តែបៃតង
តែបៃតង ក៏ត្រូវបានគេចាត់ទុកថាជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់សុខភាពផងដែរ។ នោះក៏ព្រោះតែវាជាប្រភពដ៏សម្បូរបែបនៃសារធាតុផ្សេង រួមទាំងសារធាតុ catechin ដែលមានឥទ្ធិពលជួយនេះដោះស្រាយបញ្ហាសុខភាពបានជាច្រើនមិនថា បញ្ហាសម្ពាធឈាមឡើងខ្ពស់, កូឡេស្តេរ៉ុល, កម្រិតនៃជាតិស្ករក្នុងឈាម និងការបំផ្លាញកោសិកាមហារីក។ វាក៏អាចជួយទប់ស្កាត់ការបង្កើតបន្ទះសរសៃប្រសាទដែលភ្ជាប់ទៅនឹងជំងឺអាល់ហ្សៃមឺរ ឬជំងឺវង្វេងវង្វាន់ ដោយបង្កើនរំញោចសកម្មភាពតំបន់ចងចាំនៃខួរក្បាល៕