គេងមិនលក់មែនទេ? កុំទាន់ជ្រើសយកការលេបថ្នាំងងុយគេង! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីវិធីចម្លែកៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយឱ្យឆាប់គេងលក់ ៖
១. ច្របាច់ម្រាមជើង
អ្នកគ្រាន់តែព្យាយាមបន្តឹងនិងបន្ធូរម្រាមជើងឆ្លាស់គ្នាចុះឡើងដោយរាប់ឱ្យបានដល់ ១០ រាល់ពេលម្ដងៗ។ បន្ទាប់មកសឹមព្យាយាមគេងជាការស្រេច។ ភាពតានតឹងក្នុងរាងកាយគួរតែបាត់ទៅអស់ ហើយអ្នកនឹងមានអារម្មណ៍កាន់តែធូរស្រាលជាងមុន។ ការធ្វើបែបនេះចាត់ទុកថាជាតិចនិកមួយដែលប្រើសម្រាប់ប្រឆាំងនឹងជំងឺគេងមិនលក់។
២. រក្សាភាពកក់ក្ដៅនៃប្រអប់ជើងដោយពាក់ស្រោមជើង
នៅមុនពេលចូលគេង អ្នកអាចពាក់ស្រោមជើងមួយគូដើម្បីផ្ដល់ភាពកក់ក្ដៅដល់ប្រអប់ជើង។ កម្ដៅក៏ជួយសម្រួលចរន្តឈាមរត់ពីខាងក្នុងទៅកាន់តែចុងៗនៃរាងកាយ។ ជាលទ្ធផលអារម្មណ៍របស់អ្នកនឹងប្រាប់ថាវាដល់ពេលដែលត្រូវចូលគេងហើយ ខណៈដែលកម្ដៅបានចែកចាយពេញរាងកាយ។ ហើយនេះក៏ជាសញ្ញាដ៏ល្អបំផុតមួយសម្រាប់ខួរក្បាលដែលថាអ្នកត្រៀមខ្លួនរួចរាល់ក្នុងការគេងលក់បានស្កប់។
៣. ព្យាយាមនៅភ្ញាក់មិនព្រមគេង
អ្នកនឹងជួបប្រទះនូវភាពភ្ញាក់ផ្អើលនៅពេលអ្វីដែលអ្នកត្រូវធ្វើដើម្បីអាចឆាប់គេងលក់នោះ គឺការព្យាយាមនៅភ្ញាក់មិនព្រមគេង។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ប្រសិនបើអ្នកប្រាប់ទៅខួរក្បាលថាអ្នកមិនចង់គេង នោះវានឹងបកស្រាយសំណើរបស់អ្នកផ្ទុយទៅវិញ។ វិធីនេះត្រូវបានគេហៅថាជាចិត្តវិទ្យាបញ្ច្រាស។ ដូច្នេះប្រសិនបើចង់គេងលក់ ចូរព្យាយាមរំលឹកទៅខ្លួនឯងដដែលៗថា “មិនចង់គេងទេៗ” មិនយូរប៉ុន្មាននឹងទន់ភ្នែកមិនខាន។
៤. រាប់ដង្ហើម
ចូរព្យាយាមប្រើតិចនិករាប់ដង្ហើម ៤-៧-8 ហើយអ្នកនឹងឆាប់គេងលក់មិនខាន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដកដង្ហើមចូល ៤វិនាទី រួចទប់ដង្ហើម ៧វិនាទី និងបញ្ចេញដង្ហើម ឬដកដង្ហើមចេញមកវិញ ៨វិនាទីជាការស្រេច។ ព្យាយាមធ្វើបែបនេះសារឡើងវិញតែប៉ុន្មានដង អ្នកនឹងគេងលក់។
៥. លាងសម្អាតមុខជាមួយទឹកត្រជាក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងមុខជាមួយទឹកត្រជាក់មុនពេលចូលគេងជាការស្រេច។ វិធីនេះមិនធ្វើឱ្យអ្នកស្វាងងងុយឡើយ ប៉ុន្តែជំនួសមកវិញវានឹងធ្វើឱ្យអ្នកឆាប់គេងលក់ដោយបន្ថយអត្រានៃចង្វាក់បេះដូង និងសម្ពាធឈាម។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕