ដើមទទឹម គឺជាដើមឈើម្យ៉ាងដែលតូច និង មានកំពស់រហូតដល់ ៥ម៉ែត្រ។ សំបកនៃដើមឈើប្រភទនេះ មានពណ៌ត្នោតស្រាល ជាមួយនឹងពន្លកផ្កាពណ៌ក្រហម។ វាមានស្លឹកតូចៗ មានសភាពរលោង និង មានពណ៌ បៃតងជានិច្ច។ ផ្ការបស់ផ្លែទទឹមនេះ មានទំហំធំ និង មានភាពទាក់ទាញជាមួយនឹង ពណ៌ក្រហមទឹកក្រូច។ វាជាផ្លែឈើម្យ៉ាង ដែលមានផ្ទុកគ្រាប់មានទឹកដម ជាច្រើននៅក្នុងខាងក្នុង។
![](https://www.health.com.kh/wp-content/uploads/2021/12/melograno.jpg)
គុណសម្បត្តិនៃផ្លែទទឺមចំពោះសុខភាព
ធ្វើអោយបញ្ហារបស់ ប្រព័ន្ធរំលាយអាហារមានភាពធូរស្រាល
សំបកឈើ, សំបកផ្លែ និង ស្លឹករបស់វា ត្រូវបានគេប្រើសម្រាប់ ធ្វើអោយការឈឺក្រពះ, ជំងឺរាគ និង បញ្ហាប្រព័ន្ធ រំលាយអាហារដទៃទៀត មានភាពធូរស្រាលបាន។ ការផឹកទឹកតែ ដែលឆុងពីសំបកឈើ និង ស្លឹករបស់ ផ្លែទទឹម អាចធ្វើអោយរោគសញ្ញា របស់ប្រព័ន្ធរំលាយអាហាររបស់អ្នក ជាបាត់ទៅវិញ។ ជាការពិត មានមនុស្សមួយចំនួន បាននិយាយថា ផ្លែទទឹម អាចត្រូវបានគេប្រើ សម្រាប់ព្យាបាលជំងឺរាគមួល និង ជំងឺអាសន្នរោគបានផងដែរ។ តែ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានជំងឺរាគរ៉ាំរ៉ៃ ឬ ក៏បញ្ហាប្រព័ន្ធរំលាយអាហារដទៃទៀត ក្នុង សភាព ធ្ងន់ធ្ងរណាមួយនោះ អ្នកគួរតែស្វែងរក ជំនួយផ្នែកវេជ្ជសាស្ត្រអោយបានភ្លាមៗ មុនពេល អ្នកធ្វើការទទួលទានវា ឬ ទទួលយកជម្រើសនៃការព្យាបាលផ្សេងទៀត ។
ការពារជំងឺដាច់សសៃឈាមក្នុងខួរក្បាល និង ជំងឺបេះដូងផ្សេងៗទៀត
ជំងឺដាច់សសៃឈាម ក្នុងខួរក្បាលត្រូវបានគេជឿថា វាបណ្តាលមកពីការឡើងក្រាស់នៃសសៃអាទែ ដែលវាអាច កើតឡើងដោយសារតែការកើនឡើងនូវជាតិ កូឡេស្តេរ៉ូល។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការផឹកទឹក ផ្លែទទឹម និង បរិភោគផ្លែឈើនេះ គឺមានអត្ថប្រយោជន៍ ក្នុងការបន្ថយនូវកម្រិតនៃកូឡេស្តេរ៉ូល អាក្រក់ដែលមាន នៅក្នុងខ្លួនប្រាណអ្នក។ លើសពីនេះទៅទៀត វាក៏ជាអ្នកជួយធ្វើអោយឈាមមានសភាពស្តើងបានផងដែរ ដូច្នេះ វាអាចការពារអ្នកបាន ពីការកើតមាននូវកំណកឈាម។
កាត់បន្ថយនូវការប្រឈមនឹង ជំងឺមហារីកជាក់លាក់មួយចំនួន
អ្នកទាំងឡាយណាដែល មានការប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ នូវការវិវត្តន៍នៃជំងឺ មហារីកក្រពេញប្រូស្តាត និង មហារីកសុដន់ គួរចាប់ផ្តើមធ្វើការផឹកទឹកផ្លែទទឹមនេះ។ ទោះបីជាលទ្ធផលនៃអត្ថប្រយោជន៍របស់ផ្លែឈើនេះ ក្នុងការកាត់បន្ថយប្រឈមនឹង គ្រោះថ្នាក់នៃការកើតមានជំងឺមហារីក ចំពោះមនុស្សនៅកំពុងធ្វើការសិក្សាបន្ថែម នៅឡើយ ក៏វាមានចំនួននៃការសិក្សាស្រាវជ្រាវមួយចំនួន ដែលបានធ្វើការពិសោធន៍ទៅលើសត្វកណ្តុរបាន បង្ហាញ នូវផលជាវិជ្ជមាន ដែលក្នុងនោះ មានមួយករណីបានបង្ហាញថា ការដុះដុំសាច់ចំពោះកណ្តុរនៅក្នុងមន្ទីរ ពិសោធន៍ ត្រូវបានពន្យាពេលដ៏គួរអោយកត់សំគាល់ នៅពេលដែលពួកវាបាន ទទួលថ្នាំចាក់ដែលផ្សំចេញពីផ្លែ ទទឹមនេះ ។
ជួយការពារ ជំងឺឈឺគន្លាក់ឆ្អឹង និង ជំងឺដែលទាក់ទងនឹងឆ្អឹងដទៃទៀត
យោងតាមការសិក្សាស្រាវជ្រាវ មួយដែលបានធ្វើឡើង ដោយសកវិទ្យាល័យ Case Western Reserve បានបង្ហាញ ថាផ្លែទទឹម ពិតជាមានអត្ថប្រយោជន៍ជាពិសេស ក្នុងការព្យាបាលជំងឺរលាកសន្លាក់។ អ្នកជំងឺប្រភេទនេះបានដឹង ច្បាស់ហើយថា ការឈឺចាប់របស់ពួកគេ គឺមានទំនាក់ទំនងទៅនឹង ជំងឺដែលបណ្តាលមកពី ការចុះអន់ខ្សោយនៃ ឆ្អឹងខ្ចី។ សារធាតុដែលបាន ចំរាញ់ចេញពីផ្លែទទឹម គឹមានផ្ទុកសារធាតុប្រឆាំងប្រិតិកម្មអុកស៊ីត ដែលវាមិនត្រឹមតែ ធ្វើអោយការរលាកសន្លាក់ មានភាពធូរស្រាលនោះទេ ប៉ុន្តែអ្វីដែលពិសេសជាងនេះ នោះគឺថា វាក៏អាចជួយការពារ អ្នកពី ការចុះអន់ខ្សោយរបស់ឆ្អឹងខ្ចី។ ហើយផ្លែទទឹម ក៏បានជួយផងដែរ ក្នុងការ ការពារនូវការកកើតអង់ស៊ីម ដែលបាន ជម្រុញអោយមានការបំផ្លាញដល់ ជាលិកាសន្ធាន។
អត្ថប្រយោជន៍ផ្សេងទៀត នៃទឹកផ្លែទទឹម រួមមាននូវការ កាត់បន្ថយនូវសារជាតិ Low Density Lipoprotein ( LDL) ។ ទឹកផ្លែទទឹម ក៏មានគុណសម្បត្តិផងដែរ ក្នុងការជួយលៃតម្រូវនូវ ចលនារបស់ប្លាកែត។ ការកន្ត្រាក់ជាធម្មតា របស់សសៃឈាម ក៏បានរក្សាផងដែរជាមួយនឹងទឹកផ្លែទទឹមនេះ។ អត្ថប្រយោជន៍មួយផ្សេង ទៀតនៃផ្លែទទឹម វាក៏អាចជួយធ្វើអោយ មុខងាររបស់កោសិកា មានភាពប្រក្រតី និង ជម្រុញអោយមានការ បំបែក ខ្លួនបានត្រឹមត្រូវ។ ហើយវាក៏អាចធ្វើ អោយសុខភាពមាត់ធ្មេញរបស់អ្នក បានល្អប្រសើរផងដែរ ដោយវាបាន ការពារនូវការ កកើតឡើងនូវជាតិកំបោរនៅលើធ្មេញ។