កាកាវជាញឹកញយត្រូវបានគេយកទៅធ្វើជាសូកូឡា និងភេសជ្ជៈកាកាវក្ដៅៗដែលអាចផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាព។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរឧស្សាហ៍ញ៊ាំកាកាវ ៖
១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
កាកាវ គឺល្អណាស់សម្រាប់ធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយមានលក្ខណៈប្រសើរឡើងជាងមុនតាមរយៈបរិមាណនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលវាមានផ្ទុក។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយជម្រុញលំហូរឈាម, ធ្វើឱ្យពោះវៀនមានសុខភាពល្អ និងស្ងប់អារម្មណ៍។ ជាលទ្ធផលអ្នកក៏មិនសូវស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ដូចមុនដែរ។ កាកាវក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ flavonols ដែលចាំបាច់សម្រាប់រក្សាមុខងារល្អប្រសើរនៃប្រព័ន្ធភាពស៊ាំរាងកាយ។ វាជួយបញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់, ទប់ស្កាត់ឈាមកក និងកាត់បន្ថយការរលាក។
២. បំបាត់អាការៈចុកពោះពេលមករដូវ
នៅពេលនិយាយដល់ការបំបាត់ភាពឈឺចាប់ដោយសារមករដូវ នោះការទទួលទានសូកូឡាមួយចំនួន គឺជាដំណោះស្រាយដ៏ប្រសើរបំផុត។ សូកូឡាខ្មៅផ្សំឡើងពីកាកាវមានផ្ទុកសារធាតុចិញ្ចឹមម្យ៉ាងហៅថាម៉ាញ៉េស្យូមដែលរាងកាយត្រូវការដើម្បីរក្សាបាននូវសុខភាពល្អ។ ប្រសិនបើអ្នកកំពុងជួបប្រទះអាការៈឈឺចាប់ក្នុងផ្នែកណាមួយនៃរាងកាយដូចជាចង្កេះ, ភ្លៅ និងក្បាលពោះ, ម៉ាញ៉េស្យូមក្នុងសូកូឡា គឺដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័សដោយរម្ងាប់សាច់ដុំស្បូន។
៣. កាត់បន្ថយហានិភ័យនៃជំងឺធាត់ជ្រុល
ប្រសិនបើអ្នកទទួលទានក្នុងកម្រិតមធ្យមសូកូឡាខ្មៅអាចជួយគ្រប់គ្រងទម្ងន់រាងកាយបានយ៉ាងប្រសើរ។ កាកាវមានផ្ទុកជាតិខ្លាញ់និងជាតិស្ករទាបដែលល្អណាស់សម្រាប់ផ្ដល់ថាមពល ហើយធ្វើឱ្យមានអារម្មណ៍ឆ្អែត។ ដូច្នេះប្រសិនបើអ្នកចង់រក្សាបាននូវទម្ងន់រាងកាយសុខភាពល្អដោយមិនចង់មានអារម្មណ៍ឃ្លានសឹងគ្រប់ពេល, នោះការទទួលទានកាកាវ គឺជាដំណោះស្រាយដ៏ប្រសើរបំផុត។
៤. ល្អសម្រាប់អ្នកជំងឺហឺតនិងអាឡែកស៊ី
កាកាវជាប្រភពនៃសមាសធាតុពិសេស ២ប្រភេទ គឺ theobromine និង theophylline ដែលសុទ្ធតែមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងជំងឺហឺត។ សារធាតុ theobromine ជួយសម្រួលផ្លូវដង្ហើមក្នុងសួត និងការពារប្រឆាំងជំងឺមហារីកសួរទៀតផងដោយវាកាត់បន្ថយអាឡែកស៊ី, ខណៈដែលសារធាតុ theophylline ដែលផ្ដល់ភាពធូរស្បើយដល់ផ្លូវដង្ហើមនិងមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។
៥. ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពធ្មេញ
កាកាវ គឺល្អណាស់សម្រាប់ការពារអញ្ចាញ និងធ្មេញពីជំងឺពុកធ្មេញ ឬដង្កូវស៊ី។ វាមានផ្ទុកសារធាតុ polyphenols ជួយប្រយុទ្ធប្រឆាំងជាតិអាស៊ីតដែលបំផ្លាញកាចាធ្មេញ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕