អាការៈហើមពោះជាញឹកញយបណ្ដាលមកពីបញ្ហាពិបាករំលាយអាហារ, ការមករដូវ, ទល់លាមក និងប្រតិកម្មអាហារដែលអាចបាត់ទៅវិញដោយឯកឯង។ ទោះជាយ៉ាងណាប្រសិនបើអាការៈហើមពោះប្រែក្លាយជារ៉ាំរ៉ៃ នោះវាអាចជាអាការៈគួរឱ្យបារម្ភនៃជំងឺធ្ងន់ធ្ងរមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីជំងឺមួយចំនួនដែលបង្កអាការៈហើមពោះរ៉ាំរ៉ៃ ៖
១. ការឆ្លងមេរោគផ្លូវបង្ហូរនោម
បញ្ហាសុខភាពនេះអាចបណ្ដាលឱ្យអ្នកមានអារម្មណ៍ចង់ចូលបន្ទប់ទឹកជាញឹកញាប់។ ជួនកាលវាអាចសូម្បីតែបណ្ដាលឱ្យបុគ្គលដែលរងគ្រោះត្រូវការចូលបន្ទប់ទឹកម្ដងទៀតភ្លាមៗក្រោយទើបនឹងចូលរួចសោះ។ បុគ្គលរងគ្រោះអាចនឹងមានអារម្មណ៍ដូចជាមានសម្ពាធក្នុងពោះ, ឈឺចាប់ ឬហើមពោះ។ អ្នកក៏អាចជួបប្រទះនូវអាការៈមួយចំនួនផ្សេងទៀតរួមមានគ្រុនក្ដៅ, ព្រឺរងារ, ចង្អោរចង់ក្អួត និងក្អួតតែម្ដង។ ការហើមពោះក៏អាចបណ្ដាលមកពីការឆ្លងមេរោគតម្រងនោម ឬក្រលៀនធ្ងន់ធ្ងរ។
២. ជំងឺថ្លើម
ជំងឺថ្លើមដែលអាចបង្កឡើងដោយគ្រឿងស្រវឹង, ជំងឺរលាកថ្លើមប្រភេទ C ឬជំងឺមហារីកថ្លើមសុទ្ធតែអាចនាំឱ្យមានការស្តុកទុកនូវសារធាតុរាវនិងហើម។ ប្រសិនបើអាការៈហើមពោះ គឺបណ្ដាលមកពីបញ្ហាណាមួយក្នុងថ្លើម នោះអ្នកអាចនឹងមានអារម្មណ៍ហត់អស់កម្លាំង, ងាយឡើងស្នាមជាំ ឬវិវត្តន៍ជាខាន់លឿង។ ក្នុងករណីនេះអ្នកចាំបាច់គួរទៅជួបទទួលការធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវពីសំណាក់គ្រូពេទ្យជំនាញ។
៣. ជំងឺរលាកពោះវៀន
ជាស្ថានភាពមួយដែលមានឥទ្ធិពលលើពោះវៀនធំនិងពោះវៀនតូច។ ជាលទ្ធផលបង្កអាការៈរាគរូស, ឈឺចាប់ក្នុងពោះ និងសូម្បីតែហើមពោះ។ ការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យដឹងថា បុគ្គលដែលមានជំងឺរលាកពោះវៀនប្រភេទ Crohn’s គឺងាយនឹងចាញ់ឡាក់តូសដែលបង្កឱ្យមានការប្រមូលផ្ដុំនូវជាតិហ្គាស។ ជាលទ្ធផលអាចបណ្ដាលឱ្យហើមពោះ។
៤. ជំងឺមហារីក
មានសរីរាង្គច្រើនដែរដែលមានទីតាំងត្រង់ផ្នែកខាងក្នុងនៃពោះដូចជាលំពែង, ក្រពះ, ពោះវៀន, ស្បូន និងអូវ៉ែ។ ប្រសិនបើជំងឺមហារីកវិវត្តន៍ក្នុងផ្នែកណាមួយនៃសរីរាង្គទាំងនេះ វាអាចបង្កជាអាការៈហើមពោះដោយគ្មានមូលហេតុពន្យល់បាន។ ដូច្នេះប្រសិនបើអ្នកសម្គាល់ឃើញនូវការហើមពោះជាប្រចាំ ឬរ៉ាំរ៉ៃគួបផ្សំជាមួយការកើនឡើងនូវទំហំនៃពោះភ្លាមៗទៀត នោះវាអាចជាអាការៈមួយនៃជំងឺមហារីកហើយ។
៥. ជំងឺផ្លូវចិត្ត
នៅពេលបុគ្គលមួយរូបស្ថិតក្រោមភាពស្ត្រេសរ៉ាំរ៉ៃ, នោះអ័រម៉ូនស្ត្រេស cortisol អាចកើនឡើងខ្ពស់។ ក្នុងស្ថានភាពប្រភេទនេះ អ័រម៉ូនរំលាយអាហារ គឺមិនត្រូវបានផលិតច្រើននោះទេដែលជាលទ្ធផលបង្កបញ្ហាពិបាករំលាយអាហារ និងហើមពោះ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕