ទឹកដក់នៅក្នុងស្រោមបេះដូងគឺជាភាពមិនធម្មតាមួយដែលមានវត្តមានជាតិទឹកច្រើននៅក្នុងស្រោមបេះដូង ។ វាច្រើនមានការពាក់ព័ន្ធនឹងបញ្ហាសុខភាពជាច្រើនប្រភេទ ។ ភាគច្រើនជំងឺទឹកដក់ក្នុងស្រោមបេះដូងមិនបណ្តាលអោយមានគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែករណីមានវត្តមានទឹកដែលដក់នោះមានចំនួនច្រើនគឺអាចបណ្តាលអោយមានបញ្ហាដល់បេះដូងដោយសាររាំងស្ទះដល់មុខងារ របស់វា ។
ស្រោមបេះដូងប្រៀបដូចជាថង់មួយសម្រាប់ស្រោបជុំវិញបេះដូងអញ្ចឹងដែរ ។ នៅពេលបេះដូងលោត វាអាចរុញកកិតនឹងស្រោមនោះបានយ៉ាងងាយស្រួល ។ ជាធម្មតា ទឹកនៅក្នុងស្រោមបេះដូងមានតែ ២ ទៅ ៣ស្លាបព្រាកាហ្វេ និងពណ៌លឿងថ្លា សម្រាប់បម្រើជាការរំអិលដល់ការធ្វើចលនារបស់បេះដូងនៅក្នុងស្រោម ។
អ្វីដែលពិសេសនោះគឺ ជម្ងឺទឹកដក់នៅក្នុងស្រោមបេះដូងកើតឡើងលុះត្រាតែមានវត្តមានទឹកនៅក្នុងស្រោមបេះដូងច្រើន ។ ចំពោះការដក់ទឹកនៅក្នុងស្រោមបេះដូងតិចតួច ទឹកនោះមានប្រហែលជា ១០០មីលីលីត្រ ហើយការដក់ទឹកក្នុងស្រោមបេះដូងខ្លាំងវិញ មានរហូតដល់ច្រើនជាង ២លីត្រ ។
មូលហេតុ
ភាគច្រើនទឹកដក់នៅក្នុងស្រោមបេះដូងគឺបណ្តាលមកពីការរលាកនៅលើស្រោមបេះដូង (Pericarditis) ។ នៅពេលដែលស្រោមបេះដូងរលាក វានឹងមានការបង្កើតទឹកបន្ថែមនៅក្នុងស្រោមនោះ និងធ្វើអោយដក់ទឹកច្រើន ។
ចំពោះជំងឺឆ្លងដោយសារវីរ៉ុសវិញក៏ជាមូលហេតុមួយដ៏សំខាន់ធ្វើអោយរលាកស្រោមបេះដូង និងទឹកដក់ក្នុងស្រោមបេះដូងដែរ ។ មេរោគដែលធ្វើអោយមានទឹកដក់នៅស្រោមបេះដូងរួមមាន Cytomegalovirus, Coxsackieviruses, Echoviruses, និងជំងឺអេដស៍ ។
កត្តាផ្សេងៗទៀតដែលអាចបង្កអោយមានទឹកដក់នៅក្នុងស្រោមបេះដូងដែរមានដូចជា៖
• ជំងឺមហារីក
• គ្រោះថ្នាក់ទៅលើស្រោមបេះដូង ឬបេះដូងដោយសារការប្រើឧបករណ៍ពិនិត្យលើបេះដូង
• រលួយសាច់ដុំបេះដូង (Myocardial Infarction)
• មានជាតិអុយរ៉េច្រើនក្នុងឈាម (ខ្សោយតម្រងនោមធ្ងន់ធ្ងរ)
• ជំងឺប្រព័ន្ធភាពស៊ាំមិនប្រក្រតី (Lupus, Rheumatoid Arthritis)
• ជំងឺឆ្លងដោយសារបាក់តេរីដូចជាជំងឺរបេង
មានមនុស្សមួយចំនួនធំដែលមានបញ្ហាទឹកដក់នៅស្រោមបេះដូងមិនទាន់អាចរកឃើញមូលហេតុនៅឡើយទេ ហើយការមិនទាន់រកឃើញដូច្នេះគេហៅថា Idiopathic Pericardial Effusions ។
រោគសញ្ញា
នៅពេលដែលទឹកដក់នៅស្រោមបេះដូងបង្កឡើងដោយការរលាកស្រោមបេះដូង រោគសញ្ញាសំខាន់គឺឈឺដើមទ្រូង ។ ការឈឺទ្រូងប្រហែលជាកាន់តែធ្ងន់ទៅៗនៅពេលដកដង្ហើមជ្រៅ និងអោនទៅមុខ ។ នៅពេលការរលាកស្រោមបេះដូងធ្វើអោយមានទឹកដក់ក្នុងស្រោមបេះដូង អាចនឹងមានរោគសញ្ញាផ្សេងៗទៀតដូចជា៖
• ក្តៅខ្លួន
• អស់កម្លាំង
• ឈឺសាច់ដុំ
• ពិបាកដកដង្ហើម
• ក្អួតចង្អោរ និងរាគ (ប្រសិនបើមានវត្តមានជំងឺបង្កឡើងដោយវីរ៉ុស)
អ្នកជំងឺដែលមានបញ្ហាទឹកដកក្នុងស្រោមបេះដូងនិងមិនបង្កឡើងដោយការរលាកស្រោមបេះដូង គឺច្រើនតែមិនមានរោគសញ្ញាអ្វីទេ ។
ចំពោះទឹកដក់ក្នុងស្រោមបេះដូងដែលមានចំនួនច្រើន និងថ្លាប្រហែលជាមានរោគសញ្ញាដូចជា៖
• ពិបាកដកដង្ហើម
• ញ័រដើមទ្រូង
• ធីងធោង
• ត្រជាក់ សើមស្បែក
ទឹកដក់ក្នុងស្រោមសួតដែលបង្កអោយមានបញ្ហាដូចខាងលើនេះគឺជាសញ្ញាដែលត្រូវសង្គ្រោះជាបន្ទាន់ ព្រោះវាអាចគ្រោះថ្នាក់ដល់ជីវិតបាន។
រោគវិនិច្ឆ័យ
ដោយសារតែទឹកដក់នៅក្នុងស្រោមបេះដូងច្រើនតែមិនបង្កជារោគសញ្ញា គេអាចរកឃើញវាក្រោយពីធ្វើតេស្តរកភាពមិនធម្មតាហើយ ។ តេស្តជាច្រើនអាចនឹងធ្វើដើម្បីរកទឹកដក់ក្នុងស្រោមបេះដូងមានដូចជា៖
ការពិនិត្យទៅលើរាងកាយ៖ គ្រូពេទ្យប្រហែលជាត្រូវស្តាប់រកមើលសម្លេងបេះដូងដែលមិនធម្មតាម្តងម្កាលដែរដើម្បីរកមើលសញ្ញារលាកស្រោមបេះដូង ។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យមិនអាចរកឃើញទឹកដក់ក្នុងស្រោមបេះដូងតាមរយៈការពិនិត្យប្រភេទតែមួយមុខនោះទេ ។
Electrocardiogram (ECG)៖ អេឡិចត្រូតត្រូវបានដាក់នៅលើទ្រូងដើម្បីបង្កើតបានជាចង្វាក់អគ្គិសនីរបស់បេះដូង ។ រូបភាពនៃលទ្ធផលរបស់ ECG គឺអាចបញ្ជាក់បានថាអ្នកជំងឺមានបញ្ហាទឹកដកក្នុងស្រោមបេះដូង ឬរលាកស្រោមបេះដូង ។
ថតកាំរស្មីអ៊ិច៖ ស្រមោលសៗរបស់បេះដូងនៅលើហ្វីលកាំរស្មីអ៊ិចប្រហែលជារីកធំ ដែលជាសញ្ញាបញ្ជាក់ថាមានទឹកដក់នៅក្នុងស្រោមបេះដូង ។
ប្រសិនបើមានការសង្ស័យថាមានទឹកដក់ក្នុងស្រោមបេះដូង មធ្យោបាយដ៏ល្អបំផុតក្នុងការធ្វើរោគវិនិច្ឆ័យគឺការថតអេកូបេះដូង ។ វត្តមានទឹកដ៏ច្រើននៅក្នុងស្រោមបេះដូងជាធម្មតាតែងតែមើលឃើញយ៉ាងងាយតាមរយៈអេកូបេះដូងនេះ និងបញ្ជាក់អោយកាន់តែច្បាស់អំពីរោគវិនិច្ឆ័យ ។
នៅពេលដែលទឹកដក់នៅស្រោមបេះដូងត្រូវបានរកឃើញ គ្រូពេទ្យត្រូវតែធ្វើការវាយតម្លៃទៅលើទំហំ និងភាពធ្ងន់ធ្ងររបស់វា ។ ករណីភាគច្រើន ទឹកដក់ក្នុងស្រោមបេះដូងគឺមានចំនួនតិចតួច និងមិនបង្កអោយមានបញ្ហាធ្ងន់ធ្ងរអ្វីឡើយ ។ ផ្ទុយទៅវិញ ការដក់ទឹកដ៏ច្រើននៅក្នុងស្រោមបេះដូងអាចសង្កត់ទៅលើបេះដូង និងធ្វើអោយបេះដូងមិនអាចច្របាច់ឈាមបាន ។ បញ្ហានេះហៅថា Cardiac Tamponade ហើយបញ្ហានេះធ្វើអោយគំរាមគំហែងដល់ជីវិត ។
ដើម្បីរកមើលមូលហេតុនៃទឹកដក់ក្នុងស្រោមបេះដូង គ្រូពេទ្យប្រហែលជាណែនាំអោយបូមយកទឹកក្នុងស្រោមបេះដូងនោះ ។ ដំណើរការមួយនេះហៅថា Pericardiocentesis គឺគ្រូពេទ្យត្រូវចាក់ម្ជុលតាមដើមទ្រូង និងទំលុះទៅដល់ថ្នក់នៃស្រោមបេះដូងដើម្បីបូមទឹកក្នុងនោះចេញ ។
ការព្យាបាល
ការព្យាបាលនៃជំងឺទឹកដកក្នុងស្រោមបេះដូងគឺយោងទៅតាមភាពធ្ងន់ធ្ងរ និងមូលហេតុរបស់វា ។ ចំពោះទឹកដក់ក្នុងស្រោមបេះដូងតិចតួចដែលមិនបង្កជារោគសញ្ញា ដោយសារតែតម្រងនោមខ្សោយ មិនចាំបាច់ទាមទារនូវការព្យាបាលណាពិសេសនោះទេ ។
សម្រាប់ទឹកដក់នៅក្នុងស្រោមបេះដូងបង្កឡើងដោយការរលាកស្រោមបេះដូង ការព្យាបាលទៅលើការរលាកនេះក៏ដូចជាការព្យាបាលលើទឹកដក់ក្នុងស្រោមបេះដូងដែរ ។ ការព្យាបាលមាន៖
• ថ្នាំ Nonsteroidal Anti-inflammatory Drugs (NSAIDs) ដូចជា Motrin, Aleve និង Indocin
• ថ្នាំ Corticosteroid ដូចជា Prednisone និង Solu-Medrol
• ថ្នាំ Colchicine
ប្រសិនបើមានជំងឺឆ្លង ឬមានអ្វីមួយទល់បេះដូងធ្ងន់ធ្ង រទឹកក្នុងស្រោមបេះដូងនោះត្រូវតែបូមចេញជាបន្ទាន់ ។ ការបូមទឹកក្នុងស្រោមបេះដូងអាចធ្វើតាមរបៀបពីរយ៉ាង៖
• Pericardiocentesis៖ គ្រូពេទ្យដាក់បញ្ចូលម្ជុលទៅតាមដើមទ្រូងចូលទៅថ្នក់ទឹកក្នុងស្រោមបេះដូង ។ មាន Catheter មួយនៅក្នុងនោះសម្រាប់បូមទឹកនោះចេញមកក្រៅ ។
• Pericardiectomy (Pericardial Window)៖ គ្រូពេទ្យអាចនឹងវះនៅក្នុងដើមទ្រូងអោយ ដល់ ស្រោមបេះដូងតែម្តង ។ ការធ្វើដូច្នេះគឺដើម្បីបង្ហូរទឹកដែលដក់ច្រើននៅក្នុងស្រោមបេះដូងចេញ និងការពារការកើតវិញម្តងទៀត ។ ការធ្វើ Pericardiectomy តម្រូវអោយធ្វើការសន្តំអ្នកជំងឺដោយការសន្លប់ និងប្រឈមនឹងបញ្ហាច្រើនជាង Pericardiocentesis ។
ទឹកដក់នៅក្នុងស្រោមបេះដូងយូររហូតដល់ ៣ខែ ឬច្រើនជាងនេះហៅថាការដក់ទឹកក្នុងស្រោមបេះដូងរ៉ាំរ៉ៃ ។ ជាធម្មតាវាបមិនអាចបង្ហាញពីមូលហេតុរបស់វាបានទេ ។ ទឹកដក់ក្នុងស្រោមបេះដូងរ៉ាំរ៉ៃច្រើនតែធ្វើការតាមដានដោយមិនបានព្យាបាលអ្វីនោះទេ ។ ប្រសិនបើវាចាប់ផ្តើមបង្ករោគសញ្ញា ឬប៉ះពាល់ដល់មុខងាររបស់បេះដូង ការបូមទឹកចេញគឺជារឿងសំខាន់ដែលត្រូវធ្វើ ។
មនុស្សជាច្រើនដែលមានបញ្ហាទឹកដក់នៅក្នុងស្រោមបេះដូងច្រើនបង្កឡើងដោយបញ្ហាសុខភាពដូចជា មានជំងឺអេដស៍ Lupus ឬជំងឺរបេង ។ ករណីទាំងនេះ ការព្យាបាលទៅលើមូលហេតុនឹងអាចជួយដល់ការព្យាបាលទៅលើទឹកដក់ក្នុងស្រោមបេះដូងបាន ។