មូលហេតុទូទៅបំផុតមួយនៃបញ្ហាក្រចកនិងសក់មិនរឹងមាំ គឺបណ្ដាលមកពីកង្វះនៃសារធាតុបាយអូទីន ឬដោយសារការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិចច្រើនពេក។ ទោះជាយ៉ាងណាអ្នកអាចដោះស្រាយបញ្ហានេះដោយគ្រាន់តែរួមបញ្ចូលអាហារមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ។ ចំពោះស្បែកវិញ គឺដើម្បីធានាបានថាស្បែកនឹងស្រស់ស្អាតក្មេងជាងវ័យ នោះរបបអាហារក៏ដើរតួនាទីយ៉ាងចាំបាច់ផងដែរ។ ដើម្បីបង្កើនការផលិតកូឡាជែនក្នុងរាងកាយអ្នកមិនចាំបាច់ត្រូវលេបថ្នាំគ្រាប់កូឡាជែនដែលមានតម្លៃថ្លៃៗឡើយ! នោះក៏ព្រោះតែអាហារមួយចំនួនមានប្រសិទ្ធខ្ពស់ក្នុងការបង្កើនបរិមាណកូឡាជែនក្នុងរាងកាយតាមបែបធម្មជាតិដែលជួយអោយស្បែកក្មេងជាងវ័យ។ ថាតើអាហារអ្វីខ្លះជាប្រភពនៃសារធាតុបាយអូទីនដែលល្អសម្រាប់សុខភាពស្បែក, សក់ និងក្រចក? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
១. សម្រាប់ជួយឱ្យសក់ស្រស់ស្អាតរឹងមាំ
- ត្រីសាលម៉ុន
មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយឱ្យសក់ស្រស់ស្អាតភ្លឺរលាស់គ្រប់ពេលតែម្ដង។
- ផ្លែបឺរ
ជាប្រភពដ៏ប្រសើរនៃបាយអូទីន ជាតិរ៉ែ វីតាមីន ពិសេសវីតាមីន E ជាតិសសៃ និងប្រូតេអ៊ីនដែលជួយឱ្យឬសនៃសក់ធ្វើការកាន់តែមានប្រសិទ្ធិភាព ហើយបង្កើនចរន្តឈាមជម្រុញការលូតលាស់សក់។ វាក៏ជួយរក្សាកម្រិតតុល្យភាព PH និងជាតិប្រេងទប់ស្កាត់ភាពរាំងស្ទះដល់ការលូតលាស់នៃសក់ផងដែរ។
- ដំឡូងផ្អែម
ជួយបន្ថែមភាពភ្លឹរលោងដល់សក់ស្បែកស្រអាប់និងស្ងួត។ ដូច្នេះការទទួលទានដំឡូងផ្អែមជាអាហារសម្រន់ គឺល្អណាស់សម្រាប់បង្កើនសម្រស់នៃសក់។ អាហារនេះមានផ្ទុកសារធាតុ beta-carotene ដែលត្រូវបំលែងជាវីតាមីន A ក្នុងរាងកាយដែលទប់ស្កាត់ភាពស្ងួតនិងការពារសក់ពីសារធាតុគីមីខ្លាំងៗ។
២. សម្រាប់ក្រចករឹងមាំលូតលាស់បានល្អ
- សាច់ក្រហម
ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនដែលចាំបាច់ណាស់សម្រាប់គាំទ្រដល់ការលូតលាស់នៃក្រចក។ សាច់ក្រហមក៏មានផ្ទុកជាតិដែកដែលជួយពង្រឹងភាពរឹងមាំនៃក្រចកគួរឱ្យកត់សម្គាល់ផងដែរ។ ទោះបីជាត្រូវបានចាត់ទុកជាអាហារដ៏ល្អសម្រាប់ភាពរឹងមាំនៃក្រចក ប៉ុន្តែអ្នកជំនាញជាច្រើនមិនណែនាំឱ្យអ្នកទទួលទានសាច់ក្រហមច្រើន និងលើសពី ១ដងក្នុងមួយសប្តាហ៍ឡើយដោយវាមានផ្ទុកជាតិខ្លាញ់ឆ្អែតខ្ពស់។
- គ្រាប់អាល់ម៉ុន
ប្រសិនបើអ្នកចង់បានក្រចកដែលមើលទៅស្រស់ស្អាតនិងរឹងមាំ, ចូរព្យាយាមទទួលទានគ្រាប់អាល់ម៉ុនជាអាហារសម្រន់។ ក្រៅពីមានផ្ទុកប្រូតេអ៊ីនខ្ពស់ហើយនោះ គ្រាប់ធញ្ញជាតិនេះក៏ជាប្រភពដ៏ប្រសើរនៃម៉ាញ៉េស្យូមមានប្រសិទ្ធិភាពទប់ស្កាត់ស្ត្រេសដែលជាស្ថានភាពមួយធ្វើឱ្យក្រចកប្រែជាផុយឆាប់បាក់ និងគ្មានសុខភាពល្អ។
- អយស្ទ័រ
ក្រៅពីមានរសជាតិឆ្ងាញ់ហើយនោះ អាហារសមុទ្រនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់ធ្វើឱ្យសក់និងក្រចករឹងមាំ។ ជាតិស័ង្កសីខ្ពស់ក្នុងអយស្ទ័រជម្រុញការលូតលាស់ប្រូតេអ៊ីនក្នុងផ្នែកនៃរាងកាយដែលមានបញ្ហាដូចជាសក់និងក្រចក។
៣. សម្រាប់ស្បែក
- ប្រេងអូលីវ
មានផ្ទុកសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា polyphenols ដែលផ្ដល់សារធាតុចិញ្ចឹមចាំបាច់ដល់ស្បែកដើម្បីរក្សាបាននូវភាពស្រស់ស្អាតនិងមានសុខភាពល្អ។
- តែបៃតង
មានប្រសិទ្ធិភាពធ្វើឱ្យភាពបន់បែននៃស្បែកកាន់តែមានលក្ខណៈប្រសើរឡើងនិងរលោងជាងមុន។ វាក៏ការពារស្បែកពីកាំរស្មីយូវីគ្រោះថ្នាក់ផងដែរ។ បន្ថែមពីនេះតែបៃតងក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ polyphenols ដែលកាត់បន្ថយការរលាក ទប់ស្កាត់មុន និងពន្យឺតដំណើរការនៃភាពចាស់តាមវ័យបានយ៉ាងប្រសើរ។
- ស៊ុត
ការទទួលទានស៊ុតរៀងរាល់ព្រឹក គឺពិតជាល្អណាស់សម្រាប់សុខភាពស្បែកតាមរយៈបរិមាណនៃជាតិប្រូតេអ៊ីនដែលវាមានផ្ទុក។ ប្រូតេអ៊ីនជួយជួសជុលកោសិកាក្នុងរាងកាយ។ បន្ថែមពីនេះសារធាតុប្រូបាយអូទីនក្នុងស៊ុតក៏អាចជួយការពារអ្នកពីបញ្ហាស្បែកស្ងួត។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕